លោកប្រធានរដ្ឋ To Lam ទទួលជួបឯកអគ្គរដ្ឋទូតចិន និងឯកអគ្គរដ្ឋទូតនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង
កប.អនឡាញ - នារសៀលថ្ងៃទី ១៧ កក្កដា នៅវិមានប្រធានរដ្ឋ លោក To Lam ប្រធានរដ្ឋវៀតណាមបានទទួលជួបលោក Xiong Bo ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំវៀតណាម មកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅវៀតណាម។
នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋ To Lam បានទទួលស្គាល់ និងវាយតំលៃខ្ពស់ចំពោះការរួមចំណែកសំខាន់ៗរបស់លោកឯកអគ្គរដ្ឋទូត Xiong Bo ចំពោះទំនាក់ទំនងវៀតណាម-ចិន ជាពិសេសគឺការពង្រីកប្រសិទ្ធភាពនៃតួនាទីជាស្ពានតភ្ជាប់កិច្ចសហប្រតិបត្តិការ រួមចំណែកជំរុញទំនាក់ទំនងទ្វេភាគី មានការអភិវឌ្ឍគួរឱ្យកត់សម្គាល់ និងកាន់តែស៊ីជម្រៅ គ្រប់ជ្រុងជ្រោយនិងជាក់ស្ដែង។
ក្នុងឱកាសនេះ លោកប្រធានរដ្ឋ To Lam និងលោកឯកអគ្គរដ្ឋទូត Xiong Bo បានពិភាក្សាអំពីទំនាក់ទំនងរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរ។ លោកប្រធានរដ្ឋ To Lam បានស្នើឲ្យភាគីទាំងពីរបន្តជំរុញ និងលើកកំពស់គុណភាព ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងបណ្ដាមូលដ្ឋាន និងពង្រឹងថែមទៀតនូវការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។
    |
 |
លោកប្រធានរដ្ឋ To Lam ទទួលជួបលោក Xiong Bo ឯកអគ្គរដ្ឋទូតចិនប្រចាំវៀតណាម (រូបថត៖ vnanet.vn) |
រីឯលោកឯកអគ្គរដ្ឋទូត Xiong Bo បានអះអាងថា បក្ស រដ្ឋាភិបាល និងប្រជាជនចិន គាំទ្រវៀតណាមយ៉ាងខ្ជាប់ខ្ជួនក្នុងការរក្សាស្ថិរភាព និងការអភិវឌ្ឍប្រកបដោយវិបុលភាព។ លោកជឿជាក់ថា វៀតណាមនឹងសម្រេចប្រកបដោយជោគជ័យនូវចក្ខុវិស័យ និងគោលដៅអភិវឌ្ឍន៍ប្រទេសជាតិរហូតដល់ពាក់កណ្តាលសតវត្សន៍នេះ ដូចដែលបានកំណត់ដោយមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម។
ស្តីពីបញ្ហានៅសមុទ្រ ភាគីទាំងពីរបានឯកភាពលើការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀង និងការយល់ដឹងជាន់ខ្ពស់ ការគ្រប់គ្រង និងដោះស្រាយការខ្វែងគំនិតគ្នាឲ្យកាន់តែល្អ មិនទុកឱ្យបញ្ហាសមុទ្រខាងកើតប៉ះពាល់ដល់ទំនាក់ទំនងរួមរវាងប្រទេសទាំងពីរដែលកំពុងមានការអភិវឌ្ឍយ៉ាងល្អប្រសើរ រួមចំណែកដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍក្នុងតំបន់ និងនៅលើពិភពលោក។
* នារសៀលថ្ងៃដដែល នៅវិមានប្រធានរដ្ឋ លោកប្រធានរដ្ឋ To Lam បានទទួលជួបលោក Iain Frew ឯកអគ្គរដ្ឋទូតនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើងប្រចាំនៅវៀតណាម។
លោកប្រធានរដ្ឋ To Lam បានអបអរសាទរអង់គ្លេសចំពោះការរៀបចំការបោះឆ្នោតសភាប្រកបដោយជោគជ័យ ដោយសង្ឃឹមថាសភា និងរដ្ឋាភិបាលថ្មីរបស់អង់គ្លេសនឹងបន្តគាំទ្រការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។
លោកប្រធានរដ្ឋ To Lam បានស្នើឲ្យភាគីទាំងពីរបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើវិស័យការពារជាតិ សន្តិសុខ ការអប់រំ បណ្តុះបណ្តាល និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាន។ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច លោកប្រធានរដ្ឋ To Lam បានស្នើឱ្យអង់គ្លេសជំរុញកិច្ចសហប្រតិបត្តិការលើថាមពលកកើតឡើងវិញ កំណើនបៃតង បរិវត្តកម្មឌីជីថល ហិរញ្ញវត្ថុធនាគារ សុខាភិបាល ឧស្សាហកម្មឱសថ។ល។
លោកប្រធានរដ្ឋ To Lam បានអះអាងថា វៀតណាមគាំទ្រ អង់គ្លេសក្នុងដំណើរការចូលរួមកិច្ចព្រមព្រៀង CPTPP ព្រមទាំងជឿជាក់ថា នេះនឹងជាកម្លាំងចលករថ្មីមួយសម្រាប់ប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងជំរុញការតភ្ជាប់សេដ្ឋកិច្ចនៅក្នុងតំបន់។ លោកប្រធានរដ្ឋ To Lam ក៏បានស្នើឱ្យអង់គ្លេសបន្តជួយឧបត្ថម្ភវៀតណាមយ៉ាងសកម្មក្នុងការទទួលបានធនធានហិរញ្ញវត្ថុ ផ្ទេរបច្ចេកវិទ្យាគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្ស។
រីឯលោកឯកអគ្គរដ្ឋទូត Iain Frew បានអះអាងថា រដ្ឋាភិបាលថ្មីរបស់អង់គ្លេសនឹងបន្តគោលនយោបាយការបរទេសរបស់រដ្ឋាភិបាលមុន ដោយផ្តល់អាទិភាពដល់ការជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយវៀតណាម។ លោកឯកអគ្គរដ្ឋទូត Iain Frew បានវាយតំលៃខ្ពស់ចំពោះវៀតណាមដែលជាដៃគូអភិវឌ្ឍន៍ប្រកបដោយភាពស្វាហាប់ មានកិត្យានុភាព និងមានទំនួលខុសត្រូវក្នុងតំបន់។ លោកបានអះអាងថា អង់គ្លេសនឹងបន្តរួមដំណើរ និងជួយវៀតណាមអភិវឌ្ឍប្រកបដោយចីរភាព។ ទន្ទឹមនឹងនោះ លោកបានស្នើឱ្យវៀតណាមគាំទ្រអង់គ្លេសក្នុងការពង្រឹងទំនាក់ទំនងបន្ថែមទៀតជាមួយតំបន់អាស៊ាន៕
បកប្រែដោយ Thanh Cong