ពង្រឹងទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងចិន
កប.អនឡាញ - នារសៀលថ្ងៃទី៣០ ខែវិច្ឆិកា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស លោកស្រី Truong Thi Mai សមាជិកការិយាល័យនយោបាយ លេខាប្រចាំការគណៈលេខាមជ្ឈិមបក្ស និងជាប្រធានគណៈចាត់តាំងមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានទទួលជួបគណៈប្រតិភូសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន ដឹកនាំដោយលោក Wang Yong សមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាមដើម្បីចូលរួមកម្មវិធីជួបប្រាស្រ័យមិត្តភាពលើកទី២ រវាងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន និងរវាងរណសិរ្សមាតុភូមិនៃខេត្តជាប់ព្រំដែនទាំង ៧ នៃប្រទេសវៀតណាម និងសភាប្រឹក្សានយោបាយប្រជាជននៃបណ្តាខេត្ត - តំបន់ស្វយ័តជាប់ព្រំដែនរបស់ចិន។
នៅក្នុងជំនួបនេះ លោកស្រី Truong Thi Mai បានសង្កត់ធ្ងន់ថា ចិនគឺជាអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសរបស់វៀតណាម ទន្ទឹមនឹងនោះលោកស្រីបានសម្តែងនូវក្តីសប្បាយរីករាយចំពោះការអភិវឌ្ឍដ៏ល្អនៃទំនាក់ទំនងវៀតណាម-ចិន។ លោកស្រីក៏បានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់រណសិរ្សមាតុភូមិវៀតណាម សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនក្នុងជីវភាពនយោបាយ និងសង្គមរបស់ប្រទេសនីមួយៗ ជាពិសេសក្នុងការលើកកំពស់កម្លាំងនៃប្លុកសាមគ្គីជាតិផងដែរ។
    |
 |
លោកស្រី Truong Thi Mai និងលោក Wang Yong |
លោកស្រី Truong Thi Mai បានកោតសរសើរចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងអង្គការទាំងពីរ និងការរួមចំណែកជាវិជ្ជមានក្នុងការពង្រឹងទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ចិន។ លោកស្រីបានស្នើឲ្យរណសិរ្សមាតុភូមិវៀតណាម និងសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបន្តបង្កើនសកម្មភាពសហប្រតិបត្តិការជាក់ស្តែង ជំរុញការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន ជាពិសេសនៅតាមតំបន់ព្រំដែន និងធ្វើការរួមគ្នាដើម្បីការអភិវឌ្ឍនៃប្រទេសទាំងពីរ។
រីឯខ្លួនវិញ លោក Wang Yong បានអះអាងថា សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយរណសិរ្សមាតុភូមិវៀតណាម ដើម្បីអនុវត្តបានល្អនូវការដឹកនាំ និងទស្សនៈរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ លើកកម្ពស់តួនាទីស្នូលក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រជាជន រួមចំណែកដល់ការអភិវឌ្ឍទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។
* នាព្រឹកថ្ងៃដដែល នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស លោកស្រី Truong Thi Mai សមាជិកាការិយាល័យនយោបាយ លេខាប្រចាំការគណៈលេខាមជ្ឈិមបក្ស និងជាប្រធានគណៈចាត់តាំងមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានក្រុមសមាជិកសភាមិត្តភាពវៀតណាម - ជប៉ុន បានទទួលជួបលោក Sugi Ryotaro អតីតឯកអគ្គរដ្ឋទូតពិសេសវៀតណាម-ជប៉ុន ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម៕
បកប្រែដោយ Pham Diep