ឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីប្រតិកម្មរបស់វៀតណាមចំពោះរបាយការណ៍ស្តីពីស្ថានភាពសេរីភាពខាងជំនឿសាសនាអន្តរជាតិឆ្នាំ ២០២៣ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ក្នុងនោះសហរដ្ឋអាមេរិកបានដាក់បញ្ជូលវៀតណាមក្នុងបញ្ជីឃ្លាំមើលពិសេស លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម បានបញ្ជាក់យ៉ាងច្បាស់លាស់ថា៖ វៀតណាមសម្តែងការសោកស្តាយរបស់ខ្លួនចំពោះប្រការនេះ។  ទោះបីជាបានកត់ត្រានូវវឌ្ឍនភាពមួយចំនួនរបស់វៀតណាមក្នុងកិច្ចការពារ និងជំរុញសេរីភាពខាងជំនឿសាសនា ប៉ុន្តែរបាយការណ៍ប្រចាំឆ្នាំស្ដីពីសេរីភាពខាងជំនឿសាសនាឆ្នាំ ២០២៣ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកនៅតែវាយតម្លៃខ្វះសត្យានុម័តដោយផ្អែកលើព័ត៌មានដែលមិនទាន់បានផ្ទៀងផ្ទាត់ និងមិនត្រឹមត្រូវអំពីស្ថានភាពជាក់ស្ដែងនៅវៀតណាម។ 

leftcenterrightdel
លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម (រូបថត៖ dangcong san.vn)

លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេស បានសង្កត់ធ្ងន់ថា៖ “វៀតណាមជានិច្ចកាលប្រកាន់ភ្ជាប់នូវគោលនយោបាយឥតងាករេស្តីពីការគោរព និងធានាសិទ្ធិសេរីភាពខាងជំនឿសាសនា ហាមឃាត់ការរើសអើងដោយសារមូលហេតុជំនឿសាសនាទាំងអស់ និងធានារាល់សកម្មភាពរបស់អង្គការសាសនាដែលស្របតាមបទប្បញ្ញត្តិច្បាប់។ សិទ្ធិទាំងនេះត្រូវបានចែងយ៉ាងច្បាស់លាស់នៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ របស់វៀតណាម ក៏ដូចជាច្បាប់ស្តីពីជំនឿសាសនាឆ្នាំ ២០១៦ និងឯកសារច្បាប់ពាក់ព័ន្ធនានា ហើយត្រូវបានធានាគោរពក្នុងការអនុវត្តផងដែរ”។

ក្នុងស្មារតីនោះ វៀតណាមស្នើឲ្យសហរដ្ឋអាមេរិកមានការវាយតម្លៃសត្យានុម័ត ដោយផ្អែកលើប្រភពព័ត៌មានត្រឹមត្រូវ និងទូលំទូលាយអំពីស្ថានភាពជាក់ស្តែងនៅវៀតណាម ហើយដកវៀតណាមចេញពីបញ្ជីប្រទេសដែលស្ថិតក្រោមការឃ្លាំមើលពិសេសអំពីសេរីភាពខាងជំនឿសាសនាឲ្យបានឆាប់ៗផងដែរ៕

បកប្រែដោយ Huyen Trang