ជំរុញទំនាក់ទំនងសេដ្ឋកិច្ចឲ្យស័ក្តិសមនឹងទំនាក់ទំនងនយោបាយល្អរវាងវៀតណាម និងគុយបា
កប.អនឡាញ - នាថ្ងៃទី ១៦ កញ្ញា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលក្រុម G77 និងចិននៅទីក្រុង Havana ប្រទេសគុយបា លោក Tran Hong Ha ឧបនាយករដ្ឋមន្ត្រីវៀតណាម និងគណៈប្រតិភូវៀតណាមបានជួបសវនាការជាមួយលោក Manuel Marrero Cruz នាយករដ្ឋមន្ត្រីគុយបា។
នៅក្នុងជំនួបនេះ លោក Tran Hong Ha ឧបនាយករដ្ឋមន្ត្រី បានអបអរសាទរចំពោះជោគជ័យនៃកិច្ចប្រជុំកំពូលក្រុម G77 និងចិន ព្រមទាំងលោកឲ្យដឹងថា ប្រធានបទនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាគន្លឹះមួយដើម្បីដោះស្រាយរាល់បញ្ហានៅក្នុងពិភពលោកនាពេលបច្ចុប្បន្ន។
លោក Tran Hong Ha បានអះអាងថា បក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភា និងប្រជាជនវៀតណាម តែងតែឲ្យតម្លៃ ថែរក្សា និងប្តេជ្ញាចិត្ដបន្តធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយវៀតណាម-គុយបា គាំទ្របុព្វហេតុបដិវត្តន៍ដ៏ត្រឹមត្រូវរបស់ប្រជាជនគុយបា ហើយនឹងបន្តខិតខំប្រឹងប្រែងជាមួយគុយបាជំនះការលំបាកនាពេលបច្ចុប្បន្ន។
    |
 |
លោក Tran Hong Ha ឧបនាយករដ្ឋមន្ត្រីវៀតណាម និងលោក Manuel Marrero Cruz នាយករដ្ឋមន្ត្រីគុយបា (រូបថត៖ VGP) |
លោក Tran Hong Ha បានមានប្រសាសន៍ថា នាពេលខាងមុខ ភាគីទាំងពីរគួរតែបន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចនៃប្រទេសទាំងពីរ ពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ចឲ្យស័ក្តិសមនឹងទំនាក់ទំនងនយោបាយល្អរវាងប្រទេសទាំងពីរ ស្របតាមស្មារតីណែនាំនិងគោលបំណងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។
លោក Manuel Marrero Cruz បានថ្លែងអំណរគុណចំពោះបក្ស និងរដ្ឋវៀតណាមដែលបានបញ្ជូនគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូលក្រុម G 77 និងចិន ហើយវាយតម្លៃខ្ពស់ចំពោះសុន្ទរកថារបស់គណៈប្រតិភូវៀតណាម។ លោក Manuel Marrero Cruz ឲ្យដឹងថា គុយបាមានមិត្តជាច្រើននៅលើពិភពលោក ប៉ុន្តែតែងតែចាត់ទុកវៀតណាមជាបងប្អូនបង្កើត និងថ្លែងអំណរគុណចំពោះជំនួយរបស់វៀតណាម ជាពិសេសការផ្គត់ផ្គង់អង្ករដល់គុយបា តាមរយៈជំនួយ និងកិច្ចសន្យាពាណិជ្ជកម្ម ជាពិសេសក្នុងបរិបទដែលគុយបាកំពុងប្រឈមមុខនឹងការលំបាកជាច្រើន ដោយសារវិធានការបង្កើនការហ៊ុមព័ទ្ធរបស់អាមេរិកនាពេលកន្លងមក។ លោកបានវាយតម្លៃថា ទំនាក់ទំនងគុយបា-វៀតណាមកំពុងអភិវឌ្ឍយ៉ាងល្អប្រសើរ។ ព្រមទាំងឯកភាពបញ្ជាឲ្យក្រសួង ស្ថាប័នសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាម ដើម្បីជំរុញទំនាក់ទំនងវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យជាច្រើនដូចជា កសិកម្ម ឱសថ ជីវបច្ចេកវិទ្យា និងការកសាងហេដ្ឋារចនាសម្ព័ន្ធ៕
បកប្រែដោយ Pham Diep