បន្តបង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកូរ៉េខាងត្បូង
កប.អនឡាញ - នារសៀលថ្ងៃទី៣០ ខែមិថុនា នៅវិមានប្រធានរដ្ឋ លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម បានទទួលជួបលោកស្រី Oh Youngju ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំវៀតណាម ដែលមកជំរាបលាក្នុងឱកាសលោកស្រីបញ្ចប់បេសកកម្មការទូតនៅវៀតណាម។
លោក Vo Van Thuong ប្រធានរដ្ឋ បានអបអរសាទរលោកស្រី Oh Youngju ឯកអគ្គរដ្ឋទូតចំពោះកិត្តិយសនៃការទទួលបានភារកិច្ចថ្មី ហើយសង្ឃឹមថា លោកស្រី Oh Youngju នឹងតែងតែគាំទ្រ និងជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាម និងកូរ៉េខាងត្បូងនាពេលខាងមុខ។
    |
 |
លោក Vo Van Thuong ប្រធានរដ្ឋ ទទួលជួបលោកស្រី Oh Youngju ឯកអគ្គរដ្ឋទូត |
លោកស្រី Oh Youngju បានថ្លែងអំណរគុណចំពោះលោក Vo Van Thuong ប្រធានរដ្ឋ ដែលចំណាយពេលទទួលជួប ហើយសម្តែងនូវសេចក្តីរីករាយ និងមោទនភាពដែលបានរួមវិភាគទានដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលកន្លងមក។ លោកស្រី Oh Youngju ក៏បានឲ្យដឹងថា បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម លោក Yoon Suk Yeol ប្រធានាធិបតីកូរ៉េខាងត្បូង បានបញ្ជាឲ្យស្ថាប័នមានសមត្ថកិច្ចអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលចុះហត្ថលេខាដោយប្រទេសទាំងពីរ។ លោកស្រីឯកអគ្គរដ្ឋទូតជឿជាក់ថា ដោយមានការយកចិត្តទុកដាក់ និងការដឹកនាំរបស់លោក Yoon Suk Yeol ប្រធានាធិបតីកូរ៉េខាងត្បូង និងលោក Vo Van Thuong ប្រធានរដ្ឋ កិច្ចព្រមព្រៀងសហប្រតិបត្តិការទាំងនេះនឹងត្រូវបានអនុវត្តក្នុងពេលឆាប់ៗ ជម្រុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព។
លោកប្រធានរដ្ឋបានអបអរសាទរចំពោះលោកស្រី Oh Youngju ឯកអគ្គរដ្ឋទូត ដែលបានបញ្ចប់បេសកកម្មនៅវៀតណាមដោយជោគជ័យ រួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។ តាមរយៈលោកស្រីឯកអគ្គរដ្ឋទូត លោក Vo Van Thuong ប្រធានរដ្ឋ បានសម្តែងនូវអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់លោក Yoon Suk Yeol ប្រធានាធិបតីកូរ៉េខាងត្បូង ក្នុងការអនុវត្តឲ្យបានឆាប់នូវកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ ព្រមទាំងអះអាងថា ភាគីវៀតណាមនឹងអនុវត្តយ៉ាងសកម្មនូវការសន្យាទាំងនេះ៕
បកប្រែដោយ Thuy Anh