អ្នកយកព័ត៌មាន៖ សូមលោកឯកអគ្គរដ្ឋទូត លើកឡើងពីគោលបំណង និងអត្ថន័យនៃដំណើរទស្សនកិច្ចនិងចូលរួម WEF Dalian របស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នៅប្រទេសចិនលើកនេះ?

លោកឯកអគ្គរដ្ឋទូត Pham Sao Mai៖ WEF ឆ្នាំនេះ គឺជាព្រឹត្តិការណ៍មួយដ៏សំខាន់បំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយបានទាក់ទាញប្រតិភូជាង ១.៥០០ នាក់ មកចូលរួម ក្នុងនោះមានលោក Li Qiang នាយករដ្ឋមន្ត្រីចិន លោក Pham Minh Chinh នាយករដ្ឋមន្ដ្រីវៀតណាម លោក Andrzej Sebastian Duda ប្រធានាធិបតីប៉ូឡូញ  មេដឹកនាំ និងប្រតិភូជិត ១០០ នាក់ មកពីបណ្ដាប្រទេស អង្គការ និងអាជីវកម្មអន្តរជាតិនិងចិន។ ការដែល WEF និងសហគមន៍ធុរកិច្ចអន្តរជាតិអញ្ជើញនាយករដ្ឋមន្ត្រីវៀតណាមចូលរួមសន្និសីទរយៈពេលពីរឆ្នាំជាប់ៗគ្នានេះ បានបង្ហាញពីការគោរព និងការវាយតម្លៃខ្ពស់ចំពោះ តួនាទីនិងកិត្យានុភាព និងការរួមចំណែករបស់វៀតណាមក្នុងកំណើនសេដ្ឋកិច្ចសកល និងតំបន់។ ខ្ញុំគិតថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh លើកនេះ មានអត្ថន័យសំខាន់ៗដូចខាងក្រោម៖

ទីមួយ៖  ការចូលរួម WEF របស់លោកនាយករដ្ឋមន្ត្រីវៀតណាមនឹងបើកឱកាសសម្រាប់ការធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់​វៀត​ណាម​ជាមួយសេដ្ឋកិច្ចពិភពលោក ហើយជាឱកាសសម្រាប់វៀតណាមណែនាំដល់ពិភពលោកនូវសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដ៏លេចធ្លោនាពេលកន្លងមក ដែលបង្ហាញពីរូបភាពប្រទេសវៀតណាមមានភាពស្វាហាប់ និងសមាហរណកម្មយ៉ាងសកម្ម  គួរឲ្យទុកចិត និងមានភាពទាក់ទាញសម្រាប់សាជីវកម្មពិភពលោក ដោយហេតុនេះ ជំរុញកិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក និងទាក់ទាញធនធានដើម្បីអភិវឌ្ឍប្រទេស។

leftcenterrightdel
លោក Pham Sao Mai ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិន

ទីពីរ៖ តាមរយៈសន្និសីទលើកនេះ វៀតណាមអាចចាប់យកបញ្ហានិងនិន្នាការថ្មីៗនៃសេដ្ឋកិច្ចពិភពលោក និងពិភាក្សាជាមួយភាគីផ្សេងទៀតលើការអភិវឌ្ឍ និងអភិបាលកិច្ចនៅកម្រិតជាតិ និងពិភពលោក។ រួមចំណែកដោះស្រាយរាល់បញ្ហាពិភពលោកទូទៅ ដូចជាការបង្កើនកំណើន និងអភិវឌ្ឍន៍ឧស្សាហកម្មថ្មី ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការធានាសន្តិសុខស្បៀង ...

ទីបី៖ នេះក៏ជាឱកាសសម្រាប់វៀតណាមបង្កើនការផ្លាស់ប្តូរ និងជំរុញទំនាក់ទំនងជាមួយប្រទេសដៃគូ និងអង្គការអន្តរជាតិនានា លើកកំពស់តួនាទីនិងកិត្យានុភាពរបស់ប្រទេស ព្រមទាំងអះអាងនូវតួនាទីជាសមាជិកសកម្ម និងមានការទទួលខុសត្រូវសម្រាប់​សហគមន៍អន្តរជាតិ រួមចំណែកអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយការបរទេសដែលកំណត់ដោយមហាសន្និបាតលើកទី១៣ របស់បក្ស ។

ទី៤៖ ការចូលរួមរបស់លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូវៀតណាមនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជា​មួយ WEF កាន់តែមានប្រសិទ្ធភាពជាក់ស្តែង  ដោយផ្អែកលើអនុស្សរណៈនៃការយោគយល់គ្នាអំពីកិច្ចសហប្រតិបត្តិការវៀតណាម- WEF ដំណាក់កាល ២០២៣-២០២៦ និងជំរុញកិច្ចសហប្រតិបត្តិការជាមួយអាជីវកម្មជាសមាជិករបស់ WEF ក្នុងវិស័យជាច្រើន ដូចជាការផ្លាស់ប្តូរបៃតង ការធ្វើបរិវត្ដកម្មឌីជីថល ថាមពល វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។

អ្នកយកព័ត៌មាន៖ តើមានអ្វីពិសេសអំពីបរិបទនិងរបៀបវារៈនៃ WEF ឆ្នាំនេះ? តើថ្នាក់ដឹកនាំរដ្ឋាភិបាលវៀតណាមចូលរួម  WEF នឹងរួមចំណែកយ៉ាងដូចម្តេចក្នុងសន្និសីទនេះ?

លោកឯកអគ្គរដ្ឋទូត Pham Sao Mai៖ សន្និសីទ WEF ប្រព្រឹត្តទៅក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកនៅមានការលំបាកជាច្រើន ហើយកំណើនកំពុងងើបឡើងវិញយ៉ាងយឺតយ៉ាវ។ តំបន់អាស៊ីប៉ាស៊ីហ្វិកនៅតែជាចំណុចភ្លឺនៅក្នុងបរិបទសេដ្ឋកិច្ចពិភពលោក ប៉ុន្តែនៅតែប្រឈមមុខនឹងហានិភ័យមួយចំនួនដោយសារការការរំខាននៃខ្សែសង្វាក់ផ្គត់ផ្គង់ និងភាពតានតឹងភូមិសាស្ត្រនយោបាយ និងការប្រកួតប្រជែងរវាងប្រទេសធំៗ។

ប្រធានបទ WEF ឆ្នាំនេះ គឺ "ជើងមេឃសម្រាប់កំណើនថ្មី" ដោយផ្តោតលើការផ្លាស់ប្តូរ និងស្វែងរកទិសដៅសម្រាប់កំណើនថ្មី ឧស្សាហកម្មថ្មី និងការលើកកម្ពស់តួនាទីនៃអាជីវកម្ម ការចាប់ផ្ដើមអាជីវកម្ម នវានុវត្ដន៍ និងរួមគ្នាឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ តាមការគ្រោងទុក  ប្រធានបទចំនួន ៦ នឹងត្រូវបានយកមកពិភាក្សានៅក្នុងសន្និសីទនេះ រួមមាន៖ ការកសាង​ខឿនសេដ្ឋកិច្ចពិភពលោកថ្មី; ការធ្វើអាជីវកម្មក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI); ទំនាក់ទំនងរវាងអាកាសធាតុ ធម្មជាតិ និងថាមពល; វិស័យត្រួសត្រាយសម្រាប់ឧស្សាហកម្ម; ចិននិងពិភពលោក; វិនិយោគលើមនុស្ស។

នៅក្នុងសន្និសិទលើកនេះ នាយករដ្ឋមន្ត្រីវៀតណាមនឹងថ្លែងសុន្ទរកថានៅសម័យប្រជុំពេញអង្គ និងធ្វើជាអធិបតីនៃសម័យប្រជុំពិភាក្សានិងកិច្ចសន្ទនាមួយចំនួនជាមួយសាជីវកម្មសេដ្ឋកិច្ចធំៗ និងអាជីវកម្មនវានុវត្ដន៍លើរាល់បញ្ហាដូចជា ឱកាសសហប្រតិបត្តិការ ដំណោះស្រាយថ្មីសម្រាប់រាល់បញ្ហាអភិវឌ្ឍន៍សកល និងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាម។ លើសពីនេះ លោកនាយករដ្ឋមន្ត្រីនឹងមានសកម្មភាពជួបទ្វេភាគីជាមួយថ្នាក់ដឹកនាំនៃបណ្ដាប្រទេស អង្គការអន្តរជាតិនិងសាជីវកម្មធំៗ។ ខ្ញុំជឿជាក់ថា ការចូលរួមនិងការរួមចំណែករបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់​វៀតណាមនឹងរួមចំណែកយ៉ាងសំខាន់ដល់ជោគជ័យរួមរបស់សន្និសីទ និងបង្ហាញពីទិដ្ឋភាពមួយចំនួនដូចជា៖

ទីមួយ៖ ក្នុងបរិបទដែលកំណើនសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ និងប្រឈមមុខនឹងហានិភ័យ និងបញ្ហាប្រឈមជាច្រើន លោកនាយករដ្ឋមន្ត្រីនឹងចែករំលែកទស្សនៈរបស់វៀតណាមអំពីយថាទស្សន៍ បញ្ហាប្រឈមនិងការកែសម្រួលទម្រង់ថ្មីដែលជះឥទ្ធិពលដល់សេដ្ឋកិច្ចពិភពលោកក្នុងរយៈពេលខ្លី និងវែង។

ទីពីរ៖ ក្នុងសន្និសីទនេះ លោកនាយករដ្ឋមន្ត្រីនឹងសង្កត់ធ្ងន់លើសក្តានុពល និងប្រៀបខ្លាំងនៃតំបន់អាស៊ីប៉ាស៊ីហ្វិក និងតួនាទីមជ្ឈភាពរបស់អាស៊ាន ក៏ដូចជាវៀតណាមផងដែរ។ អាស្រ័យហេតុនេះ បញ្ជាក់ពីតួនាទីរបស់តំបន់និងជាកម្លាំងចលករសម្រាប់បង្កើនកំណើន ពង្រឹងនិងតភ្ជាប់ពាណិជ្ជកម្ម វិនិយោគ ខ្សែសង្វាក់ផ្គត់ផ្គង់និងតម្លៃសកល ជួយស្ដារកំណើននិងលើកកម្ពស់ភាពធន់នៃសេដ្ឋកិច្ចពិភពលោក។

ទី៣៖ លោកនាយករដ្ឋមន្ត្រីនឹងដាក់ចេញដំណោះស្រាយក្នុងកម្រិតសកល តំបន់ ថ្នាក់ជាតិនិងធុរកិច្ច ដោយសង្កត់ធ្ងន់លើតួនាទីរបស់វិស័យឯកជន និងកិច្ចសហប្រតិបត្តិការសាធារណៈនិងឯកជនក្នុងការជំរុញកំណើន និងការស្តារសេដ្ឋកិច្ច ដោយឆ្លៀតយកកាលានុវត្តភាព និងសក្តានុពលដែលមានស្រាប់ ជំរុញកំណើនថ្មីដូចជា ការអភិវឌ្ឍបៃតង ការធ្វើបរិវត្ដកម្មឌីជីថល នវានុវត្ដន៍ និងការអនុវត្តសមិទ្ធិផលបដិវត្តន៍ឧស្សាហកម្ម ៤.០ ។

ទី៤៖ តាមរយៈសន្និសីទដ៏សំខាន់នេះ លោកនាយករដ្ឋមន្ត្រីនឹងចែករំលែកបទពិសោធន៍ និងសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម និងបញ្ជូនសារអំពីគោលការណ៍ ទិសដៅ និងទម្រង់អភិវឌ្ឍន៍របស់វៀតណាម តាមរយៈនោះ អំពាវនាវឲ្យ WEF បណ្ដាប្រទេស អង្គការអន្តរជាតិនិងសហគមន៍ធុរកិច្ចពិភពលោកពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ វិនិយោគ និងពង្រីកការធ្វើអាជីវកម្មនៅវៀតណាមក្នុងឧស្សាហកម្មអាទិភាព និងទើបលេចធ្លោ ព្រមទាំងរួមចំណែកជំរុញកំណើនបៃតង ការបរិវត្ដកម្មឌីជីថល ការបំប្លែងថាមពល និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការវិនិយោគ អភិវឌ្ឍន៍និងការបណ្តុះបណ្តាលធនធានមនុស្ស។

អ្នកយកព័ត៌មាន៖ តើលោកឯកអគ្គរដ្ឋទូត រំពឹងអ្វីខ្លះពីលទ្ធផលដែលសម្រេចបានក្នុងកម្រិតទ្វេភាគីនៃដំណើរទស្សនកិច្ចនិងការ ចូលរួម WEF របស់នាយករដ្ឋមន្ត្រី Pham Minh Chinh  នៅប្រទេសចិនលើកនេះ? វៀតណាមនិងចិនកំពុងឆ្ពោះទៅខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំខាងមុខ តើភាគីទាំងពីរត្រូវតែធ្វើអ្វីៗដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្ដិការយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយ?

លោកឯកអគ្គរដ្ឋទូត Pham Sao Mai៖ នេះជាលើកទី ២ ហើយក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នា ដែលលោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញទៅបំពេញទស្សនកិច្ច និងចូលរួមសន្និសីទ WEF នៅប្រទេសចិន។ នេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់បក្ស និងរដ្ឋាភិបាលវៀតណាម ចំពោះទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ​វៀតណាម-ចិន។ ក្នុងបរិបទដែលទំនាក់ទំនងរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរកំពុងអភិវឌ្ឍយ៉ាងស៊ីជម្រៅ និងទូលំទូលាយដូចសព្វថ្ងៃនេះ ដំណើរទស្សនកិច្ច និងការចូលរួម WEF Dalian ២០២៤ របស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh  នៅប្រទេសចិនលើកនេះនឹងក្លាយជាឱកាសសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរពិភាក្សាយ៉ាងស៊ីជម្រៅលើវិធានការជាក់លាក់ ដើម្បីបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការព្រមព្រៀងដែលសម្រេចដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងរដ្ឋទាំងពីរ។

ឆ្នាំ ២០២៥ មានអត្ថន័យសំខាន់ក្នុងទំនាក់ទំនងទ្វេភាគី គឺជាឱកាសសម្រាប់ប្រទេសទាំងពីរប្រារព្ធខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូត (១៨ មករា ១៩៥០ / ១៨ មករា ២០២៥)។ ក្នុងរយៈពេលកន្លងមក ក្រោមកិច្ចខិតខំប្រឹងប្រែងរួមរបស់ភាគីទាំងពីរ ទំនាក់ទំនងវៀតណាម-ចិនបានរក្សានូវសន្ទុះអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព និងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។ បន្ទាប់ពីដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រចំនួនពីររបស់លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម (ខែតុលា ឆ្នាំ ២០២២) និង លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន  (ខែធ្នូ ឆ្នាំ ២០២៣) កន្លងមក បក្សទាំងពីរនិងរដ្ឋទាំងពីរបានកំណត់តួនាទីថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគី កសាងសហគមន៍ចែករំលែកអនាគតរួមវៀតណាម-ចិន ដែលមានអត្ថន័យជាយុទ្ធសាស្ត្រ ដោយបន្ដបង្កើតកម្លាំងចលករសម្រាប់បក្សទាំងពីរនិងរដ្ឋទាំងពីរពង្រឹងនិងពង្រីកទំនាក់ទំនងអ្នកជិតខាង មិត្ដភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។

ដើម្បីលើកកម្ពស់បន្ថែមទៀតនូវសក្ដានុពល និងប្រៀបខ្លាំងនៃទំនាក់ទំនងវៀតណាម-ចិន នាពេលខាងមុខ ប្រទេសទាំងពីរត្រូវរក្សាការសម្របសម្រួលយ៉ាងជិតស្និទ្ធនៅគ្រប់លំដាប់ថ្នាក់ គ្រប់បណ្តាញ និងលើគ្រប់វិស័យ ព្រមទាំងបង្កើនការពិនិត្យ  និងវាយតម្លៃការអនុវត្តទស្សនៈរួមដោយថ្នាក់ដឹកនាំជាន់ខ្ពស់ និងលើកកំពស់គុណភាពនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ រួមចំណែកជាក់ស្ដែងសម្រាប់សមិទ្ធិផល និងជំរុញទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរឈានដល់កម្រិតកម្ពស់ថ្មីដោយការជឿទុកចិត្តខាងនយោបាយខ្ពស់; កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិងសន្តិសុខកាន់តែមានប្រសិទ្ធភាព; កិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅ; មូលដ្ឋានសង្គមរឹងមាំ; ការសម្របសម្រួលពហុភាគីកាន់តែជិតស្និទ្ធ; ការខ្វែងគំនិតគ្នាត្រូវបានគ្រប់គ្រង និងដោះស្រាយបានប្រសើរជាង។

ខ្ញុំជឿជាក់យ៉ាងមុតមាំថា ដោយផ្អែកលើសក្ដានុពល តម្រូវការនិងមូលដ្ឋានគ្រឹះនៃទំនាក់ទំនងទ្វេភាគីដែលមានស្រាប់ ជាមួយនឹងការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរួមរបស់បក្សទាំងពីរ  រដ្ឋទាំងពីរនិងប្រជាជនទាំងពីរ កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ចិននឹងអភិវឌ្ឍយ៉ាងខ្លាំងក្លានាពេលខាងមុខ ដើម្បីផលប្រយោជន៍របស់ប្រជាជនទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក៕

អ្នកយកព័ត៌មាន៖ សូមអំណរគុណលោកឯកអគ្គរដ្ឋទូត!

បកប្រែដោយ Pham Diep