ការប្តេជ្ញាចិត្តខាងនយោបាយ ផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ភាពស្រដៀងគ្នានៃវប្បធម៌ និងការផ្សារភ្ជាប់សង្គមគឺជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូង

នារសៀលថ្ងៃទី៣ ខែកក្កដា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានថ្លែងសុន្ទរកថាអំពីគោលនយោបាយរបស់​វៀតណាមនៅសកលវិទ្យាល័យជាតិ Seoul ព្រមទាំងអះអាងថា វៀតណាមត្រៀមខ្លួនសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយកូរ៉េខាងត្បូង ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឲ្យទទួលផ្លែផ្កា ដើម្បីសុភមង្គលរបស់ប្រជាជននៃប្រទេសទាំងពីរ និងដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងជុំវិញពិភពលោក។

អស់រយៈពេលជិត ៤០ ឆ្នាំមកនេះ វៀតណាមបានអនុវត្តការផ្លាស់ថ្មីយ៉ាងខ្លាំងក្លា។ ពីប្រទេសមួយដែលស្ថិតនៅក្រោមការហ៊ុមព័ទ្ធ និងការដាក់ទណ្ឌកម្ម ឥឡូវនេះវៀតណាមមានទំនាក់ទំនងការទូតជាមួយប្រទេសចំនួន ១៩៣ ដែលក្នុងនោះ ជាង ៣០ ប្រទេសជាដៃគូគ្រប់ជ្រុងជ្រោយ ដៃគូយុទ្ធសាស្ត្រ រួមទាំងកូរ៉េខាងត្បូងផងដែរ។ វៀតណាមក៏ជាសមាជិកសកម្មនៃអង្គការតំបន់ និងអន្តរជាតិជិត ៧០។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ថ្លែងសុន្ទរកថានៅសកលវិទ្យាល័យជាតិ Seoul (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជឿជាក់ថា ទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងវៀតណាម និងកូរ៉េខាងត្បូងនឹងកាន់តែអភិវឌ្ឍយ៉ាងខ្លាំងក្លា ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពជាមួយនឹងអនាគតដ៏ភ្លឺស្វាងនាពេលខាងមុខ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh សង្កត់ធ្ងន់ថា ជាមួយនឹងប្រវត្តិសាស្ដ្រទំនាក់ទំនងដ៏យូរលង់ដែលត្រូវបានពូនជ្រំ សក្ដានុពលសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងស្មារតីប្តេជ្ញាចិត្ត ភាពច្នៃប្រឌិត និងការភ្ជាប់នៃសហគមន៍ធុរកិច្ចនិងប្រជាជន ជាពិសេសជំនាន់ក្រោយនៃប្រទេសទាំងពីរវៀតណាម និងកូរ៉េខាងត្បូងនឹងគាំទ្រគ្នាទៅវិញទៅមក ជំនះរាល់ការលំបាក និងបញ្ហាប្រឈម និងរីកចម្រើនជារួម។

* មុននោះ នាព្រឹកថ្ងៃទី៣ ខែកក្កដា នៅទីក្រុងសេអ៊ូល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានមានជំនួបជាមួយ ថ្នាក់ដឹកនាំ សាជីវកម្មសេដ្ឋកិច្ចកូរ៉េខាងត្បូងជាច្រើនក្នុងវិស័យបច្ចេកវិទ្យា អេឡិចត្រូនិក សំណង់ ហេដ្ឋារចនាសម្ព័ន្ធ ការផលិតដែកថែប និងពាណិជ្ជកម្ម សេវាកម្ម ឱសថ ជីវវិទ្យា ... រួមមានសម្ព័នក្រុមហ៊ុន CJ, សម្ព័នក្រុមហ៊ុន POSCO, ធនាគារ KDB, សម្ព័នក្រុមហ៊ុន LG Display, សម្ព័នក្រុមហ៊ុន  E&C, សម្ព័នក្រុមហ៊ុន GS Engineering & Construction, សម្ព័នក្រុមហ៊ុន Celltion ​ហើយសម្ព័នក្រុមហ៊ុនទាំងអស់នេះ មានបំណងចង់ពង្រីកការវិនិយោគនៅវៀតណាម។

* នាថ្ងៃដដែល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៣០ នៃទិវាក្រុមហ៊ុន អាកាសចរណ៍ Vietnam Airlines បើកជើងហោះហើរត្រង់ និងស្វាគមន៍អ្នកដំណើរទី ១៥ លាននៃផ្លូវហោះហើរពីវៀតណាមទៅកូរ៉េខាងត្បូង។

* នាថ្ងៃទី ៣ ខែកក្កដានេះដែរ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានទៅទស្សនាមជ្ឈមណ្ឌល Semiconductor របស់សម្ព័ន្ធក្រុមហ៊ុន Samsung នៅខេត្ត Gyeonggi ដែលជាកន្លែងផលិតបន្ទះឈីប semiconductor ធំបំផុតរបស់ Samsung នៅទូទាំងពិភពលោក ដើម្បីស្វែងយល់អំពីទម្រង់អភិវឌ្ឍន៍ឧស្សាហកម្ម semiconductor។

* នារសៀលថ្ងៃទី៣ ខែកក្កដា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកជំទាវបានអញ្ជើញទៅសួរសុខទុក្ខគ្រួសារពហុវប្បធម៌វៀតណាម-កូរ៉េខាងត្បូង នៅទីក្រុង Osan ខេត្ត Gyeonggi ប្រទេសកូរ៉េខាងត្បូង។

ដាក់ពង្រាយកម្មវិធីបច្ចេកវិទ្យាព័ត៌មាន ធានាសុវត្ថិភាពព័ត៌មានសម្រាប់ការធ្វើបរិវត្ដកម្មឌីជីថល

ក្នុងឱកាសដែលអមដំណើរលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូង នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង An Yang លោកឧត្តមសេនីយ៍ឯក Le Huy Vinh អនុរដ្ឋមន្ត្រីក្រសួងការពាររប្រទេស​វៀតណាមបានជួបពិភាក្សាការងារជាមួយលោក Choi Dae Ho អភិបាលក្រុង An Yang។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

នៅក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក Le Huy Vinh បានថ្លែងអំណរគុណចំពោះលោក Choi Dae Ho ដែលបានចំណាយពេលទទួលជួបគណៈប្រតិភូ និងរៀបចំឱ្យគណៈប្រតិភូមកទស្សនាមជ្ឈមណ្ឌលប្រតិបត្តិការទីក្រុងឆ្លាតវៃ An Yang។ លោកឧត្តមសេនីយ៍ឯក Le Huy Vinh បានឲ្យដឹងថា បច្ចុប្បន្ន ក្រសួងការពារប្រទេសវៀតណាមកំពុងផ្តោតលើការអនុវត្តការធ្វើបរិវត្តកម្មឌីជីថល និងកម្មវិធីរដ្ឋាភិបាលអេឡិចត្រូនិក ដើម្បីបង្កើនសមត្ថភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រង និងការដឹកនាំ។ ដូច្នេះ ក្រសួងការពារប្រទេសវៀតណាមមានបំណងចង់រៀនសូត្រពីបទពិសោធន៍ និងប្រសិទ្ធភាពក្នុងការអនុវត្តកម្មវិធីបច្ចេកវិទ្យាព័ត៌មាន និងធានាសុវត្ថិភាពព័ត៌មានសម្រាប់ការធ្វើបរិវត្ដកម្មឌីជីថល។

រីឯខ្លួនវិញ លោក Choi Dae Ho អភិបាលក្រុង An Yang បានសម្តែងនូវសេចក្តីរីករាយដែលបានស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេសវៀតណាមមកបំពេញទស្សនកិច្ច។ លោក Choi Dae Ho បានឲ្យដឹងថា An Yang គឺជាទីក្រុងមួយនៅក្នុងខេត្ត Gyeonggi ដែលមានផ្ទៃដីជាង ៥៨ គីឡូម៉ែត្រ និងមានប្រជាជនប្រមាណ ៥៤៦,១៦១ នាក់ ជាមួយនឹងសហគ្រាសចំនួន ១,៧៦៤ ដែលវិនិយោគលើការផលិត និងការធ្វើអាជីវកម្ម ភាគច្រើននៅក្នុងបច្ចេកវិទ្យាខ្ពស់ និងអេឡិចត្រូនិច។ ទីក្រុងបានសាងសង់មជ្ឈមណ្ឌលប្រតិបត្តិការទីក្រុងឆ្លាតវៃ ដែលប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានដើម្បីគ្រប់គ្រងទីក្រុង ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ។

នៅមជ្ឈមណ្ឌលប្រតិបត្តិការទីក្រុងឆ្លាតវៃ គណៈប្រតិភូវៀតណាមបានស្តាប់តំណាងមជ្ឈមណ្ឌលណែនាំអំពីបច្ចេកវិទ្យា និងបច្ចេកទេសជឿនលឿន និងទំនើបដែលកំពុងអនុវត្តនៅក្នុងទីក្រុងឆ្លាតវៃ។

* នាយប់ថ្ងៃដដែល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកជំទាវ រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានត្រឡប់មកមាតុប្រទេសវិញ ដោយបញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី ៣០ ខែមិថុនា ដល់ថ្ងៃទី ៣ ខែកក្កដា៕

បកប្រែដោយ Pham Diep