ក្នុងឱកាសនេះ លោក Nguyen Tat Thanh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអូស្ត្រាលី បានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានអំពីអត្ថន័យនៃដំណើរទស្សនកិច្ច ក៏ដូចជាទស្សនវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគី។
អ្នកយកព័ត៌មាន៖ សូមលោកឯកអគ្គរដ្ឋទូតបញ្ជាក់អំពីអត្ថន័យនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមរបស់លោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ?
លោកឯកអគ្គរដ្ឋទូត Nguyen Tat Thanh៖ លោកនាយករដ្ឋមន្ត្រី Anthony Albanese អញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ស្របពេលប្រទេសទាំងពីរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត និងខួបលើកទី ៥ នៃការកសាងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ។ នេះជាដំណើរទស្សនកិច្ចជាផ្លូវការលើកទីពីររបស់លោកនាយករដ្ឋមន្ត្រីទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះក្រោយការចូលកាន់តំណែង និងជាដំណើរទស្សនកិច្ចជាផ្លូវការលើកទីបីរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលីទៅកាន់វៀតណាម។
ក្រឡេកមើលប្រវត្ដិសាស្ដ្រក្នុងអំឡុងពេល ៥០ ឆ្នាំកន្លងមក នាយករដ្ឋមន្ត្រីអូស្ត្រាលីដំបូងគេដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម (ខែមេសា ១៩៩៤) គឺលោក Paul Keating បន្ទាប់មកលោកនាយករដ្ឋមន្ត្រី Scott Morrison បានធ្វើទស្សនកិច្ចនៅវៀតណាម (ខែសីហា ឆ្នាំ ២០១៩)។ នាយករដ្ឋមន្ត្រីបីរូបផ្សេងទៀតគ្រាន់តែមកបំពេញទស្សនកិច្ចនៅវៀតណាមក្នុងឱកាសនៃព្រឹត្តិការណ៍ពហុភាគី ពោលគឺលោកនាយករដ្ឋមន្ត្រី John Howard (ខែវិច្ឆិកា ឆ្នាំ ២០០៦) លោកស្រីនាយករដ្ឋមន្ត្រី Julia Gillard (ខែតុលា ឆ្នាំ ២០១០) និងលោកនាយករដ្ឋមន្ត្រី Malcolm Turnbull (ខែវិច្ឆិកា ឆ្នាំ ២០១៧)។ ប្រការនេះបង្ហាញថា រដ្ឋអំណាចគណបក្សការងាររបស់លោកនាយករដ្ឋមន្ត្រី Albanese យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះវៀតណាម។
|
|
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអូស្ត្រាលី លោក Nguyen Tat Thanh (រូបភាព៖ ស្ថានទូតវៀតណាមប្រចាំអូស្ត្រាលី) |
ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ អូស្ត្រាលីបានផ្តល់ការយកចិត្តទុកដាក់ជាពិសេសដល់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) តាមរយៈការបង្កើតតំណែងជាបេសកជនពិសេសប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់នាយករដ្ឋមន្រ្ដី ត្រៀមកសាងយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ដល់ឆ្នាំ ២០៤០ និងបង្កើនជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ដល់តំបន់បន្ទាប់ពីបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយអាស៊ាន...។
ក្នុងបរិបទដែលប្រទេសទាំងពីរកំពុងជំរុញទំនាក់ទំនងទ្វេភាគី ដូច្នេះ ខ្ញុំជឿជាក់ថា ដំណើរទស្សនកិច្ចនាពេលខាងមុខរបស់លោកនាយករដ្ឋមន្ត្រី Albanese នឹងមានអត្ថន័យសំខាន់ ធ្វើជាមូលដ្ឋានសម្រាប់ទំនាក់ទំនងភាពជាដៃគូកាន់តែជិតស្និទ្ធថែមទៀតរវាងប្រទេសទាំងពីរក្នុងដំណាក់កាលថ្មី ទាំងទ្វេភាគី និងពហុភាគី ព្រមទាំងរួមចំណែករឹតបន្តឹងទំនាក់ទំនងផ្ទាល់ខ្លួនរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។
អ្នកយកព័ត៌មាន៖ សូមលោកឯកអគ្គរដ្ឋទូតលើកឡើងពីចំណុចសំខាន់នៃបៀបវារៈក្នុងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Anthony Albanese លើកនេះបានទេ? តាមលោកឯកអគ្គរដ្ឋទូត តើសកម្មភាពទាំងនេះនឹងរួមចំណែកដល់ទំនាក់ទំនងវៀតណាម-អូស្ត្រាលីយ៉ាងដូចម្តេច?
លោកឯកអគ្គរដ្ឋទូត Nguyen Tat Thanh៖ ជាដំបូង លោកនាយករដ្ឋមន្ត្រី Albanese គឺជាមេដឹកនាំគណបក្សការងារ ដូច្នេះការពិភាក្សារបស់លោកជាមួយលោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមនឹងមានអត្ថន័យជាពិសេស។ ដូចដែលយើងដឹងថា រដ្ឋាភិបាលគណបក្សការងាររបស់អតីតនាយករដ្ឋមន្ត្រី Gough Whitlam បានឆាប់បង្កើតទំនាក់ទំនងការទូតជាមួយវៀតណាម។ ក្រោមការដឹកនាំរបស់គណបក្សការងារ អូស្ត្រាលីបានទទួលអគ្គលេខាបក្សកុម្មុយនិស្ដវៀតណាមទៅបំពេញទស្សនកិច្ចជាផ្លូវការក្នុងឆ្នាំ ១៩៩៥ និងឆ្នាំ ២០០៩ ។ រឿងគួរឱ្យចាប់អារម្មណ៍មួយដែលខ្ញុំទើបបានអតីតអគ្គទេសាភិបាល Bill Hayden ចែករំលែកនៅឆ្នាំ ១៩៨៧ ថា លោកនាយករដ្ឋមន្រ្តី Albanese - នៅពេលជាមន្រ្តីវ័យក្មេងម្នាក់ដែលអមដំណើរគណៈប្រតិភូរដ្ឋាភិបាលទៅបំពេញទស្សនកិច្ចនៅវៀតណាម។ នេះអាចជាចំណុចចាប់ផ្តើមសម្រាប់ទំនាក់ទំនងផ្ទាល់ខ្លួនដ៏ល្អរបស់លោកនាយករដ្ឋមន្ត្រី Albanese ជាមួយវៀតណាម អាស្រ័យហេតុនេះលោកគ្រោងនឹងទៅបំពេញទស្សនកិច្ចនៅវិទ្យាស្ថាននយោបាយជាតិហូជីមិញនៅទីក្រុងហាណូយ។ ខ្ញុំជឿថា ជំនួបដំបូងរវាងថ្នាក់ដឹកនាំគណបក្សទាំងពីរនឹងពង្រឹងទំនុកចិត្តជាយុទ្ធសាស្ត្រ និងធ្វើជាមូលដ្ឋានសម្រាប់ទំនាក់ទំនងភាពជាដៃគូរឹងមាំរវាងប្រទេសទាំងពីរក្នុងទសវត្សរ៍ខាងមុខ។
|
|
លោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី (រូបថត៖ Getty ) |
ការពិភាក្សារវាងលោកនាយករដ្ឋមន្ត្រី Albanese ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់វៀតណាមត្រូវបានគេរំពឹងថានឹងមានខ្លឹមសារសំខាន់ៗនិងជាក់ស្តែងជាច្រើន ទាំងទ្វេភាគី និងពហុភាគី... តាមនោះ កិច្ចពិភាក្សាជាផ្លូវការជាលើកដំបូងរវាងនាយករដ្ឋមន្ត្រីទាំងពីរលោក Pham Minh Chinh និង លោក Anthony Albanese នឹងកំណត់ទិសដៅថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដោយបញ្ជាក់ឡើងវិញនូវវិស័យនិងសារសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងដំណាក់កាលថ្មី។
ក្នុងបរិបទបច្ចុប្បន្ន ប្រទេសទាំងពីរអាចនឹងផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការក្នុងវិស័យដែលផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក និងបំពេញបន្ថែមគ្នាដូចជា ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការធ្វើបរិវត្ដកម្មឌីជីថល ការអភិវឌ្ឍបៃតង ថាមពលកកើតឡើងវិញ ខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយនិរន្តរភាព និងការសម្របសម្រួលក្នុងអនុតំបន់មេគង្គ អាស៊ានក៏ដូចជាបណ្ដាវេទិកាតំបន់ និងអន្តរជាតិផ្សេងទៀត។ ទាំងនេះទំនងជាសសរស្តម្ភថ្មីដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អូស្ត្រាលីឡើងកម្រិតកម្ពស់ថ្មីមួយ។
លើសពីនេះ នាយករដ្ឋមន្ត្រីទាំងពីរក៏គ្រោងនឹងធ្វើជាសក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសំខាន់ៗក្នុងវិស័យពាណិជ្ជកម្ម ហិរញ្ញវត្ថុ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការអប់រំនិងបណ្តុះបណ្តាល និងបើកជើងហោះហើរមួយចំនួនរវាងប្រទេសទាំងពីរ។
អ្នកយកព័ត៌មាន៖ តើលោកឯកអគ្គរដ្ឋទូតវាយតម្លៃលើការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងក្នុងអំឡុងពេល ឬ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Anthony Albanese ក៏ដូចជាសក្តានុពលនៃទំនាក់ទំនងវៀតណាម-អូស្ត្រាលីនាពេលអនាគតដែរឬទេ?
លោកឯកអគ្គរដ្ឋទូត Nguyen Tat Thanh៖ វៀតណាមបន្តអនុវត្តគោលនយោបាយកិច្ចការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន បើកទូលាយ ពិពិធកម្ម និងពហុភាគីភាវូបនីយកម្មនៃទំនាក់ទំនងអន្តរជាតិជាមួយនឹងសមិទ្ធិផលសំខាន់ៗជាច្រើន ខណៈដែលអូស្ត្រាលីផ្តល់អាទិភាពដល់ប្រទេសជិតខាង ជាពិសេសការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអាស៊ាន រួមទាំងប្រទេសវៀតណាមផងដែរ។ ប្រទេសទាំងពីរចែករំលែកអំពីតម្លៃសំខាន់ៗដូចជាសន្តិភាព លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ យុត្តិធម៌ និងសមភាព តែងតែយកចិត្តទុកដាក់ដល់ការការពារផលប្រយោជន៍រួមក្នុងតំបន់ សម្របសម្រួលយ៉ាងជិតស្និទ្ធនៅវេទិកាពហុភាគីដូចជាអាស៊ាន វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) និងអង្គការសហប្រជាជាតិ។
ក្នុងរយៈពេលកន្លងមក ទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែជិតស្និទ្ធ និងការជឿទុកចិត្តគ្នាជាយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅ ដោយឈរលើមូលដ្ឋាននៃការគោរពរបបនយោបាយរបស់គ្នាទៅវិញទៅមក ទំនាក់ទំនងលើគ្រប់ជ្រុងជ្រោយត្រូវបានលើកកម្ពស់តាមរយៈស្ថាប័នបក្ស រដ្ឋ និងប្រជាជន។ វិស័យសំខាន់ៗដូចជា សេដ្ឋកិច្ច ការពារជាតិ-សន្តិសុខ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការអភិវឌ្ឍធនធានមនុស្ស ទេសចរណ៍ ... មានការវិវឌ្ឍយ៉ាងខ្លាំងក្លារ។ អូស្ត្រាលីបានក្លាយជាដៃគូពាណិជ្ជកម្មធំទី ៧ របស់វៀតណាម និងការផ្ដល់ជំនួយ ODA កាន់តែកើនឡើង ។ល។ អូស្ត្រាលីបន្តគាំទ្រវៀតណាមក្នុងប្រតិបត្តិការរក្សាសន្តិភាព បណ្តុះបណ្តាលធនធានមនុស្សមានគុណភាពខ្ពស់ និងកិច្ចសហប្រតិបត្តិការពលកម្ម ។
អ្នកយកព័ត៌មាន៖ តើវៀតណាមរំពឹងអ្វីខ្លះពីដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Anthony Albanese នាពេលខាងមុខ?
លោកឯកអគ្គរដ្ឋទូត Nguyen Tat Thanh៖ ដូចបានរៀបរាប់ខាងលើ យើងខ្ញុំរំពឹងថានឹងមានលទ្ធផលជាក់ស្តែងសម្រាប់ទំនាក់ទំនងនៃប្រទេសទាំងពីរ។
ទីមួយ ដំណើរទស្សនកិច្ចនេះនឹងបង្កើតក្របខ័ណ្ឌថ្មីសម្រាប់ទំនាក់ទំនងលើគ្រប់វិស័យ បន្ដធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនុកចិត្តជាយុទ្ធសាស្រ្ត និងឆ្ពោះទៅរកចក្ខុវិស័យរួមនៃប្រទេសទាំងពីរសម្រាប់រយៈពេល ៥០ ឆ្នាំខាងមុខ។
ទីពីរ ដំណើរទស្សនកិច្ចនេះនឹងបង្កើតកម្លាំងចលករសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលដូចជាវប្បធម៌ វិនិយោគ ពលកម្ម និងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន តាមរយៈការបង្កើតយន្តការ និងសកម្មភាពទ្វេភាគីសមស្រប អនុវត្តវិធានការនានាដើម្បីជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយ ស្របតាមសក្ដានុពល និងបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំ ក៏ដូចជាប្រជាជននៃប្រទេសទាំងពីរផងដែរ។
ទីបី ដំណើរទស្សនកិច្ចនេះនឹងនាំមកនូវរបកគំហើញក្នុងទំនាក់ទំនងសេដ្ឋកិច្ច បើកឱកាសថ្មីក្នុងកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការធ្វើបរិវត្ដកម្មឌីជីថល និងថាមពលកកើតឡើងវិញ ជួយតម្រង់ទិសកិច្ចសហប្រតិបត្តិការនៅមូលដ្ឋាន ធ្វើឱ្យស៊ីជម្រៅនិងលើកកំពស់កិច្ចសហប្រតិបត្តិការពហុភាគី រួមទាំងកិច្ចសហប្រតិបត្តិការត្រីភាគី។ បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីការពារសេរីភាពនាវាចរណ៍ និងអាកាចរណ៍នៅសមុទ្រខាងកើតស្របតាមច្បាប់អន្តរជាតិ។ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ រួមចំណែកយ៉ាងសកម្មដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់៕
អ្នកយកព័ត៌មាន៖ សូមអរគុណលោកឯកអគ្គរដ្ឋទូត!
បកប្រែដោយ Pham Diep