អញ្ជើញចូលរួមមានលោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក; លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា រួមទាំងតំណាងយោធភូមិភាគ និងបុគ្គលដែលបានទទួលបំពាក់គ្រឿងឥស្សរិយយសមិត្តភាព។

នៅក្នុងពិធីនេះ គណៈកម្មការរៀបចំបានបំពាក់គ្រឿងឥស្សរិយយសមិត្តភាពចំនួន ៤៧០ គ្រឿង​របស់រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមជូនដល់នាយទាហាន អភិបាលខេត្ត អភិបាលក្រុង រួមទាំងកងរាជអាវុធហត្ថ និងកងកម្លាំងនគរបាលដែលមានស្នាដៃល្អក្នុងការសហការជាមួយក្រុមជំនាញចំនួន ១១ ក្រុមរបស់វៀតណាម ដើម្បីជីករុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត​ និងអ្នកជំនាញការវៀតណាមដែលពលីជីវិតនៅបណ្ដាខេត្ដចំនួន ២៥ និងរាជធានីនៃប្រទេស​កម្ពុជា។

ថ្លែងក្នុងពិធី  លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានលើកឡើងថា បន្ទាប់ពីជួយរំដោះប្រជាជនកម្ពុជាឲ្យរួចផុតពីរបបប្រល័យ​ពូជសាសន៍នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ បក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាមបានបន្តគាំទ្រកម្ពុជាជំនះផលវិបាកដ៏ធ្ងន់ធ្ងរដែលបន្សល់ទុកដោយរបប ប៉ុល ពត ព្រមទាំងស្តារនិងកសាងប្រទេសកម្ពុជាឡើងវិញ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ថ្លែងក្នុងពិធី

យោងតាមបញ្ជាការដ្ឋានកងទ័ពកម្ពុជា នាពេលថ្មីៗនេះ គណៈកម្មាធិការជំនាញរបស់រដ្ឋាភិបាលវៀតណាម បានសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការជំនាញរបស់រដ្ឋាភិបាលកម្ពុជាបន្តជីករុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលពលីជីវិតកាលពីសម័យសង្គ្រាមនៅកម្ពុជា។

ក្នុងដំណាក់កាល ២០០១-២០២៣ ក្រុមជំនាញនៃភាគីទាំងពីរបានសហការជីករុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ដវៀតណាមចំនួន ២០,៨៥២ អដ្ឋិធាតុ។ បច្ចុប្បន្ននៅមានអដ្ឋិធាតុជាង ៤,០០០ កំពុងបានជីករុករក។

leftcenterrightdel
លោក Nguyen Huy Tang បំពាក់គ្រឿងឥស្សរិយយសមិត្តភាពជូនដល់នាយទាហាននិងមន្ដ្រីកម្ពុជា

ថ្លែងក្នុងពិធី លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា បានលើកច្បាស់ថា ការងារជីករុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាមដែលពលីជីវិតកាលពីសម័យសង្គ្រាមនៅកម្ពុជាគឺជាគោលនយោបាយដែលបក្ស រដ្ឋាភិបាល និងកងទ័ពប្រជាជនវៀតណាមតែងតែផ្តល់អាទិភាពក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

លទ្ធផលដែលសម្រេចបានក្នុងការជីករុករកនិងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាមនាពេលថ្មីៗនេះ បានបង្ហាញពីទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្ដិការគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែងរវាងរដ្ឋ និងប្រជាជននៃប្រទេសទាំងពីរវៀតណាម និងកម្ពុជា។ ដើម្បីសម្រេចបាននូវលទ្ធផលនេះ មានការរួមចំណែក និងការជួយគាំទ្ររបស់បុគ្គល និងអង្គភាពរបស់រដ្ឋាភិបាល និងកងយោធពលខេមរភូមិន្ទ។

ក្នុងឱកាសនេះ លោក Nguyen Huy Tang បានស្នើថា ភាគីទាំងពីរបន្តសម្របសម្រួល និងដឹកនាំការជីករុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម និងអ្នកជំនាញការវៀតណាមដែលពលីជីវិតកាលពីសម័យសង្គ្រាមនៅកម្ពុជា; ជំរុញការឃោសនា និងចលនាប្រជាជននៃប្រទេសទាំងពីរផ្តល់ព័ត៌មានអំពីអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀត​ណាម និងអ្នកជំនាញការវៀតណាម។

គណៈកម្មាធិការជំនាញនៃបណ្ដាខេត្ត យោធភូមិភាគ និងស្ថាប័នពាក់ព័ន្ធនៃភាគីទាំងពីររៀបចំការផ្លាស់ប្តូរ ដកបទពិសោធន៍ និងផ្តោតលើការដឹកនាំ និងជំរុញការជីករុករកអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងតំបន់; ពង្រឹងការសម្របសម្រួលក្នុងការត្រួតពិនិត្យ វាយតម្លៃលទ្ធផល លើកសរសើរទាន់ពេលវេលាដល់អង្គការ និងបុគ្គលដែលមានស្នាដៃល្អក្នុងការអនុវត្តការជីករុករកអដ្ឋិធាតុយុទ្ធជនពលី៕

បកប្រែដោយ Pham Diep