លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ឲ្យដឹងថា ដំណើរទស្សនកិច្ចនេះ រួមចំណែកជាវិជ្ជមានក្នុងការពង្រឹងទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកាណាដាក្នុងបរិបទដែលប្រទេសទាំងពីរទើបតែប្រារព្ធខួបលើកទី ៥០ នៃការ​បង្កើតទំនាក់ទំនងការទូត។

លោកស្រីរដ្ឋមន្ត្រី Mary Ng បានឲ្យដឹងថា គណៈប្រតិភូពាណិជ្ជកម្មកាណាដា មកបំពេញទស្សនកិច្ចនៅវៀតណាមលើកនេះមានមនុស្សជាង ២៥០នាក់ រួមទាំងតំណាងអង្គភាពអាជីវកម្មកាណាដាឈានមុខគេចំនួន ២០០ ដែលបង្ហាញពីចំណាប់អារម្មណ៍ និងការប្តេជ្ញាចិត្តរបស់អង្គភាពអាជីវកម្មក្នុងការស្វែងរក និងបន្តជំរុញការវិនិយោគនៅវៀតណាម។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបលោកស្រីរដ្ឋមន្ត្រី Mary Ng (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកស្រីរដ្ឋមន្ត្រី Mary Ng មានក្ដីសប្បាយរីករាយដោយឃើញថា ទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរកំពុងអភិវឌ្ឍន៍យ៉ាងស៊ីជម្រៅលើគ្រប់វិស័យ។ បច្ចុប្បន្នកាណាដាគឺជាដៃគូពាណិជ្ជកម្មធំជាងគេទីបីរបស់វៀតណាមនៅក្នុងទ្វិបអាមេរិក ហើយវៀតណាមគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កាណាដានៅក្នុង​តំបន់អាស៊ាន។

អំពីស្ថានភាពនៅវៀតណាមនិងគោលនយោបាយការបរទេសរបស់វៀតណាម លោកនាយករដ្ឋមន្ត្រី Pham Minh Chinh សង្ឃឹមថា កាណាដានឹងបន្តសហការជាមួយវៀតណាមដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់និងពិភពលោក។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ស្នើឱ្យភាគីទាំងពីរបន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីជំរុញការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់នៅគ្រប់លំដាប់ថ្នាក់ អនុវត្ដប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការដែលមានស្រាប់ និងស្រាវជ្រាវ បង្កើតយន្តការសហប្រតិបត្តិការថ្មី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ការផ្លាស់ប្ដូរបៃតង ការធ្វើបរិវត្ដកម្មឌីជីថល និងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ឧស្សាហកម្មកែច្នៃ ការផលិត ការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ថាមពល វិទ្យាសាស្ត្រ- បច្ចេកវិទ្យា ការអប់រំ-បណ្តុះបណ្តាល...

លោកនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណ និងមានបំណងចង់ឲ្យកាណាដាបន្តយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយ​ផលបន្ថែមទៀតសម្រាប់សហគមន៍វៀតណាមនៅកាណាដាក្នុងការរស់នៅការ សិក្សា និងការធ្វើអាជីវកម្មនៅកាណាដា។

លោកស្រីរដ្ឋមន្ត្រី Mary Ng អះអាងថា កាណាដា វាយតំលៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងអាស៊ាន ក៏ដូចជាតួនាទីរបស់វៀតណាម និងអាស៊ានក្នុងយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់កាណាដា។ ព្រមទាំងលោកស្រីរដ្ឋមន្ត្រីមានបំណងថា វៀតណាមនិងកាណាដា ជំរុញការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា និងគាំទ្រកាណាដាធ្វើជាប្រធានប្ដូរវេននៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) នៅឆ្នាំ ២០២៤។

អំពីបញ្ហាអន្តរជាតិ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើកាណាដាគាំទ្រគោលជំហរ និងទស្សនៈរបស់អាស៊ាន និងវៀតណាមលើបញ្ហាសមុទ្រខាងកើត រួមទាំងការធានាសុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរផងដែរ។ ដោះស្រាយវិវាទដោយសន្តិវិធី គោរពច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS); គាំទ្រការអនុវត្តប្រកបដោយប្រសិទ្ធភាព និងពេញលេញនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងបង្កើតក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC)៕

បកប្រែដោយ Pham Diep