សម្ព័ន្ធក្រុមហ៊ុន Viettel គប្បីផ្តោតលើការស្រាវជ្រាវ និងអភិវឌ្ឍអាវុធបច្ចេកវិទ្យាខ្ពស់
កប.អនឡាញ - លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានមានប្រសាសន៍បែបនេះក្នុងកិច្ចប្រជុំជាមួយសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្ម ទូរគមនាគមន៍កងទ័ព (Viettel) នាព្រឹកថ្ងៃទី២២ កុម្ភៈ។
ថ្លែងមតិក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានលើកសរសើរចំពោះសម្ព័ន្ធក្រុមហ៊ុន Viettel ដែលតែងតែមានគំនិតច្នៃប្រឌិត ហ៊ានគិត ហ៊ានធ្វើ និងសម្រេចបានលទ្ធផលលេចធ្លោជាច្រើនក្នុងការស្រាវជ្រាវ ផលិតកម្ម និងអាជីវកម្ម។ ក្នុងនោះ Viettel បានអនុវត្តដោយជោគជ័យនូវគម្រោងសំខាន់ៗជាច្រើន រួមទាំងវិស័យថ្មីៗ លំបាក និងស្មុគស្មាញ។ សម្ព័ន្ធក្រុមហ៊ុនតែងតែឈានមុខគេក្នុងការចូលរួមស្រាវជ្រាវ រចនា ច្នៃប្រឌិត និងផលិតឧបករណ៍បច្ចេកទេសខ្ពស់ ស្របតាមតម្រូវការនៃភារកិច្ចយោធា និងបម្រើប្រជាជន ...។
|
|
លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong និងគណៈប្រតិភូ បានអញ្ជើញទៅទស្សនាផលិតផលមួយចំនួនរបស់សម្ព័ន្ធក្រុមហ៊ុន Viettel |
នាពេលខាងមុខ លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានសង្កត់ធ្ងន់ថា៖ សម្ព័ន្ធក្រុមហ៊ុន Viettel ត្រូវលើកកម្ពស់ស្មារតីខ្លួនទីពឹងខ្លួន ភាពម្ចាស់ការ ឆ្ពោះទៅរកបច្ចេកវិទ្យាថ្មីៗដើម្បីបង្កើតផលិតផលថ្មី ផលិតផលមានគុណភាពខ្ពស់ជាច្រើន ដើម្បីបម្រើទំនើបកម្មនៃកងទ័ព ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍន៍ឧស្សាហកម្មការពារជាតិដ៏រឹងមាំ។
ដូច្នេះ ចាំបាច់ត្រូវកំណត់គោលដៅ កម្មវិធី និងផែនការសំខាន់ៗ ដើម្បីអភិវឌ្ឍផលិតផលមានប្រៀបខ្លាំង ជាពិសេសផ្តោតលើអាវុធបច្ចេកវិទ្យាខ្ពស់ ទន្ទឹមនឹងនោះ ចាំបាច់ត្រូវធ្វើបានល្អក្នុងការច្នៃប្រឌិតអាវុធ និងឧបករណ៍បច្ចេកទេសដែលមានស្រាប់ រួមចំណែកលើកកម្ពស់គុណភាពហ្វឹកហ្វឺន និងការត្រៀមប្រយុទ្ធរបស់អង្គភាព៕
បកប្រែដោយ Pham Diep