ដោយចាត់ទុកថា ការធ្វើបរិវត្តកម្មបៃតងគឺជានិន្នាការពិភពលោក ហើយវៀតណាមមិនឈរខាងក្រៅឡើយ ថែមទាំងប្តេជ្ញាអនុវត្តទាល់តែបាន។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យរដ្ឋាភិបាលអាល្លឺម៉ង់ជួយឧបត្ថម្ភ និងបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយវៀតណាមក្នុងដំណើរការអនុវត្តភាពជាដៃគូបរិវត្តកម្មថាមពលដោយសមធម៌ (JETP); ផ្តល់ទុនអនុគ្រោះ ផ្ទេរបច្ចេកវិទ្យា បណ្តុះបណ្តាលធនធានមនុស្ស ចែករំលែកបទពិសោធន៍គ្រប់គ្រងក្នុងការធ្វើបរិវត្តកម្មថាមពល ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ប្រកបដោយនិរន្តរភាព។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសម្តែងនូវការរីករាយជាមួយលទ្ធផលល្អរវាងប្រទេសទាំងពីរលើវិស័យពលកម្ម  អប់រំ និងបណ្តុះបណ្តាល ព្រមទាំងស្នើឱ្យអាល្លឺម៉ង់ផ្តល់អាហារូបករណ៍បន្ថែមទៀតសម្រាប់និស្សិតវៀតណាម។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យភាគីទាំងពីរបង្កើនការផ្លាស់ប្តូរនិស្សិតរវាងបណ្តាសាកលវិទ្យាល័យ; ជំរុញកិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជួយវៀតណាមអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់កម្លាំងពលកម្មវៀតណាម មានឱកាសទៅធ្វើការនៅអាល្លឺម៉ង់។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបលោក Guido Hildner ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំវៀតណាម (រូបថត៖ vnanet.vn)

លោកឯកអគ្គរដ្ឋទូត Guido Hildner បានវាយតំលៃខ្ពស់ចំពោះដំណើរការអភិវឌ្ឍរបស់វៀតណាមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជាពិសេសក្នុងការអភិវឌ្ឍបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព។ លោកឯកអគ្គរដ្ឋទូត Guido Hildner បានឲ្យដឹងថា អាល្លឺម៉ង់យកចិត្តទុកដាក់យ៉ាងខ្លាំង និងត្រៀមខ្លួនជាស្រេចស្វាគមន៍ពលករជំនាញពីវៀតណាមទៅធ្វើការនៅប្រទេសអាល្លឺម៉ង់ ព្រមទាំងស្វាគមន៍និស្សិតវៀតណាមកាន់តែច្រើនឡើងមកសិក្សា និងស្រាវជ្រាវនៅអាល្លឺម៉ង់។ លោកឯកអគ្គរដ្ឋទូត Guido Hildner បានឲ្យដឹងថា អាល្លឺម៉ង់វាយតំលៃខ្ពស់ចំពោះកិច្ចសន្យារបស់វៀតណាម ក្នុងការកាត់បន្ថយការបំភាយឧស្ម័នសុទ្ធដល់សូន្យត្រឹមឆ្នាំ ២០៥០ នៅសន្និសីទលើកទី ២៦ នៃភាគីនានាចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26) ក៏ដូចជាកិច្ចខិតខំប្រឹងប្រែង និងបន្តសកម្មភាព ដើម្បីជំរុញការផ្លាស់ប្តូរថាមពល។ លោកឯកអគ្គរដ្ឋទូត Guido Hildner មានគោលបំណងចង់ចូលរួមយ៉ាងខ្លាំងក្លាថែមទៀតក្នុងដំណើរការធ្វើបរិវត្តកម្មថាមពលរបស់វៀតណាម គាំទ្រយ៉ាងសកម្មវៀតណាមក្នុងការអនុវត្តកិច្ចព្រមព្រៀងក្នុងក្របខ័ណ្ឌ JETP។

ស្តីពីបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកឯកអគ្គរដ្ឋទូត Guido Hildner បានឯកភាពលើគោលការណ៍ជាមូលដ្ឋាន និងគោរពច្បាប់អន្តរជាតិ ដើម្បីរក្សា និងជំរុញសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងនៅលើពិភពលោក។ ក្នុងនោះ ធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត; ដោះស្រាយជំលោះដោយសន្តិវិធី ដោយឈរលើច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) រួមចំណែករក្សាសន្តិសុខ សុវត្ថិភាព សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅសមុទ្រខាងកើត៕

បកប្រែដោយ Huyen Trang