លោកអគ្គលេខាបក្ស Nguyen Phu Trong បានអបអរសាទរយ៉ាងកក់ក្តៅចំពោះលោកប្រធានាធិបតី Putin ដែលត្រូវបានប្រជាជនរុស្ស៊ីជឿទុកចិត្ត បោះឆ្នោតជ្រើសតាំងជាប្រធានាធិបតីរុស្ស៊ីជាថ្មីម្តងទៀតសម្រាប់អាណត្តិ ២០២៤-២០៣០ ជាមួយនឹងចំនួនសំឡេងឆ្នោតគាំទ្រយ៉ាងច្រើនលើសលប់ក្នុងប្រវត្តិសាស្ត្រទំនើបរបស់រុស្ស៊ី ដែលបង្ហាញពីការជឿទុកចិត្ត និងការគាំទ្ររបស់ប្រជាជនរុស្ស៊ីចំពោះលោកប្រធានាធិបតី Putin ក្នុងការដឹកនាំប្រទេសរុស្ស៊ី អភិវឌ្ឍក្នុងសម័យកាលថ្មី។ លោកអគ្គលេខាបក្ស Nguyen Phu Trong ក៏បានផ្តាំផ្ញើការសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅជូនចំពោះលោកប្រធានាធិបតី Putin ប្រជាជនរុស្ស៊ី និងសាច់ញាតិជនរងគ្រោះក្នុងការវាយប្រហារភេរវកម្មនៅទីក្រុងម៉ូស្គូនៅថ្ងៃទី ២២ ខែមីនា។

leftcenterrightdel
លោកអគ្គលេខាបក្ស Nguyen Phu Trong នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ (រូបថត៖ vnanet.vn)

លោកអគ្គលេខាបក្ស Nguyen Phu Trong បានអះអាងថា វៀតណាមវាយតំលៃខ្ពស់ចំពោះការជួយឧបត្ថម្ភដ៏ធំធេងរបស់រុស្ស៊ីក្នុងអតីតសហភាពសូវៀតកាលពីមុន ក៏ដូចជាសព្វថ្ងៃនេះសម្រាប់ប្រទេស និងប្រជាជនវៀតណាម។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់ថា វៀតណាមកំណត់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយរុស្ស៊ីជាអាទិភាពមួយក្នុងចំណោមអាទិភាពចម្បងក្នុងគោលនយោបាយការបរទេសរបស់ខ្លួន។

លោកប្រធានាធិបតី Putin បានអះអាងថា វៀតណាមតែងតែជាមិត្ត និងដៃគូដែលអាចទុកចិត្តបានរបស់រុស្ស៊ី ព្រមទាំងសម្តែងនូវសេចក្តីរីករាយចំពោះការអភិវឌ្ឍជាវិជ្ជមាននៃទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ។ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សា និងឯកភាពលើទិសដៅសំខាន់ៗមួយចំនួន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលខាងមុខលើវិស័យដូចជា ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច-ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍។ល។

ក្នុងឱកាសនេះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានគោរពអញ្ជើញលោកប្រធានាធិបតី Putin អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមនាពេលឆាប់ៗខាងមុខ។ លោកប្រធានាធិបតី Putin បានទទួលយកការអញ្ជើញនេះហើយបានយល់ព្រមថាភាគីទាំងពីរនឹងសម្របសម្រួលរៀបចំដំណើរទស្សនកិច្ចនៅពេលវេលាសមស្របមួយ៕

បកប្រែដោយ Huyen Trang