លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី
កប.អនឡាញ - នារសៀលថ្ងៃទី ១៦ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបលោក Jin Liqun ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
ថ្លែងក្នុងជំនួបនេះ លោក Pham Minh Chinh អះអាងថា វៀតណាមវាយតំលៃខ្ពស់ និងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការជាមួយ AIIB។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា វៀតណាមកំពុងជំរុញាការទម្លាយកយុទ្ធសាស្ត្រចំនួន ៣ ដែលក្នុងនោះ មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រដូចជា ហេដ្ឋារចនាចរាចរណ៍ សុខាភិបាល ការអប់រំ វប្បធម៌ កីឡា និងការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍន៍បៃតង...
លោកនាយករដ្ឋមន្ត្រី បានបន្ថែមថា វៀតណាមមានតម្រូវការយ៉ាងធំធេងក្នុងមធ្យោបាយដឹកជញ្ជូនទាំង ៥ (ផ្លូវគោក ផ្លូវដែក ផ្លូវអាកាស ផ្លូវសមុទ្រ ផ្លូវទឹក) ប៉ុន្តែការវិនិយោគត្រូវតែផ្តោតលើគម្រោងសំខាន់ អាស្រ័យហេតុនេះ រួមចំណែកកាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងលើកកម្ពស់ផលិតកម្ម និងធ្វើអាជីវកម្ម បង្កើតការងារសម្រាប់ប្រជាជន និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។
    |
 |
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបលោក Jin Liqun ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) (រូបថត៖ vnanet.vn) |
នាពេលខាងមុខ ដោយឈរលើគោលការណ៍ “ផលប្រយោជន៍រួម ហានិភ័យរួម” ភាគីទាំងពីរឈ្នះរួម លោកនាយករដ្ឋមន្ត្រី បានស្នើឱ្យ AIIB ផ្តល់យោបល់ ជួយឧបត្ថម្ភដើមទុនអនុគ្រោះសម្រាប់វៀតណាមក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងទ្រង់ទ្រាយធំនិងមានប្រសិទ្ធភាពខ្ពស់ ដូចជាការកសាងផ្លូវរថភ្លើងល្បឿនលឿនភាគខាងជើង-ភាគខាងត្បូង, ខ្សែផ្លូវរថភ្លើងភាគខាងជើងចំនួន ៣ តភ្ជាប់ទៅប្រទេសចិន និងឆ្លងកាត់ប្រទេសចិនតភ្ជាប់ជាមួយអឺរ៉ុប និងអាស៊ីកណ្តាល; ខ្សែផ្លូវរថភ្លើងក្នុងទីក្រុងហាណូយ និងទីក្រុងហូជីមិញ។
លោក Jin Liqun ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី បានអបអរសាទរចំពោះសមិទ្ធិផលអភិវឌ្ឍន៍ និងកំណើនសេដ្ឋកិច្ចដ៏គួរឱ្យចាប់អារម្មណ៍របស់វៀតណាមនាពេលកន្លងមក ខណៈដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន។
លោកប្រធាន Jin Liqun ក៏បានសម្តែងការគាំទ្រចំពោះសុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រីនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Dalian នាពេលកន្លងមក។ លោកប្រធាន Jin Liqun ឲ្យដឹងថា ធនាគារនេះនឹងចំណាយថវិកាប្រមាណ ៥ ពាន់លានដុល្លារអាមេរិក ជាមួយនឹងអត្រាការប្រាក់អនុគ្រោះ ព្រមទាំងយល់ព្រមជាមួយទិសដៅសហប្រតិបត្តិការដែលនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ ដែលក្នុងនោះ ផ្តោតលើគម្រោងធំៗ នីតិវិធីរហ័ស និងនាំមកនូវប្រសិទ្ធភាពខ្ពស់៕
បកប្រែដោយ Pham Diep