leftcenterrightdel
លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម និងលោក Esteban Lazo Hernandez ប្រធានរដ្ឋសភាគុយបា នៅអាកាសយានដ្ឋានអន្តរជាតិ Antonio Maceo Grajales នាថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៣ (រូបថត៖ vnanet.vn)

ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ សារព័ត៌មានល្បីឈ្មោះជាច្រើននៅប្រទេសអាហ្សង់ទីនបានចុះផ្សាយអត្ថបទដែលបង្ហាញពីសារៈសំខាន់នៃដំណើរទស្សនកិច្ចជាផ្លូវការរបស់លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម ទៅកាន់សាធារណរដ្ឋគុយបា សាធារណរដ្ឋអាហ្សង់ទីន និងសាធារណរដ្ឋអ៊ុយរូហ្គាយខាងកើត ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៨-២៨ ខែមេសា។

Resumen Latinoamericano ជាកាសែតប្រចាំថ្ងៃដែលបានបោះពុម្ពផ្សាយមិនត្រឹមតែនៅក្នុងប្រទេសអាហ្សង់ទីនប៉ុណ្ណោះទេ ថែមទាំងនៅអ៊ុយរូហ្គាយ វេណេស៊ុយអេឡា គុយបា និងអឺរ៉ុប បានចុះផ្សាយអត្ថបទមួយរបស់លោកបណ្ឌិត Ruvislei González Sáez ដែលបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាមបង្ហាញយ៉ាងច្បាស់ថាបំណងប្រាថ្នារបស់វៀតណាមក្នុងការពង្រឹងទំនាក់ទំនងពហុភាគីជាមួយប្រទេសចំនួនបីនៅអាមេរិកឡាទីន មិនត្រឹមតែលើក្របខ័ណ្ឌនៃការទូតសភាប៉ុណ្ណោះទេ ថែមទាំងក្នុងគោលនយោបាយការបរទេសទាំងមូលរបស់វៀតណាមដែរ ដែលនោះគឺជាការផ្តល់អាទិភាពក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាពជាមួយដៃគូប្រពៃណីក្នុងតំបន់។ យោងតាមអ្នកកាសែត González Sáez ដំណើរទស្សនកិច្ចរបស់លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម ទៅកាន់ប្រទេសគុយបា អាហ្សង់ទីន និងអ៊ុយរូហ្គាយ នឹងកំណត់ដំណាក់កាលថ្មីក្នុងការពង្រឹងទំនាក់ទំនងនយោបាយ និងនីតិបញ្ញត្តិ ព្រមទាំងបើកទំព័រថ្មីក្នុងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយអាមេរិកឡាទីន។

ក្នុងឱកាសនេះ ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនជាច្រើនក៏បានសរសេរអត្ថបទដើម្បីស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម ទៅកាន់ប្រទេសអាមេរិកខាងត្បូងនេះ ហើយបានសម្តែងជំនឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងទទួលបានជោគជ័យយ៉ាងធំធេង រួមចំណែកពង្រឹងទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត។

យោងតាមគេហទំព័រ abcmundial.com រដ្ឋាភិបាលអាហ្សង់ទីនតែងតែយកចិត្តទុកដាក់ និងមានបំណងចង់ពង្រឹងទំនាក់ទំនងជាមួយវៀតណាមក្នុងគោលនយោបាយការបរទេសរួមរបស់ខ្លួនជាមួយតំបន់អាស៊ីប៉ាស៊ីហ្វិក។ គេហទំព័រនេះបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ បង្ហាញថា ប្រទេសអាមេរិកខាងត្បូងនេះគឺជាដៃគូដ៏សំខាន់បំផុតរបស់វៀតណាមនៅអាមេរិកឡាទីន។ មិនត្រឹមតែប៉ុណ្ណោះ ដំណើរទស្សនកិច្ចនេះ បានសរឲ្យឃើញការទទួលស្គាល់របស់វៀតណាមចំពោះតួនាទីរបស់ប្រទេសអាហ្សង់ទីនក្នុងឆាកអន្តរជាតិ ក៏ដូចជាការរួមចំណែកដ៏សំខាន់របស់ក្រុង Buenos Aires ក្នុងការដោះស្រាយបញ្ហាក្នុងតំបន់ និងពិភពលោក ដើម្បីពង្រឹងសន្តិភាព សន្តិសុខ កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងអាមេរិកឡាទីន និងជុំវិញពិភពលោក។

ទន្ទឹមនឹងនោះ គេហទំព័រ acercandonaciones.com បានអះអាងថា ដំណើរទស្សនកិច្ចរបស់លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម ទៅកាន់ប្រទេសអាហ្សង់ទីន គឺជាឱកាសដ៏ល្អដើម្បីចាប់ផ្តើមដំណាក់កាលថ្មីក្នុងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យវិនិយោគ និងពាណិជ្ជកម្ម។

នាថ្ងៃទី ២៣ ខែមេសា កាសែតប្រចាំសប្តាហ៍ Perfil របស់អាហ្សង់ទីន ជាប្រព័ន្ធផ្សព្វផ្សាយមួយ ដែលមានចំនួនអ្នកអានច្រើនជាងគេនៅក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះ បានចុះផ្សាយបទវិចារណកថាមួយ ដែលបញ្ជាក់ថា វៀតណាមគឺជាដៃគូដ៏សំខាន់ និងជាគំរូអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់អាហ្សង់ទីន។ បទវិចារណកថាបានអះអាងថា ដំណើរទស្សនកិច្ចរបស់លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម ទៅកាន់ប្រទេសអាហ្សង់ទីន គឺជាឱកាសសម្រាប់អ្នកតាក់តែងគោលនយោបាយនៅក្នុងប្រទេសអាមេរិកខាងត្បូងនេះធ្វើការវិភាគលើសមិទ្ធផលនៃកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ដែលវៀតណាមបានបង្ហាញក្នុងរយៈកាលជាង ៣ ទសវត្សរ៍កន្លងមក និងទន្ទឹមនឹងនោះ ស្វែងរកដំណោះស្រាយចំពោះបញ្ហាទាក់ទងនឹងការអភិវឌ្ឍ និងការធ្វើសមាហរណកម្ម ដោយផ្អែកលើបទពិសោធន៍របស់វៀតណាម។ បទវិចារណកថាបានសង្កត់ធ្ងន់ថា វៀតណាមជាដៃគូសំខាន់សម្រាប់អនាគតរបស់អាហ្សង់ទីន និងជាគំរូជោគជ័យនៃការធ្វើ​សមាហរណកម្មសេដ្ឋកិច្ច ក្នុងនោះដំណើរការ “ហោះឡើង” របស់វៀតណាមគឺជាគំរូសម្រាប់ប្រទេសអាមេរិកខាងត្បូងមួយនេះ។

បកប្រែដោយ Thanh Cong