លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម ទទួលជួបឧបនាយករដ្ឋមន្ត្រីកម្ពុជា
កប.អនឡាញ - នារសៀលថ្ងៃទី៤ ខែមីនា នៅវិមានប្រធានរដ្ឋ លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម បានទទួលជួបសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម។
នៅក្នុងជំនួបនេះ លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម បានស្វាគមន៍ សម្តេចក្រឡាហោម ស ខេង ដែលអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀតណាម ជាភ្ញៀវអន្តរជាតិដំបូងគេដែលលោកប្រធានរដ្ឋបានទទួលជួបក្នុងនាមជាប្រធានរដ្ឋ ហើយបានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះ បានធ្វើឱ្យទំនាក់ទំនងវៀតណាម-កម្ពុជា កាន់តែស៊ីជម្រៅថែមទៀត។
|
|
លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម ទទួលជួប សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា (រូបថត៖ vnanet.vn) |
លោកប្រធានរដ្ឋ បានវាយតម្លៃខ្ពស់ចំពោះក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម ដែលបានសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុងរយៈពេលកន្លងមក និងជាចំណុចភ្លឺក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ។ លោក Vo Van Thuong បានឯកភាពជាមួយសម្តេចក្រឡាហោម ស ខេង លើការជំរុញកិច្ចសហប្រតិបត្តិការនៅតំបន់ព្រំដែនតាមរយៈច្រកទ្វារព្រំដែន ជំរុញការបញ្ចប់ការខ័ណ្ឌសីមាបោះបង្គោលព្រំដែន អាស្រ័យលើនេះជំរុញការកសាងព្រំដែនជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ លោកប្រធានរដ្ឋ បានអះអាងថា វៀតណាមមានត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ជាមួយកម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍សំខាន់ៗក្នុងឆ្នាំ២០២៣។
សម្តេចក្រឡាហោម ស ខេង បានអបអរសាទរចំពោះលោក Vo Van Thuong ដែលទើបតែត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងឲ្យកាន់តំណែងជាប្រធានរដ្ឋវៀតណាម ហើយជឿជាក់ថា លោកប្រធានរដ្ឋនឹងបន្តមានការចូលរួមចំណែកជាច្រើនថែមទៀតក្នុងការជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឲ្យកាន់តែល្អប្រសើរ។
បកប្រែដោយ Thanh Cong