លោក Pham Minh Chinh និងលោកស្រី He Rong សម្ដែងនូវសេចក្តីសោមនស្សរីករាយដោយបានមើលឃើញថា ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ទំនាក់ទំនងអ្នកជិតខាង មិត្តភាព ដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាម និងចិន បានអភិវឌ្ឍដ៏ល្អ និងសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ហើយសង្កត់ធ្ងន់លើសារៈសំខាន់ក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យច្បាប់ និងយុត្តិធម៌រវាងប្រទេសទាំងពីរ។ លោកស្រី He Rong បានជម្រាបជូនលោក Pham Minh Chinh អំពីលទ្ធផលនៃកិច្ចប្រជុំជាមួយក្រសួង ស្ថាប័ននានារបស់វៀតណាម បន្តរួមចំណែកអនុវត្តកិច្ចព្រមព្រៀងដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរសម្រេចបាន។

leftcenterrightdel
លោក Pham Minh Chinh និងលោកស្រី He Rong (រូបថត៖ vnanet.vn)

លោក Pham Minh Chinh បានអះអាងថា រដ្ឋាភិបាលវៀតណាមតែងតែយកចិត្តទុកដាក់ គាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យច្បាប់ និងយុត្តិធម៌រវាងក្រសួងទាំងពីរ និងផ្នែកយុត្តិធម៌នៃប្រទេសទាំងពីរ។ លោក Pham Minh Chinh បានស្នើឲ្យក្រសួងយុត្តិធម៌នៃប្រទេសទាំងពីរអនុវត្តអនុស្សារណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខា បន្តជំរុញសកម្មភាពសហប្រតិបត្តិការឲ្យកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាពថែមទៀត នាពេលខាងមុខ។ លោកស្រី He Rong បានអះអាងថា លោកស្រី នឹងសហការជាមួយក្រសួងយុត្តិធម៌វៀតណាម ក្នុងការជំរុញឲ្យសកម្មភាពសហប្រតិបត្តិការកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាព ស្របតាមកិច្ចព្រមព្រៀងដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរសម្រេចបាន។

* នារសៀលថ្ងៃដដែល នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស លោក Phan Dinh Trac សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការកិច្ចការផ្ទៃក្នុងមជ្ឈិម បានទទួលជួបលោកស្រី He Rong។

លោក Phan Dinh Trac បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌នៃប្រទេសទាំងពីរនាពេលកន្លងមកនេះ។ លោកសង្កត់ធ្ងន់ថា វៀតណាម ត្រៀមខ្លួនជាស្រេចធ្វើការជាមួយចិន ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងអនុវត្តយ៉ាងល្អនូវទស្សនៈរួមជាន់ខ្ពស់ សេចក្តីថ្លែងការណ៍រួម និងឯកសារនៃកិច្ចសហប្រតិបត្តិការដែលបានចុះហត្ថលេខារវាងភាគីទាំងពីរ រួមទាំងលើវិស័យយុត្តិធម៌ និងច្បាប់។ លោក Phan Dinh Trac បានស្នើថា ភាគីទាំងពីរបង្កើនការចែករំលែកលទ្ធផលស្រាវជ្រាវទ្រឹស្តី និងចែករំលែកបទពិសោធន៍ក្នុងការកសាងនីតិរដ្ឋសង្គមនិយម ការទប់ស្កាត់ និងត្រួតពិនិត្យអំពើពុករលួយ និងការគ្រប់គ្រងសិទ្ធិ និងប្រឆាំងផលប្រយោជន៍ក្រុមក្នុងការកសាងច្បាប់។ល។

លោកស្រី He Rong បានអបអរសាទរចំពោះសមិទ្ធផលដែលវៀតណាមសម្រេចបាននាពេលកន្លងមកនេះ ហើយអះអាងថា ក្រសួងយុត្តិធម៌ចិនត្រៀមខ្លួនជាស្រេចធ្វើការជាមួយគណៈកម្មាធិការកិច្ចការផ្ទៃក្នុងមជ្ឈិម និងស្ថាប័នពាក់ព័ន្ធរបស់វៀតណាម ដើម្បីអនុវត្តទស្សនៈរួមជាន់ខ្ពស់ និងឯកសារដែលបានចុះហត្ថលេខា ដើម្បីជម្រុញឲ្យកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងវិស័យយុត្តិធម៌ និងច្បាប់ សម្រេចបានលទ្ធផលវិជ្ជមាន និងជាក់ស្ដែងថែមទៀត៕

បកប្រែដោយ Thuy Anh