វៀតណាមសន្យាថានឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចអាល្លឺម៉ង់
កប.អនឡាញ - នារសៀលថ្ងៃទី២៦ ខែកុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមបានទទួលជួបលោក Roland Busch ប្រធាននិងជាអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Siemens (សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់) ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
ដោយវាយតំលៃខ្ពស់ចំពោះតួនាទី និងកិត្យានុភាពជួរមុខរបស់អាល្លឺម៉ង់នៅអឺរ៉ុប និងពិភពលោក លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានឲ្យដឹងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការពង្រឹងទំនាក់ទំនងជាមួយអាល្លឺម៉ង់ ឲ្យកាន់តែស៊ីជម្រៅលើគ្រប់វិស័យ។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា វៀតណាមបន្តកែលម្អប្រព័ន្ធច្បាប់ និងគោលនយោបាយ កែលម្អបរិយាកាសវិនិយោគនិងធ្វើអាជីវកម្ម ព្រមទាំងសន្យានឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចទាំងឡាយ រួមទាំងធុរកិច្ចអាល្លឺម៉ង់ដូចជា Siemens វិនិយោគ និងធ្វើអាជីវកម្មរយៈពេលវែងនិងមានប្រសិទ្ធភាពនៅវៀតណាម។ ទន្ទឹមនឹងនោះ ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ធុរកិច្ចក្នុងគ្រប់ករណីទាំងអស់ ដោយឈរលើមូលដ្ឋាននៃផលប្រយោជន៍គ្នាទៅវិញទៅមក។
    |
 |
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh និងលោក Roland Busch ប្រធាននិងជាអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Siemens (រូបថត៖ vnanet.vn) |
លោក Roland Busch ប្រធាននិងជាអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Siemens បានឲ្យដឹងថា សម្ព័ន្ធក្រុមហ៊ុន Siemens មានបំណងចង់ពង្រីកកិច្ចសហប្រតិបត្ដិការ ការវិនិយោគនិងការធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសលើវិស័យបរិវត្ដកម្មឌីជីថល ការផ្លាស់ប្តូរបៃតង និងការផលិតរថយន្តអគ្គិសនី ហេដ្ឋារចនាសម្ព័ន្ធសម្រាប់មជ្ឈមណ្ឌលទិន្នន័យជាតិ ...។
លោកនាយករដ្ឋមន្ត្រី មានបំណងចង់ឱ្យសម្ព័ន្ធក្រុមហ៊ុន Siemens ផ្ទេរបច្ចេកវិទ្យាដើម្បីអភិវឌ្ឍឧស្សាហកម្មថាមពលកកើតឡើងវិញឱ្យវៀតណាម; ពង្រីកការផលិតកម្ម និងទីផ្សាររថយន្តអគ្គិសនី; សហការនិងគាំទ្រវៀតណាមក្នុងការធ្វើបរិវត្ដកម្មឌីជីថលលើគ្រប់វិស័យនៃជីវិតសង្គម និងមានបំណងចង់ឲ្យ Siemens សាងសង់មជ្ឈមណ្ឌលស្រាវជ្រាវអភិវឌ្ឍន៍នៅវៀតណាម។ លើសពីនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យសម្ព័ន្ធក្រុមហ៊ុន Siemens ផ្ទេរបច្ចេកវិទ្យា វិទ្យាសាស្ត្រ គ្រប់គ្រង បណ្តុះបណ្តាលធនធានមនុស្ស ជំនួយដើមទុន ... ដើម្បីវៀតណាមអភិវឌ្ឍប្រព័ន្ធផ្លូវដែក រួមទាំងផ្លូវរថភ្លើងក្នុងទីក្រុង និងផ្លូវរថភ្លើងល្បឿនលឿន ។
ដោយយល់ស្របនឹងមតិរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh លោក Roland Busch បានឲ្យដឹងថា នាពេលខាងមុខ សម្ព័ន្ធក្រុមហ៊ុន Siemens នឹងបន្តជួយវៀតណាមក្នុងការបណ្តុះបណ្តាលធនធានមនុស្ស; ជួយធុរកិច្ចវៀតណាមឈានទៅដល់ពិភពលោក; ហើយនឹងធ្វើការជាមួយក្រសួង ស្ថាប័ន និងមូលដ្ឋានរបស់វៀតណាមដើម្បីដាក់ចេញគម្រោងជាក់លាក់ និងអនុវត្ដឲ្យបានសម្រេចនូវសំណើរបស់លោកនាយករដ្ឋមន្ត្រី៕
បកប្រែដោយ Pham Diep