ក្នុងអត្ថបទក្រោមចំណមជើង “តំបន់ទេសចរណ៍ដ៏ពេញនិយមរបស់វៀតណាមក្លាយជាមជ្ឈមណ្ឌលវិនិយោគពីក្រៅប្រទេសដ៏ធំបំផុត”  SBM NEWS បានចាត់ទុកថា ជាមួយនឹងមហាសមុទ្របៃតងត្បូងដូចកែវមរកត និងមានកូនកោះរាប់សិបដែលគ្របដណ្ដប់ តំបន់បេតិកភណ្ឌពិភពលោកនៃឈូងសមុទ្រ Ha Long នៅភាគខាងជើងប្រទេសវៀតណាម គឺជាគោលដៅដ៏ពេញនិយមបំផុតមួយរបស់ប្រទេសនេះ ដែលទាក់ទាញភ្ញៀវទេសចរមកពីជុំវិញពិភពលោក។ នៅឆ្នាំ២០២៣ តំបន់នេះបានទទួលស្វាគមន៍ភ្ញៀវទេសចរបរទេសប្រមាណ ២.៦ លាននាក់ ស្មើនឹង ២១% នៃភ្ញៀវទេសចរសរុបចូលមកវៀតណាម។

leftcenterrightdel
ឈូងសមុទ្រ Ha Long ខេត្ត Quang Ninh (រូបថត៖ vnanet.vn)

ក្រៅពីវិស័យទេសចរណ៍ នាពេលថ្មីៗនេះ ខេត្ត  Quang Ninh បានក្លាយជាតំបន់ទទួលការវិនិយោគផ្ទាល់ពីបរទេសដ៏ធំបំផុតរបស់វៀតណាម ដោយវ៉ាដាច់រដ្ឋធានីហាណូយ ទីក្រុងហូជីមិញ និងតំបន់សេដ្ឋកិច្ចដ៏មានសក្តានុពលផ្សេងទៀត ដោយសារការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់សកល និងកំពង់ផែថ្មីមួយនៅតំបន់ក្បែរនោះ។ យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានស្ថិតិនៃប្រទេសវៀតណាម ខេត្ត Quang Ninh កាលពីឆ្នាំមុនបានឈរនៅលំដាប់កំពូលបើធៀបនឹងខេត្តផ្សេងទៀតនិងទីក្រុងធំជាងគេទាំងប្រាំរបស់ប្រទេសវៀតណាម ដោយទទួលបានការវិនិយោគផ្ទាល់ពីបរទេស (FDI) ចំនួន ៣,១ ពាន់លានដុល្លារ។ ដោយឡែកខេត្ត Thai Binh ជាគោលដៅដ៏មានសក្តានុពលទីពីរដែលទាក់ទាញបាន ២,៦៨ ពាន់លានដុល្លារ  បន្ទាប់មកគឺខេត្ត Bac Giang ដែលមានតម្លៃ ១,៥៣ ពាន់លានដុល្លារ។

យោងតាមអត្ថបទនេះ ខេត្តកំពូលទាំងបីនៅក្នុងចំណាត់ថ្នាក់ការវិនិយោគផ្ទាល់ពីបរទេសឆ្នាំ ២០២៣ គឺនៅជុំវិញទីក្រុង Hai Phong។ ទីក្រុង Hai Phong ដែលជាទីក្រុងមួយក្នុងចំណោមទីក្រុងធំជាងគេទាំងប្រាំរបស់វៀតណាម បានស្ថិតក្នុងចំណាត់ថ្នាក់ទី៤ ដោយទាក់ទាញបាន ១,៤៨ ពាន់លានដុល្លារ។ ការបើកកំពង់ផែអន្តរជាតិ Lach Huyen ក្នុងឆ្នាំ២០១៨ នៅទីក្រុង Hai Phong បានផ្តល់នូវការកើនឡើងដល់ទីក្រុង និងតំបន់ជុំវិញ។ កំពង់ផែខ្នាតធំទីមួយនៅភាគខាងជើងមានជម្រៅទឹក ១៤ ម៉ែត្រ។ ផ្លូវល្បឿនលឿនលេខ ០៤ ដែលតភ្ជាប់ទៅទីក្រុងហាណូយ បានបើកក្នុងពេលជាមួយគ្នា។ គួរបញ្ជាក់ផងដែរថា ការបើកដំណើរការនៅឆ្នាំ ២០២២ នៃផ្លូវល្បឿនលឿនលេខ ០៦ ទៅកាន់ទីក្រុង Mong Cai ជិតព្រំដែនប្រទេសចិនគឺជាកត្តាជំរុញដ៏សំខាន់សម្រាប់ខេត្ត Quang Ninh។

យោងតាមប្រព័ន្ធផ្សព្វផ្សាយកម្ពុជា ទោះបីជាចំនួនក្រុមហ៊ុនដែលសង្ឃឹមថានឹងចូលខេត្ត Quang Ninh ទំនងជាកើនឡើងក៏ដោយក៏មានការបារម្ភផងដែរ។ ការបារម្ភមួយគឺការវិនិយោគដោយចំណាយប្រាក់ច្រើនដើម្បីកែលម្អ ឬអភិវឌ្ឍ។ យោងតាមក្រុមហ៊ុនមួយចំនួនដែលបានវិនិយោគចូលខេត្ត Quang Ninh ចំនួនទឹកប្រាក់វិនិយោគអប្បបរមាក្នុងមួយហិកតាត្រូវបានកើនឡើងដល់ ៨ លានដុល្លារពី ៥ លានដុល្លារ ប្រការនេះបានឆ្លុះបញ្ចាំងពីបំណងប្រាថ្នារបស់អាជ្ញាធរមូលដ្ឋានក្នុងការអញ្ជើញក្រុមហ៊ុនធំៗចូលមកវិនិយោគនៅមូលដ្ឋាន។ មួយទៀតគឺថ្លៃពលកម្ម។ ក្រុមហ៊ុនចិននិងកូរ៉េខាងត្បូងជាច្រើនទៀតកំពុងដំឡើងប្រាក់បៀវត្សរ៍ដើម្បីទាក់ទាញពលករមានសមត្ថភាពខ្ពស់៕

បកប្រែដោយ Thuy Anh