សកម្មភាពរបស់លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាមនៅកម្ពុជា
កប.អនឡាញ - ក្នុងក្របខ័ណ្ឌចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ (AIPA-43) នារសៀលថ្ងៃទី២២ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម បានជួបពិភាក្សាការងារជាមួយ លោក Konstantin Kosachev អនុប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធនៃសហព័ន្ធរុស្សី។
លោក Vuong Dinh Hue បានអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយរុស្ស៊ី។ លោកបានសង្កត់ធ្ងន់ថា ទំនាក់ទំនងនៃប្រទេសទាំងពីរមានការអភិវឌ្ឍឥតឈប់ឈរលើវិស័យជាច្រើន ព្រមទាំងបានសម្តែងនូវបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការវៀតណាម-រុស្ស៊ីឲ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព អភិវឌ្ឍលើគ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងផលប្រយោជន៍របស់ប្រទេសទាំងពីរ។
លោក Konstantin Kosachev បានអះអាងថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងរុស្ស៊ី និងវៀតណាម បានអភិវឌ្ឍយ៉ាងខ្លាំងក្លា និងមានបំណងចង់ពង្រឹងទំនាក់ទំនងរវាងស្ថាប័នរដ្ឋសភានៃប្រទេសទាំងពីរ ជាពិសេសការផ្លាស់ប្តូរគណៈប្រតិភូ ដោយសង្ឃឹមថានឹងបានទទួលស្វាគមន៍លោក Vuong Dinh Hue ទៅបំពេញទស្សនកិច្ចនៅរុស្ស៊ី នាពេលឆាប់ៗខាងមុខ។ ភាគីទាំងពីរបានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគឲ្យសមស្របនឹងទំនាក់ទំនងនយោបាយល្អ ក៏ដូចជាវិស័យនានាដែលប្រទេសទាំងពីរមានតម្រូវការ និងឧត្តមភាព។
* នារសៀលថ្ងៃដដែល លោក Vuong Dinh Hue បានជួបសន្ទនាជាមួយ លោក Oleksandr Korniyenko អនុប្រធានរដ្ឋសភាអ៊ុយក្រែន។ លោក Vuong Dinh Hue បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយអ៊ុយក្រែន។ ថ្នាក់ដឹកនាំទាំងពីរបាននិយាយថា ទោះបីជារងផលប៉ះពាល់ដោយជំងឺរាតត្បាត Covid-19 ក្តី ប៉ុន្តែកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅតែបន្តរក្សា និងអភិវឌ្ឍ។ ភាគីទាំងពីរសង្ឃឹមថា នាពេលខាងមុខ បន្តពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងរដ្ឋសភាអ៊ុយក្រែន ដោយបំពេញផលប្រយោជន៍ជាក់ស្តែងនៃប្រទេសទាំងពីរ។
    |
 |
លោក Vuong Dinh Hue ជួបសន្ទនាជាមួយលោក Ganesh Prasad Timilsina ប្រធានរដ្ឋសភានេប៉ាល់ |
* នារសៀលថ្ងៃទី២២ ខែវិច្ឆិកា លោក Vuong Dinh Hue បានជួបសន្ទនាជាមួយលោក Ganesh Prasad Timilsina ប្រធានរដ្ឋសភានេប៉ាល់។ មេដឹកនាំទាំងពីរបាននិយាយថា ប្រទេសទាំងពីរមានប្រវត្តិអភិវឌ្ឍន៍ដ៏យូរលង់ ក៏ដូចជាទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពកាន់តែរីកចម្រើន ហើយសង្ឃឹមថានាពេលខាងមុខ ប្រទេសទាំងពីរនឹងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដ៏មានសក្តានុពលជាច្រើន។ មេដឹកនាំទាំងពីរក៏បានឯកភាពជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការសភាទ្វេភាគី ផ្លាស់ប្តូរនិងធ្វើបច្ចុប្បន្នភាពព័ត៌មានអំពីសកម្មភាពសភារបស់ប្រទេសនីមួយៗ។
* នាព្រឹកថ្ងៃដដែល ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា និងចូលរួម AIPA-43 លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បានទៅបំពេញទស្សនកិច្ចការងារនៅខេត្តកំពង់ធំ។ លោក Vuong Dinh Hue បានទទួលជួបលោក ញ៉ឹក បាន ខេង អភិបាលរងខេត្តកំពង់ធំ; លោកក៏បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មកៅស៊ូវៀតណាម សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មទូរគមនាគមន៍យោធា (Viettel) ថ្នាក់ដឹកនាំក្រុមហ៊ុនកៅស៊ូវៀតណាមនៅកម្ពុជា និងកម្មាភិបាល និងនិយោជិតទាំងវៀតណាម និងកម្ពុជាចំនួន ៣០០ នាក់ ដែលកំពុងធ្វើការនៅក្រុមហ៊ុនកៅស៊ូវៀតណាមក្នុងខេត្តកំពង់ធំផងដែរ៕
បកប្រែដោយ Duy Hoan