ថ្លែងសុន្ទរកថាក្នុងកិច្ចសន្ទនា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ដើម្បីជំរុញការធ្វើបរិវត្តកម្ម ការស្ថាបនា និងបង្កើតកម្លាំងចលករថ្មីសម្រាប់កំណើន វៀតណាមនឹងផ្តោតសំខាន់ទៅលើដំណោះស្រាយចំនួន ៤ ក្រុម។ ទីមួយ ផ្តោតលើការពិនិត្យឡើងវិញ កែលម្អស្ថាប័ននិងច្បាប់ ជាមួយនឹងស្មារតីបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់អង្គភាពអាជីវកម្ម និងវិនិយោគិន។ ទីពីរ ផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ទីបី អភិវឌ្ឍធនធានមនុស្សដោយផ្តោតលើការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។ ទីបួន រៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ដោយផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ថ្មីគំរូកំណើន ដោយផ្តល់អាទិភាពដល់ការអភិវឌ្ឍឧស្សាហកម្មថាមពលកកើតឡើងវិញ បរិវត្តកម្មបៃតង បរិវត្តកម្មឌីជីថល ឧស្សាហកម្ម semiconductor និងជំរុញនវានុវត្តន៍។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងសុន្ទរកថាក្នុងកិច្ចសន្ទនាយុទ្ធសាស្ត្រជាតិរវាងវៀត ណាម និង WEF (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមកំពុងជំរុញខ្លាំងនូវការធ្វើបរិវត្តកម្ម រួមទាំងបរិវត្តកម្មសេដ្ឋកិច្ច ផ្លាស់ថ្មីកម្លាំងចលករកំណើនចាស់ (ការវិនិយោគ ការនាំចេញ ការប្រើប្រាស់) និងជំរុញកម្លាំងចលករកំណើនថ្មី; បរិវត្តកម្មឌីជីថល បរិវត្តកម្មបៃតង; បរិវត្តកម្មយន្តការ និងគោលនយោបាយ ក៏ដូចជាបរិវត្តកម្មធនធានមនុស្សផងដែរ។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យ WEF និងសមាជិកនានាបន្តសហប្រតិបត្តិការជាមួយវៀតណាម; អំពាវនាវឱ្យវិនិយោគិនបង្កើនការវិនិយោគលើវិស័យអាទិភាព ដូចជានវានុវត្តន៍ វិទ្យាសាស្ត្រ បច្ចេកវិទ្យាខ្ពស់ ក្នុងនោះមានបច្ចេកវិទ្យា semiconductor និងបញ្ញាសិប្បនិម្មិត។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងសុន្ទរកថាក្នុងកិច្ចសន្ទនាយុទ្ធសាស្ត្រជាតិរវាងវៀត ណាម និង WEF (រូបថត៖ vnanet.vn)

ថ្នាក់ដឹកនាំ WEF និងតំណាងសហគ្រាសនានាបានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលក្នុងការស្តារឡើងវិញ ការអភិវឌ្ឍកំណើននៃមាត្រដ្ឋានសេដ្ឋកិច្ច មាត្រដ្ឋានពាណិជ្ជកម្ម ក៏ដូចជាការប្តេជ្ញាចិត្តធ្វើបរិវត្តកម្ម និងយថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាម ដោយវាយតម្លៃថា វៀតណាមគឺជាចំណុចភ្លឺមួយក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញក្នុងតំបន់។ WEF ក៏បានចាត់ទុកថា វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលទទួលបានការយកចិត្តទុកដាក់ច្រើនបំផុតពីសហគមន៍ធុរកិច្ចនៅក្នុងកិច្ចប្រជុំលើកនេះ។

នាថ្ងៃដដែល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានថ្លែងសុន្ទរកថាក្នុងកិច្ចសន្ទនាគោលនយោបាយ “វៀតណាម៖ តម្រង់ទិសចក្ខុវិស័យសកល”។ នេះគឺជាវគ្គសន្ទនាមួយក្នុងចំណោមវគ្គសន្ទនាចំនួន ៨ ជាមួយប្រមុខរដ្ឋ និងរដ្ឋាភិបាលដែលរៀបចំដោយវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅ WEF Davos ឆ្នាំ២០២៤។ វគ្គសន្ទនាគោលនយោបាយរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ត្រូវបានស្នើឡើងដោយ WEF ដែលកំណត់ថាជាវគ្គប្រជុំសំខាន់នៅ WEF  Davos ឆ្នាំ២០២៤។ វគ្គសន្ទនាជួយជំរុញទំនាក់ទំនងជាមួយដៃគូ និងបញ្ជូនសារដ៏រឹងមាំអំពីវៀតណាមដែលកំពុងអភិវឌ្ឍយ៉ាងស្វាហាប់ ប្រកបដោយភាពច្នៃប្រឌិត គឺជាទិសដៅវិនិយោគដ៏ទាក់ទាញ សមាជិកដែលមានទំនួលខុសត្រូវ និងជាគំរូក្នុងវិស័យជាច្រើននៃ សហគមន៍អន្តរជាតិ៕

បកប្រែដោយ Huyen Trang