ក្នុងបរិយាកាសមិត្តភាព ទំនុកចិត្តនិងយោគយល់គ្នា ភាគីទាំងពីរបានពិភាក្សាលើទិសដៅនិងវិធានការជំរុញកិច្ចសហប្រតិបត្តិការ​ក្នុងវិស័យអភិវឌ្ឍន៍ជាក់ស្តែង និងមានប្រសិទ្ធភាព សំដៅធ្វើឱ្យស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

leftcenterrightdel
លោកប្រធានរដ្ឋ To Lam និងលោក Vladimir Putin ប្រធានាធិបតីសហព័ន្ធរុស្ស៊ី

ភាគីទាំងពីរបានឯកភាពពង្រឹងការផ្លាស់ប្តូរ និងកិច្ចសន្ទនានយោបាយនៅគ្រប់លំដាប់ថ្នាក់ ជាពិសេសនៅកម្រិតខ្ពស់តាមរយៈបណ្តាញ បក្ស រដ្ឋ និងរដ្ឋសភា ព្រមទាំងអប់រំយុវជនជំនាន់ក្រោយអំពីទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការជាប្រពៃណីដើម្បីពង្រឹងនិងលើកកម្ពស់ទំនុកចិត្តខាងនយោបាយ បង្កើតមូលដ្ឋានគ្រឹះអំណោយផលសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ។

ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យអប់រំ-បណ្តុះបណ្តាល វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ... ភាគីទាំងពីរបានឯកភាពបង្កើតលក្ខខណ្ឌសម្រាប់វិស័យទេសចរណ៍ដោយការចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការសម្រួលនីតិវិធីទិដ្ឋាការសម្រាប់ពលរដ្ឋវៀតណាម ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការការងារដោយការចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការងារ។

leftcenterrightdel
លោក Vladimir Putin និងគណៈប្រតិភូជាន់ខ្ពស់សហព័ន្ធរុស្ស៊ី
leftcenterrightdel
លោកប្រធានរដ្ឋ To Lam និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម

ភាគីទាំងពីរមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយ​តបទៅនឹងបញ្ហាប្រឈមសន្តិសុខមិនប្រពៃណី និងសម្របសម្រួលយ៉ាងជិតស្និទ្ធនៅវេទិកាពហុភាគីស្តីពីការពារជាតិនិងសន្តិសុខ ជាពិសេសយន្តការដឹកនាំដោយអាស៊ាន ដូចជាវេទិកាតំបន់អាស៊ាន (ARF) ជាដើម,​ កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS), កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM+) ស្របតាមគោលការណ៍និងបទប្បញ្ញត្តិនៃច្បាប់អន្តរជាតិ។ វៀតណាមបានត្រៀមខ្លួនរួចជាស្រេច លើកកម្ពស់តួនាទីរបស់ខ្លួនជាស្ពានតភ្ជាប់រវាងរុស្ស៊ី និងអាស៊ាន រួមចំណែកជាវិជ្ជមាននិងទទួលខុសត្រូវក្នុងការធានាសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងលើពិភពលោក។

ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់មួយចំនួន និងគាំទ្រការកសាងប្រព័ន្ធទំនាក់ទំនងអន្ដរជាតិប្រជាធិបតេយ្យ និងយុត្តិធម៌ ដោយឈរលើច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ជាពិសេសមិនគំរាមកំហែង ឬ ប្រើប្រាស់កម្លាំងយោធា មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងការដោះស្រាយជម្លោះដោយសន្តិវិធី។ ភាគីទាំងពីរបានអះអាងថានឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធនៅវេទិកាពហុភាគី ជាពិសេសអង្គការសហប្រជាជាតិ និង APEC ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអាស៊ាន - រុស្ស៊ី, អាស៊ាន - SCO និងអាស៊ាន - EAEU; គាំទ្រតួនាទីមជ្ឈភាពរបស់អាស៊ានក្នុងរចនាសម្ព័ន្ធតំបន់នៅអាស៊ីប៉ាស៊ីហ្វិក; បន្តពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-រុស្ស៊ី ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍ក្នុងតំបន់ និងលើពិភពលោក។ លោកប្រធានាធិបតី Vladimir Putin បានអះអាងថា រុស្ស៊ីគាំទ្រវៀតណាមក្នុងការរៀបចំឆ្នាំ APEC ២០២៧ ប្រកបដោយជោគជ័យ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សាការងារ
leftcenterrightdel
លោកប្រធានរដ្ឋ To Lam និងលោកប្រធានាធិបតី Vladimir Putin អញ្ជើញជាអធិបតីក្នុងការផ្លាស់ប្តូរឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគី

អំពីសមុទ្រខាងកើត ភាគីទាំងពីរគាំទ្រការធានាសន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ និងអាកាសចរណ៍។ មិនប្រើកម្លាំង ឬគំរាមកំហែងប្រើប្រាស់កម្លាំងយោធា ដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ជាពិសេស UNCLOS 1982; គាំទ្រការអនុវត្តយ៉ាងពេញលេញនិងប្រកបដោយប្រសិទ្ធភាពនៃសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងឆាប់សម្រេចបាននូវក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC)៕

នៅចុងបញ្ចប់នៃកិច្ចពិភាក្សា លោកប្រធានរដ្ឋ To Lam និងលោកប្រធានាធិបតី Vladimir Putin បានអញ្ជើញជាអធិបតីក្នុងការផ្លាស់ប្តូរឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យអប់រំនិងបណ្តុះបណ្តាល ការដឹកជញ្ជូន យុត្តិធម៌ គយ ហិរញ្ញវត្ថុ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រួមទាំងកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំឧត្តមសិក្សាផងដែរ៕

បកប្រែដោយ Pham Diep