វៀតណាមចូលរួមសន្និសីទរដ្ឋមន្ត្រីពាណិជ្ជកម្ម G7 ជាលើកដំបូង
កប.អនឡាញ - ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី១៧ ខែកក្កដា លោក Nguyen Hong Dien រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ប្រធានគណៈប្រតិភូវៀតណាមបានទៅបំពេញទស្សនកិច្ចការងារនៅអ៊ីតាលី ដើម្បីចូលរួមសន្និសីទរដ្ឋមន្ត្រីពាណិជ្ជកម្ម G7 បើកទូលាយ តបតាមការអញ្ជើញរបស់លោក Antonio Tajani ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិអ៊ីតាលី។
នេះជាលើកដំបូងហើយដែលសន្និសីទរដ្ឋមន្ត្រីពាណិជ្ជកម្ម G7 បានអញ្ជើញរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមចូលរួម ប្រការនេះបញ្ជាក់ថាការវាយតម្លៃខ្ពស់របស់អ៊ីតាលី និងបណ្តាប្រទេស G7 ចំពោះតួនាទីរបស់វៀតណាម ក្នុងការជំរុញការអភិវឌ្ឍពាណិជ្ជកម្មពិភពលោក។ ក្នុងសុន្ទរកថាបើកសន្និសីទ នៅពេលឧទ្ទេសនាមអំពីភ្ញៀវដែលចូលរួមសន្និសីទ លោក Antonio Tajani បានឧទ្ទេសនាមវៀតណាមជាគំរូជោគជ័យក្នុងកំណើនសេដ្ឋកិច្ច ដូច្នេះមានបទពិសោធន៍ជាច្រើនដើម្បីចែករំលែកអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់។ លោក Ngozi Okonjo Iweala អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ក៏បានសង្កត់ធ្ងន់ថា វៀតណាម និងសមាជិកមួយចំនួនទៀតដែលកំពុងអភិវឌ្ឍគឺជាសក្ខីភាពនៃភាពជោគជ័យក្នុងដំណើរការធ្វើសមាហរណកម្មអន្តរជាតិ និងជាគំរូជោគជ័យ ក្នុងការអនុវត្តការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់។
លោករដ្ឋមន្ត្រី Nguyen Hong Dien បានថ្លែងសុន្ទរកថាក្នុងសន្និសីទដោយផ្តោតលើអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការជាមួយប្រទេសសមាជិក G7 លើវិស័យជាច្រើនដូចជា៖ ធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់; នវានុវត្តន៍បច្ចេកវិទ្យា បរិវត្តកម្មឌីជីថលខ្សែសង្វាក់ផ្គត់ផ្គង់។ល។ លោករដ្ឋមន្ត្រី Nguyen Hong Dien បានអះអាងថា វៀតណាមសន្យាបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់អង្គភាពអាជីវកម្ម G7 ក្នុងការវិនិយោគ និងធ្វើអាជីវកម្មរយៈពេលវែង ស្ថិរភាព និងប្រសិទ្ធភាពនៅវៀតណាម ព្រោះជោគជ័យរបស់អង្គភាពអាជីវកម្ម ក៏ជាជោគជ័យរបស់វៀតណាម។
នៅខាងក្រៅសន្និសីទ លោករដ្ឋមន្ត្រី Nguyen Hong Dien បានជួបសន្ទនាទ្វេភាគីជាមួយលោក Antonio Tajani ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិអ៊ីតាលី; លោក Ngozi Okonjo Iweala អគ្គនាយក WTO; លោក Todd McClay រដ្ឋមន្ត្រីពាណិជ្ជកម្មនូវែលសេឡង់; លោក Márcio Elias Rosa អនុរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ ឧស្សាហកម្ម ពាណិជ្ជកម្ម និងសេវាកម្មប្រេស៊ីល៕
បកប្រែដោយ Huyen Trang