leftcenterrightdel
លោក To Lam ប្រធានរដ្ឋ ជួបជាមួយលោក Thongloun Sisoulit អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ (រូប​ថត៖ vnanet.vn)

ផ្តល់អាទិភាពខ្ពស់បំផុតក្នុងការពង្រឹង និងពូនជ្រំទំនាក់ទំនងវៀតណាម-ឡាវ

លោក Thongloun Sisoulit បានទទួលយ៉ាងកក់ក្តៅបំផុត និងវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក To Lam ប្រធានរដ្ឋវៀតណាម ចាប់តាំងពីចូលកាន់តំណែងថ្មី  ដោយសង្កត់ធ្ងន់ថា លោក To Lam បានជ្រើសរើសប្រទេសឡាវជាប្រទេសដំបូងគេដែលមកបំពេញទស្សនកិច្ចក្នុងតួនាទីថ្មីរបស់លោក គឺបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងដែលបក្ស រដ្ឋវៀតណាម និងលោក To Lam ផ្ទាល់ ចំពោះទំនាក់ទំនងមិត្តភាពដ៏អស្ចារ្យ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឡាវ។

លោក To Lam  បានសម្តែងនូវ ការវាយតំលៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេង និងទូលំទូលាយដែលបក្ស រដ្ឋាភិបាល និងប្រជាជនឡាវ សម្រេចបានក្នុងបុព្វហេតុផ្លាស់ថ្មី និងការកសាងប្រទេស ហើយបានសម្តែងការជឿជាក់ថា ឡាវនឹងជំនះបានរាល់ការលំបាក និងបញ្ហាប្រឈមក្នុងពេលឆាប់ៗនេះ ឆ្ពោះទៅរកការអនុវត្តប្រកបដោយជោគជ័យនូវគោលដៅដែលបានកំណត់។

បន្ទាប់ពីបានជម្រាបជូនគ្នាទៅវិញទៅមកអំពីស្ថានភាពសេដ្ឋកិច្ច-សង្គមនៃប្រទេសនីមួយៗ ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវសេចក្តីរីករាយចំពោះការអភិវឌ្ឍន៍ដ៏ល្អនៃទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរនាពេលថ្មីៗនេះ។ ភាគីទាំងពីរបន្តរក្សាជាទៀងទាត់នូវការផ្លាស់ប្តូរគណៈប្រតិភូ និងទំនាក់ទំនងកម្រិតខ្ពស់ប្រកបដោយប្រសិទ្ធភាព ជំរុញយន្តការសហប្រតិបត្តិការទ្វេភាគីសំខាន់ៗ ដោយហេតុនេះជួយបន្តរក្សា និងលើកកម្ពស់ទំនាក់ទំនងនយោបាយជិតស្និទ្ធ និងការជឿទុកចិត្តនៅកម្រិតខ្ពស់បំផុត។ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាពជាសសរស្តម្ភដ៏សំខាន់ក្នុងទំនាក់ទំនងរបស់ប្រទេសទាំងពីរ។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចត្រូវបានលើកកម្ពស់ ដែលក្នុងនោះពាណិជ្ជកម្ម និងការវិនិយោគបន្តក្លាយជាចំណុចភ្លឺ។ វៀតណាមនៅតែជាដៃគូពាណិជ្ជកម្ម និងអ្នកវិនិយោគឈានមុខគេមួយរបស់ប្រទេសឡាវ។

ក្នុងបរិយាកាសមិត្តភាព និងភាតរភាព ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាគ្នាដោយផ្អែកលើការជឿទុកចិត្ត ភាពស្មោះត្រង់ លើទិសដៅ និងវិធានការនានា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ ដោយសង្កត់ធ្ងន់ថា ក្នុងបរិបទនៃស្ថានការណ៍ពិភពលោក និងតំបន់ស្មុគស្មាញបច្ចុប្បន្ន ប្រទេសទាំងពីរគប្បីតែពង្រឹងការពិគ្រោះយោបល់ ការផ្លាស់ប្តូរបទពិសោធន៍ ការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមក ដើម្បីជំនះលើបញ្ហាប្រឈម និងការលំបាក។

ថ្នាក់ដឹកនាំទាំងពីរបានអះអាងជាថ្មីនូវគោលនយោបាយស្របគ្នានៃប្រទេសទាំងពីរគឺជានិច្ចកាលឲ្យតម្លៃ និងផ្តល់អាទិភាពខ្ពស់បំផុតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម-ឡាវ។

ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា និងបានឯកភាពថា ក្នុងបរិបទនៃការវិវឌ្ឍដ៏ឆាប់រហ័ស និងស្មុគ្រស្មាញក្នុងពិភពលោក និងតំបន់ ភាគីទាំងពីរត្រូវតែបង្កើនការចែករំលែក ផ្លាស់ប្តូរព័ត៌មាន ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធក្នុងវេទិកាតំបន់ និងអន្តរជាតិ ធានាបាននូវសាមគ្គីភាព និងលើកកម្ពស់តួនាទីមជ្ឍភាពរបស់អាស៊ាន និងយន្តការដឹកនាំដោយអាស៊ាន។ លោក To Lam បានអះអាងថា ក្នុងស្មារតីមិត្តភាព និងភាតរភាព វៀតណាមនឹងគាំទ្រឡាវដោយស្មោះស្ម័គ្រក្នុងការបំពេញតួនាទី និងការទទួលខុសត្រូវអន្តរជាតិក្នុងឆ្នាំ ២០២៤ រួមទាំងតួនាទីជាប្រធានប្តូរវេណអាស៊ាន និងជាប្រធានក្រុមប្រឹក្សាអន្តរសភាអាស៊ាន (AIPA)។

ក្នុងជំនួបនេះ លោក To Lam ប្រធានរដ្ឋវៀតណាម បានប្រកាសអំណោយរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាម ជូនបក្ស រដ្ឋ និងប្រជាជនឡាវ រថយន្តអគ្គិសនី VinFast ចំនួន ២០គ្រឿង ដើម្បីជួយឧបត្ថម្ភដល់ឡាវរៀបចំយ៉ាងជោគជ័យនូវរាល់សកម្មភាពសំខាន់ៗក្នុងអាណត្តិជាប្រធានអាស៊ានឆ្នាំ ២០២៤។

leftcenterrightdel
លោក To Lam ប្រធានរដ្ឋវៀតណាម ជួបសវនាការជាមួយលោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ

ស្វែងរកវិធានការមានចរិតទម្លាយភាពទាល់ច្រក ដើម្បីរំដោះធនធានសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

នាព្រឹកថ្ងៃដដែល នៅទីស្នាក់ការនាយករដ្ឋមន្ត្រី លោក To Lam ប្រធានរដ្ឋវៀតណាម បានជួបពិភាក្សាការងារជាមួយ លោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ។

ក្នុងជំនួបភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលលេចធ្លោ និងសំខាន់ៗក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម ការពង្រឹងការការពារជាតិ និងសន្តិសុខ និងការធានាស្ថិរភាពនយោបាយ និងសង្គមរបស់ប្រទេសនីមួយៗ។

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវពិធីសារ និងផែនការសហប្រតិបត្តិការការពារជាតិ និងសន្តិសុខដែលបានចុះហត្ថលេខា  សម្របសម្រួលដើម្បីស្វែងរកវិធានការទម្លាយបញ្ហាជាប់គាំងដើម្បីរំដោះធនធានសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរសំដៅខិតខំសម្រេចបាននូវគោលដៅកំណើនពាណិជ្ជកម្មពី ១០-១៥% នៅឆ្នាំ២០២៤។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះគម្រោងសហប្រតិបត្តិការជាច្រើនត្រូវបានបញ្ចប់ និងដាក់ឱ្យប្រើប្រាស់ដូចជាអាកាសយានដ្ឋាន Nongkhang មន្ទីរពេទ្យមិត្តភាពនៅ Xiangkhouang វិទ្យាស្ថាននយោបាយនគរបាលឡាវ។ ទន្ទឹមនឹងនេះ ថ្នាក់ដឹក​នាំទាំង​ពីរ បានយល់ព្រមបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់គម្រោងសំខាន់ៗមួយចំនួនទៀតក្នុងវិស័យថាមពល ការធ្វើអាជីវកម្មរ៉ែ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ខិតខំបង្កើតបរិយាកាសអំណោយផល និងតម្លាភាពសម្រាប់កិច្ចសហប្រតិបត្តិការវិនិយោគ ជំរុញកិច្ចសហប្រតិបត្តិការអប់រំ-បណ្តុះបណ្តាល កិច្ចសហប្រតិបត្តិការវិទ្យាសាស្រ្ត ជំរុញកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរឌីជីថលរវាងភ្នាក់ងារគ្រប់គ្រងរដ្ឋ និងរវាងអាជីវកម្មក្នុងវិស័យនេះ  ពង្រឹងកិច្ចសហប្រតិបត្តិការរវាងតំបន់ និងតំបន់ ជាពិសេសតំបន់ព្រំដែន ជំរុញការឃោសនាក្នុងចំណោមប្រជាជននៃប្រទេសទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយអំពីទំនាក់ទំនងប្រពៃណី និងពិសេសរវាងវៀតណាម និងឡាវ។

នៅក្នុងជំនួបនេះ លោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ បានអះអាងថា លោកនឹងបន្តធ្វើការជាមួយលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ដើម្បីអនុវត្តយ៉ាងខ្លាំងក្លានូវកិច្ចព្រមព្រៀងកម្រិតខ្ពស់រវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យសេដ្ឋកិច្ច ដើម្បីនាំមកនូវផលប្រយោជន៍ជាក់ស្តែងបន្ថែមទៀតសម្រាប់ប្រជាជនប្រទេសទាំងពីរ។

ពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិ ភាគីទាំងពីរបានឯកភាពថា ក្នុងបរិបទនៃស្ថានការណ៍ផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងស្មុគ្រស្មាញរបស់ពិភពលោក ភាគីទាំងពីរត្រូវពង្រឹងការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាពហុភាគី ជាពិសេសនៅអង្គការសហប្រជាជាតិ អាស៊ាន និងរាល់យន្តការសហប្រតិបត្តិការអនុតំបន់មេគង្គ។

leftcenterrightdel
លោក To Lam ប្រធានរដ្ឋវៀតណាម ជួបសវនាការជាមួយលោក Saysomphone Phomvihane ប្រធានរដ្ឋសភាឡាវ (រូប​ថត៖ vnanet.vn)

អនុវត្តយ៉ាងសកម្មនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងឡាវ

នារសៀលថ្ងៃទី១១ ខែកក្កដា នៅវិមានរដ្ឋសភាឡាវ លោក To Lam ប្រធានរដ្ឋវៀតណាមបានជួបសវនាការ ជាមួយលោក Saysomphone Phomvihane ប្រធានរដ្ឋសភាឡាវ។

ភាគីទាំងពីរបានអះអាងជាថ្មីថា តែងតែផ្តល់តម្លៃ និងផ្តល់អាទិភាពខ្ពស់បំផុតក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពដ៏អស្ចារ្យ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវ ចាត់ទុកថានេះជាទ្រព្យដ៏វិសេសវិសាលដែលជាកត្តាដ៏សំខាន់សម្រាប់បុព្វហេតុបដិវត្តន៍របស់ប្រទេសនីមួយៗ។ សម្តែងការសប្បាយរីករាយចំពោះការអភិវឌ្ឍដ៏ល្អនៃទំនាក់ទំនងរវាងប្រទេសទាំងពីរនិយាយរួម និងរវាងរដ្ឋសភានៃប្រទេសទាំងពីរ ជាពិសេស លោក To Lam និងលោក Saysomphone Phomvihane បានសង្កត់ធ្ងន់លើសារៈសំខាន់នៃជំនួបទំនាក់ទំនងទៀងទាត់រវាងគណៈប្រតិភូប្រទេសទាំងពីរនៅគ្រប់កម្រិត អនុវត្តយ៉ាងសកម្មនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរ រួមទាំងការរៀបចំសន្និសីទ និងសិក្ខាសាលា ដើម្បីបង្កើនការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ការងារ បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាសភាតំបន់ និងអន្តរជាតិ។

លោក To Lam បានវាយតម្លៃខ្ពស់ចំពោះការរៀបចំប្រកបដោយជោគជ័យនូវកិច្ចប្រជុំកំពូលថ្នាក់រដ្ឋសភាលើកទីមួយនៃប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា នៅទីក្រុងវៀងច័ន្ទន៍ (ខែធ្នូ ឆ្នាំ ២០២៣) និងអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីជួយឡាវទទួលបន្ទុក រៀបចំនូវរាល់សកម្មភាពកិច្ចការបរទេសសំខាន់ៗនាពេលខាងមុខដោយជោគជ័យ រួមទាំងសន្និសីទ AIPA ឆ្នាំ ២០២៤ និងទទួលតួនាទីជាប្រធាន AIPA ឆ្នាំ ២០២៤ ដោយជោគជ័យ៕

បកប្រែដោយ Minh Trung