បណ្ដាប្រទេសផ្ញើសារទូរលេខចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម
កប.អនឡាញ - នៅពេលទទួលដំណឹងពីមរណភាពរបស់ លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ថ្នាក់ដឹកនាំ នៃបណ្ដាប្រទេស បានផ្ញើសារទូរលេខ/លិខិត រំលែកទុក្ខជូនចំពោះគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាល គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងប្រជាជនវៀតណាម។
|
|
លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម (រូបថត៖ VNA) |
គណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ រដ្ឋសភានៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រធានរដ្ឋ រដ្ឋាភិបាល គណៈកម្មាធិការមជ្ឈិមរណសិរ្សឡាវកសាងប្រទេសជាតិ ប្រជាជនបណ្ដាជនជាតិឡាវ បានសម្តែងនូវភាពសោកសៅជាទីបំផុត នៅពេលទទួលបានដំណឹងថា លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម បានទទួលមរណភាព។
លោកអគ្គលេខាបក្ស Nguyen Phu Trong ទទួលមរណភាព បក្ស រដ្ឋ និង ប្រជាជនបណ្ដាជនជាតិឡាវក៏បាត់បង់សមមិត្តដ៏ជិតស្និតជាទីរាប់អានមួយរូបផងដែរ។ លោកអគ្គលេខាបក្ស Nguyen Phu Trong គឺជាអ្នកដឹកនាំបដិវត្តន៍ក្នុងយុគសម័យថ្មី ជាអ្នកទទួលមរតករបស់លោកប្រធានហូជីមិញ ដែលបានរួមចំណែកយ៉ាងធំធេង មានតម្លៃ និងសំខាន់ក្នុងការពង្រឹង ពូនជ្រុំទំនាក់ទំនងមិត្តភាពដ៏មហិមារ សាមគ្គី ភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរឡាវ-វៀតណាម វៀតណាម-ឡាវ នាពេលកន្លងមក។
គណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ រដ្ឋសភានៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រធានរដ្ឋ រដ្ឋាភិបាល គណៈកម្មាធិការមជ្ឈិម រណសិរ្សឡាវកសាងប្រទេសជាតិ ប្រជាជនបណ្ដាជនជាតិឡាវ ជឿជាក់ថា បក្ស រដ្ឋ និងប្រជាជនវៀតណាមនឹងប្រែក្លាយការការបាត់បង់នេះទៅជាកម្លាំងរួបរួមរបស់ប្រជាជនទាំងមូល ដើម្បីបន្តឆ្ពោះទៅមុខ កសាងប្រទេសវៀតណាមទៅជាប្រទេសឧស្សាហូបនីយកម្ម ទំនើបកម្ម និងសម្រេចបាននូវគោលដៅ ប្រជាជនធូរធារ ប្រទេសរឹងមាំ ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធ៌ម។
សារទូរលេខចូលរួមរំលែកទុក្ខរបស់បក្សកុម្មុយនិស្តចិន និងប្រជាជនចិនបាន សរសេរថា លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម បានទទួលមរណភាព បក្សកុម្មុយនិស្តចិន និងប្រជាជនចិន បានបាត់បង់សមមិត្តល្អ បងប្អូនល្អ និងមិត្តល្អមួយរូប។ លោកអគ្គលេខាបក្ស Nguyen Phu Trong គឺជាជនម៉ាក្សនិយមដ៏ស្មោះត្រង់ ជាមេដឹកនាំដ៏មហិមារ នៃបក្សកុម្មុយនិស្តវៀតណាម និងប្រជាជនវៀតណាម។ លោកមានការរួមវិភាគទានដ៏លេចធ្លោបំផុតក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី និងបុព្វហេតុកសាងសង្គមនិយមរបស់វៀតណាម ក៏ដូចជាចលនាសង្គមនិយមលើពិភពលោកផងដែរ។
លោកអគ្គលេខាបក្ស Nguyen Phu Trong បានទទួលមរតក ហើយលើកកំពស់ទំនាក់ទំនងមិត្តភាពប្រពៃណី “ជាសមមិត្តផង ជាបងប្អូនផង” រវាងបក្ស និងប្រទេសទាំងពីរ ចិន-វៀតណាម។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានរួមជាមួយ លោកអគ្គលេខាបក្ស Xi Jinping លើកកំពស់ទំនាក់ទំនងចិន-វៀតណាមទៅជាសហគមន៍ចែករំលែកអនាគតដោយមានអត្ថន័យជាយុទ្ធសាស្ត្រ ជំរុញទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-វៀតណាម ឆ្ពោះទៅមុខដោយឥតឈប់ឈរ។ ប្រទេសចិនជឿជាក់ថា បក្សកុម្មុយនិស្តវៀតណាម និងប្រជាជនវៀតណាម នឹងប្រែក្លាយការបាត់បង់នេះទៅជាកម្លាំងខ្លាំងក្លា បន្តសម្រេចបាននូវសមិទ្ធិផលថ្មី និងធំធេង ជាងទៀត ក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី និងកសាងសង្គមនិយម។
ពីប្រទេសគុយបា លោកនាយឧត្តមសេនីយ៍ Raúl Castro Ruz និងលោក Miguel Díaz Canel-Bermúdez លេខាទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា ប្រធានរដ្ឋគុយបា បានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជូនចំពោះ ក្រុមគ្រួសារលោកអគ្គលេខាបក្ស Nguyen Phu Trong និងប្រជាជនវៀតណាមបងប្អូន។ ប្រទេសគុយបានឹងចងចាំជានិច្ចលោកអគ្គលេខាបក្ស Nguyen Phu Trong ជាបងប្អូនដ៏មហិមារ ជាអ្នកជម្រុញទំនាក់ទំនងមិត្តភាពពិសេសរវាងបក្សទាំងពីរ រដ្ឋសភាទាំងពីរ រដ្ឋាភិបាលទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។
លិខិតរបស់ លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី សរសេរថា៖ សហព័ន្ធរុស្ស៊ី នឹងចងចាំលោកអគ្គលេខាបក្ស ជាមិត្តពិតប្រាកដមួយរូប ដែលមានការរួមវិភាគទានយ៉ាងធំធេងក្នុងការបង្កើត និងអភិវឌ្ឍន៍ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងទីក្រុងមូស្គូ និងទីក្រុងហាណូយ។
លិខិតចូលរួមរំលែកទុក្ខរបស់ លោក Vyacheslav Volodin ប្រធានរដ្ឋ Duma នៃសហព័ន្ធរុស្ស៊ី បានបញ្ជាក់ថា៖ វាពិតជាពិបាកណាស់ក្នុងការវាយតំលៃដ៏ចំពោះការរួមចំណែកដ៏ធំធេងរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពរវាងសហព័ន្ធរុស្ស៊ី និងវៀតណាម។
បកប្រែដោយ Duy Hoan