លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបអគ្គនាយកហិរញ្ញវត្ថុសម្ព័ន្ធក្រុមហ៊ុន Samsung
កប.អនឡាញ - នារសៀលថ្ងៃទី ៩ ឧសភា នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបលោក Park Hark Kyu អគ្គនាយកទទួលបន្ទុកហិរញ្ញវត្ថុនៃសម្ព័ន្ធក្រុមហ៊ុន Samsung (កូរ៉េខាងត្បូង) ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា រដ្ឋាភិបាលវៀតណាមជានិច្ចកាលយកចិត្តទុកដាក់លើការកែលម្អបរិយាកាសវិនិយោគ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសបរទេសធ្វើអាជីវកម្មរយៈពេលវែងនៅវៀតណាម។ ព្រមទាំងបន្តរួមដំណើរ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សម្ព័ន្ធក្រុមហ៊ុនវិនិយោគ ធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅវៀតណាម។
    |
 |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបលោក Park Hark Kyu អគ្គនាយកទទួលបន្ទុកហិរញ្ញវត្ថុនៃសម្ព័ន្ធក្រុមហ៊ុន Samsung (រូបថត៖ vnanet.vn) |
លោក Park Hark Kyu ឲ្យដឹងថា មកទល់នឹងពេលនេះ សម្ព័ន្ធក្រុមហ៊ុន Samsung បានបណ្តាក់ទុននៅវៀតណាម ដោយមានដើមទុនសរុបរហូតដល់ ២២,៤ ពាន់លានដុល្លារអាមេរិក។ ទន្ទឹមនឹងការវិនិយោគលើការស្រាវជ្រាវ អភិវឌ្ឍន៍ ការផលិត និងការនាំចេញផលិតផលអេឡិចត្រូនិកនិងបច្ចេកវិទ្យាខ្ពស់ សម្ព័ន្ធក្រុមហ៊ុន Samsung បាននិងកំពុងវិនិយោគលើការផលិតឧស្សាហកម្មបន្ទាប់បន្សាំ និងបណ្តុះបណ្តាលធនធានមនុស្សសម្រាប់អាជីវកម្មវៀតណាម។ ជួយគាំទ្រធុរកិច្ចវៀតណាមចូលរួមក្នុងសង្វាក់ផលិតកម្ម និងផ្គត់ផ្គង់របស់ Samsung...
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យ Samsung សម្របសម្រួលយ៉ាងជិតស្និទ្ធ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រឹះស្ថានបណ្តុះបណ្តាលដែលមានទីតាំងនៅមជ្ឈមណ្ឌលនវានុវត្ដន៍ជាតិដែលត្រូវបានបង្កើតឡើងដោយផ្អែកលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងភាគីទាំងពីរ; បង្កើនការវិនិយោគនិងពង្រីកមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ ជួយគាំទ្រសកម្មភាពចាប់ផ្តើមអាជីវកម្ម នវានុវត្ដន៍និងបណ្តុះបណ្តាលធនធានមនុស្សមានគុណភាពខ្ពស់នៅប្រទេសវៀតណាម។
ស្វាគមន៍និងគាំទ្រផែនការផលិតកម្មរបស់ក្រុមហ៊ុន Samsung នាពេលខាងមុខ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើ Samsung បន្តជួយវៀតណាមលើកកំពស់សមត្ថភាពរបស់សហគ្រាសក្នុងប្រទេសដើម្បីអាចចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់សម្ព័ន្ធក្រុមហ៊ុន។ ព្រមទាំងចាត់ទុកវៀតណាមជាទីតាំងផលិតកម្មយុទ្ធសាស្ត្រ និងនាំចេញផលិតផលសំខាន់ៗទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសក្នុងបរិបទនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងសហភាពអឺរ៉ុប (EU) - EVFTA និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) បានចូលជាធរមាន៕
បកប្រែដោយ Pham Diep