នាព្រឹកថ្ងៃដដែល បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចយ៉ាងឱឡារិកនៅអាកាសយានដ្ឋាន និងនៅទីស្តីការរដ្ឋសភាប្រទេសហ្វីលីពីន លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម បានជួបពិភាក្សាការងារជាមួយលោក Martin Romualdez ប្រធានរដ្ឋសភា ហ្វីលីពីន។

នៅក្នុងជំនួបនេះ លោក Martin Romualdez បានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃដំណើរទស្សនកិច្ចនេះ លោកមានប្រសាសន៍ថា នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រមុខសភាបរទេសទៅកាន់ប្រទេសហ្វីលីពីន បន្ទាប់ពីប្រទេសនេះបានរៀបចំការបោះឆ្នោតសកលប្រកបដោយជោគជ័យ (ខែឧសភា ឆ្នាំ ២០២២)។

leftcenterrightdel
លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម ជួបពិភាក្សាការងារជាមួយលោក Martin Romualdez ប្រធានរដ្ឋសភា ហ្វីលីពីន

លោក Vuong Dinh Hue បានអបអរសាទរប្រទេសហ្វីលីពីន ដែលបានរៀបចំការបោះឆ្នោតសកលដោយជោគជ័យ ហើយខ្លួនលោក Martin Romualdez ផ្ទាល់ត្រូវបានជ្រើសរើសជាប្រធានរដ្ឋសភា ហ្វីលីពីន។ ទន្ទឹមនឹងនោះ លោក Vuong Dinh Hue ក៏បានអបអរសាទរចំពោះសមិទ្ធផលដ៏ទូលំទូលាយដែលរដ្ឋាភិបាល និងរដ្ឋសភាហ្វីលីពីន សម្រេចបានក្នុងការកសាង និងអភិវឌ្ឍប្រទេសក្នុងរយៈពេលកន្លងមក ជាពិសេសក្នុងការគ្រប់គ្រងជំងឺរាតត្បាត Covid-19 និងការរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ផងដែរ។

ពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី ថ្នាក់ដឹកនាំទាំងពីរបានឯកភាពពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងល្អដែលមានស្រាប់រវាងប្រទេសទាំងពីរលើវិស័យដូចជា នយោបាយ-ការទូត ពាណិជ្ជកម្ម-វិនិយោគ។ លោក Martin Romualdez ប្រធានសភា បានថ្លែងអំណរគុណចំពោះប្រទេសវៀតណាម សម្រាប់ការគាំទ្រជួយឧបត្ថម្ភនូវឧបករណ៍វេជ្ជសាស្រ្តដល់ប្រទេសហ្វីលីពីន ក្នុងអំឡុងពេលជំងឺរាតត្បាត Covid-19 ហើយតែងតែជាអ្នកផ្គត់ផ្គង់អង្ករដែលអាចទុកចិត្តបាន ក្នុងបរិបទនៃវិបត្តិស្បៀងអាហារពិភពលោក។

នារសៀលថ្ងៃដដែល លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម បានជួបពិភាក្សាការងារជាមួយលោក Ferdinand Romualdez Marcos Jr ប្រធានាធិបតីហ្វីលីពីន នៅវិមានប្រធានាធិបតីហ្វីលីពីន។

leftcenterrightdel
លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម ជួបពិភាក្សាការងារជាមួយលោក Ferdinand Romualdez Marcos Jr ប្រធានាធិបតីហ្វីលីពីន នៅវិមានប្រធានាធិបតី ហ្វីលីពីន

លោក Vuong Dinh Hue ប្រធានរដ្ឋសភា ជឿជាក់ថា ក្រោមការដឹកនាំរបស់លោក Ferdinand Romualdez Marcos Jr ហ្វីលីពីននឹងបន្តសម្រេចបាននូវសមិទ្ធផលអភិវឌ្ឍន៍ដ៏ទូលំទូលាយបន្ថែមទៀតក្នុងដំណើរការកសាង និងអភិវឌ្ឍប្រទេសប្រកបដោយវិបុលភាព រីកចម្រើន និងលើកកំពស់តួនាទីរបស់ហ្វីលីពីន នៅក្នុងតំបន់ និងក្នុងពិភពលោក។

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពវាយតម្លៃថា ទំនាក់ទំនងរបស់ប្រទេសទាំងពីរមានការអភិវឌ្ឍយ៉ាងល្អក្នុងរយៈពេលជាច្រើនឆ្នាំ បើទោះបីជាប្រឈមមុខនឹងបញ្ហាដែលបណ្តាលមកពីជំងឺរាតត្បាត Covid-19 ក៏ដោយ។ ជាពិសេស ពាណិជ្ជកម្មទ្វេភាគីបានក្លាយទៅជាចំណុចភ្លឺស្វាងក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរជាមួយនឹងទំហំនាំចូល និងនាំចេញសរុបក្នុងឆ្នាំ ២០២១ ឈានដល់ ៦.៨ ពាន់លានដុល្លារអាមេរិក ដែលជាកម្រិតខ្ពស់បំផុតមិនដែលធ្លាប់មានទេ។ ក្នុងរយៈពេល ១០ ខែនៃឆ្នាំ២០២២ បានឈានដល់ជិត ៦.៦ ពាន់លានដុល្លារ។ និយាយអំពីកិច្ចសហប្រតិបត្តិការពហុភាគី ថ្នាក់ដឹកនាំទាំងពីរបានពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពរវាងប្រទេសទាំងពីរ នៅអង្គការអន្តរជាតិ។

ភាគីទាំងពីរបានឯកភាពចែករំលែកព័ត៌មាន គាំទ្រគ្នាទៅវិញទៅមក និងរួមចំណែកពង្រឹងសាមគ្គីភាព មជ្ឈភាពរបស់អាស៊ាន ក្នុងបញ្ហាសន្តិសុខរួមក្នុងតំបន់ និងរួមទាំងសមុទ្រខាងកើតផងដែរ៕

បកប្រែដោយ Minh Trung