លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម ទទួលជួបលោក Petr Fiala នាយករដ្ឋមន្ត្រីឆែក
កប.អនឡាញ - នារសៀលថ្ងៃ២១ មេសា នៅវិមានប្រធានរដ្ឋ លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម បានទទួលជួបលោក Petr Fiala នាយករដ្ឋមន្ត្រីឆែក ក្នុងឱកាសបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែមេសា។
លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ច នៅប្រទេសវៀតណាម របស់លោក Petr Fiala នាយករដ្ឋមន្ត្រីឆែក ដោយសម្តែងជំនឿថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការពហុភាគីរវាងវៀតណាម និងឆែក។ លោកប្រធានរដ្ឋបានអះអាងថា រដ្ឋ និងប្រជាជនវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងចង់លើកកម្ពស់ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរដែលមានប្រវត្តិជាង ៧០ ឆ្នាំលើគ្រប់វិស័យ។
|
|
លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម ទទួលជួប លោក Petr Fiala នាយករដ្ឋមន្ត្រីឆែក (រូបថត៖ vnanet.vn) |
រីឯខ្លួនវិញ លោក Petr Fiala នាយករដ្ឋមន្ត្រីឆែក បានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងកិត្យានុភាពក្នុងទំនាក់ទំនងបរទេសរបស់វៀតណាមក្នុងតំបន់ និងលើពិភពលោក។ លោកអះអាងថា សាធារណៈរដ្ឋឆែកតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការពង្រឹង និងអភិវឌ្ឍន៍ទំនាក់ទំនងជាមួយវៀតណាម ដែលជាដៃគូដ៏សំខាន់បំផុតរបស់ឆែកក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។
នៅក្នុងជំនួបនេះ លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម បានស្នើថា រដ្ឋាភិបាលឆែកបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍វៀតណាមដើម្បីឲ្យពួកគេអាចធ្វើសមាហរណកម្ម និងរស់នៅប្រកបដោយស្ថិរភាពនៅសាធារណៈរដ្ឋឆែក។ លោកបានបង្ហាញជំនឿជាក់ថា សហគមន៍វៀតណាមនឹងបន្តជំរុញយ៉ាងសកម្មនូវតួនាទីរបស់ខ្លួនជាស្ពានតភ្ជាប់ទំនាក់ទំនង ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការផ្លាស់ប្តូរវប្បធម៌ បង្កើនទេសចរណ៍ រួមចំណែកអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។
បកប្រែដោយ Duy Hoan