យុវជនស្ម័គ្រចិត្តគឺជាមោទនភាពសម្រាប់យុវជនវៀតណាមជានិច្ច
កប.អនឡាញ - ក្នុងឱកាសរំលឹកខួបលើកទី ៧៤ នៃទិវាបង្កើតកម្លាំងយុវជនស្ម័គ្រចិត្តវៀតណាម (១៥ កក្កដា ១៩៥០ / ១៥ កក្កដា ២០២៤) នាថ្ងៃទី ១៥ ខែកក្កដា នៅវិមានប្រធានរដ្ឋ លោក To Lam ប្រធានរដ្ឋវៀតណាម បានជួបសំណេះសំណាលជាមួយប្រតិភូ អញ្ជើញចូលរួមសន្និសីទកម្មាភិបាលទូទាំងប្រទេសនៃសមាគមអតីតយុវជនស្ម័គ្រចិត្តវៀតណាម។
មានប្រសាសន៍ក្នុងជំនួបនេះ លោកប្រធានរដ្ឋ To Lam បានសម្តែងនូវការរំភើបចិត្ដនៅពេលជួបយុវជនឆ្នើមចំនួន ១៥០ នាក់ ដែលតំណាងឲ្យយុវជនស្ម័គ្រចិត្តវៀតណាម ហើយបានពាំនាំការសួរសុខទុក្ខ និងអបអរសាទរពីលោកអគ្គលេខាបក្ស Nguyen Phu Trong ជូនចំពោះសមាជិកទាំងអស់នៃសមាគមអតីតយុវជនស្ម័គ្រចិត្ត។ ទន្ទឹមនឹងនោះ លោកមានបំណងចង់បន្តរីកសាយភាយស្មារតីឈានទៅមុខរបស់យុវជនស្ម័គ្រចិត្តក្នុងបុព្វហេតុកសាងមាតុភូមិវៀតណាមក្នុងយុគសម័យថ្មី។
    |
 |
លោកប្រធានរដ្ឋ To Lam ថ្លែងក្នុងជំនួបសំណេះសំណាល (រូបថត៖ vnanet.vn) |
ដោយរំលឹកឡើងវិញនូវជ័យជម្នះដ៏ត្រចេះត្រចង់ និងការរួមចំណែកដ៏ធំធេងក្នុងដំណាក់ការតស៊ូដើម្បីឯករាជ្យជាតិកាលពីមុន ក៏ដូចជាក្នុងដំណាក់កាលកសាងប្រទេសជាតិសព្វថ្ងៃនេះ លោកប្រធានរដ្ឋ To Lam បានសង្កត់ធ្ងន់ថា កម្លាំងយុវជនស្ម័គ្រចិត្ត គឺជានិមិត្តរូបដ៏ភ្លឺស្វាងនៃលទ្ធិវីរភាពបដិវត្តន៍ និងជំនាន់ក្រោយ ហើយជាមោទនភាពសម្រាប់យុវជនវៀតណាមជានិច្ច។
លោកប្រធានរដ្ឋ To Lam បានសង្កត់ធ្ងន់ថា បក្ស រដ្ឋ និងប្រជាជនចងចាំ និងដឹងគុណជានិច្ចចំពោះគុណូបការៈ ការលះបង់ និងការរួមចំណែកដ៏ធំធេងរបស់កម្លាំងយុវជនស្ម័គ្រចិត្ត ព្រមទាំងលោកប្រធានរដ្ឋ បានសម្តែងនូវសេចក្តីរីករាយដោយឃើញថា សមាគមអតីតយុវជនស្ម័គ្រចិត្តវៀតណាមបានរៀបចំកម្មវិធី យុទ្ធនាការជាច្រើន និងសកម្មភាពដ៏មានអត្ថន័យក្នុងអាណត្ដិកន្លងមក ហើយជាគំរូឈានមុខក្នុងការអនុវត្ដគោលការណ៍ និងគោលនយោបាយរបស់បក្ស និងរដ្ឋ។
ទន្ទឹមនឹងនោះ សមាគមបានសម្របសម្រួលជាមួយគ្រប់លំដាប់ថ្នាក់ ជំរុញការដោះស្រាយគោលនយោបាយសម្រាប់អតីតយុវជនស្ម័គ្រចិត្ត ផ្សព្វផ្សាយ និងអប់រំប្រពៃណី ក៏ដូចជាដាក់ពង្រាយសកម្មភាពស្វែងរក និងជីករុករកអដ្ឋិធាតុយុទ្ធជនពលី ជួយគ្នាធ្វើអាជីវកម្ម កាត់បន្ថយភាពក្រីក្រ និងចូលរួមសកម្មភាពស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមបន្ទាប់ពីជំងឺកូវីដ-១៩។
    |
 |
លោកប្រធានរដ្ឋ To Lam និងប្រតិភូទាំងឡាយ (រូបថត៖ vnanet.vn) |
លោកប្រធានរដ្ឋ To Lam បានស្នើថា សមាគមគួរតែបន្តអនុវត្តសកម្មភាពជាក់ស្តែងបន្ថែមទៀត ហើយឆាប់ដោះស្រាយរាល់បញ្ហាដែលនៅសេសសល់ក្នុងកិច្ចការអតីតយុវជនស្ម័គ្រចិត្ត ដោយចាត់ទុកជាកាតព្វកិច្ច ការទទួលខុសត្រូវ និងជាមនោសញ្ចេតនា ដែលបង្ហាញពីការដឹងគុណ និងតបស្នងសងគុណចំពោះអ្នកដែលបានលះបង់សម្រាប់បុព្វហេតុរំដោះជាតិ បង្រួបបង្រួមជាតិ ការកសាង និងការពារមាតុភូមិ។ ទន្ទឹមនឹងនោះ លោកប្រធានរដ្ឋ ឲ្យដឹងថា សមាគមគួរតែបន្តសហការ រួបរួមគ្នា និងកសាងសមាគម និងកម្លាំងអតីតយុវជនស្ម័គ្រចិត្តទូទាំងប្រទេសចូលរួមយ៉ាងសកម្ម និងមានប្រសិទ្ធភាពក្នុងការផ្លាស់ថ្មី ការកសាង និងការពារមាតុភូមិ។
ឆ្លៀតក្នុងឱកាសនេះ លោកប្រធានរដ្ឋ To Lam បានប្រគល់រូបថតលោកអ៊ំ ហូ ថតរូបជាមួយយុវជនស្ម័គ្រចិត្ត និងថវិកាចំនួន ២០០ លានដុង៕
បកប្រែដោយ Pham Diep