នៅក្នុងជំនួប លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមបានអះអាងថា វៀតណាមចាត់ទុកការអភិវឌ្ឍទំនាក់ទំនងជាមួយចិនជាជម្រើសយុទ្ធសាស្ត្រ និងជាអាទិភាពឈានមុខគេក្នុងគោលនយោបាយការបរទេសរបស់វៀតណាម។ លោក Pham Minh Chinh បានសង្កត់ធ្ងន់លើទស្សនៈរួមសំខាន់ៗដែលទទួលបាន ដោយអគ្គលេខាបក្សទាំងពីរសម្រេចបានក្នុងដំណើរទស្សនកិច្ចលើកនេះ ជាពិសេសការកំណត់ទិសដៅថ្មីសម្រាប់ទំនាក់ទំនងនៃបក្សទាំងពីរ និងប្រទេសទាំងពីរ ការកសាង “សហគមន៍ចែករំលែកអនាគតវៀតណាម-ចិនមានអត្ថន័យ​ជាយុទ្ធសាស្ត្រ”

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោក Xi Jinping អគ្គលេខាបក្ស ប្រធានរដ្ឋចិន

លោក Pham Minh Chinh បានស្នើឱ្យភាគីចិនបន្តពង្រីកការនាំចូលទំនិញ កសិផល និងជលផលរបស់វៀតណាម; ជំរុញខ្លាំងថែមទៀតនូវការវិនិយោគនៅវៀតណាម ជាពិសេស ក្នុងពេលឆាប់ៗនេះ មានគម្រោងធំៗ និងលេចធ្លោនៅក្នុងវិស័យដែលប្រទេសចិនមានប្រៀបខ្លាំងខាងបច្ចេកវិទ្យាខ្ពស់ បរិវត្តកម្មបៃតង និងការសាងសង់ហេដ្ឋារចនា សម្ព័ន្ធយុទ្ធសាស្ត្រ; ដោះស្រាយចប់ការជំពាក់ជំពិនដ៏រ៉ាំរ៉ៃ នៅក្នុងគម្រោងមួយចំនួន; ពន្លឿនការអនុវត្តគម្រោងផ្ដល់ជំនួយឥតសំណង ពង្រីកកិច្ចសហប្រតិបត្តិការ ហិរញ្ញវត្ថុ និងរូបិយវត្ថុ; ស្រាវជ្រាវ បង្កើតក្រុមការងារជំរុញការស្តារទេសចរណ៍រវាងប្រទេសទាំងពីរ; បង្កើនការផ្លាស់ប្តូររវាងប្រជាជននៅមូលដ្ឋាននៃប្រទេសទាំងពីរ។

លោក Xi Jinping អគ្គលេខាបក្ស ប្រធានរដ្ឋចិនបានសម្តែងការគាំទ្រចំពោះមតិរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ដោយបញ្ជាក់ថា ចិននិងវៀតណាមគឺជាដៃគូ សំខាន់របស់គ្នាទៅវិញទៅមកហើយស្នើឲ្យភាគីទាំងពីរពន្លឿនការតភ្ជាប់យុទ្ធសាស្ត្រ និងដាក់ពង្រាយប្រកបដោយប្រសិទ្ធភាពនូវផែនការសហប្រតិបត្តិការតភ្ជាប់ក្របខ័ណ្ឌ “ច្រករបៀងពីរ ខ្សែក្រវ៉ាត់មួយ” ជាមួយនឹងគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់និងផ្លូវ”។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

ទាក់ទិននឹងទិសដៅសហប្រតិបត្តិការនាពេលខាងមុខ លោក Xi Jinping បានស្នើខ្លឹមសារស្នូលៗមួយចំនួន៖ ទីមួយ រួមគ្នាជួយទ្រទ្រង់និងជំរុញការស្ដារឡើងវិញនៃសេដ្ឋកិច្ច និងពាណិជ្ជកម្ម រួមទាំងពាណិជ្ជកម្មកសិផល; ចិនត្រៀមខ្លួនជាស្រេចពង្រីកការនាំចូលទំនិញ និងកសិផលប្រកបដោយគុណភាពខ្ពស់ពីប្រទេសវៀតណាម។ ទី២ ពង្រឹងកិច្ចសហប្រតិបត្តិការសំដៅរក្សាសន្តិសុខ ស្ថិរភាព សណ្តាប់ធ្នាប់សង្គម; បង្កើនការផ្លាស់ប្តូរវប្បធម៌ និងការជួបប្រាស្រ័យប្រជាជន។ ទី៣ ពង្រឹងការសម្របសម្រួលនៅវេទិកាពហុភាគី រួមគ្នាជំរុញការកសាងសណ្តាប់ធ្នាប់អន្តរជាតិដោយបើកចំហ និងយុត្តិធម៌។  ទី៤ អនុវត្តយ៉ាងម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀង និងទស្សនៈរួមកម្រិតខ្ពស់ គ្រប់គ្រង និងដោះស្រាយការខ្វែងគំនិតឱ្យបានសមហេតុផល រួមគ្នារក្សាសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងលើពិភពលោក៕

បកប្រែដោយ Huyen Trang