នារសៀលថ្ងៃទី ១៨ ខែតុលា តាងនាមរដ្ឋាភិបាលវៀតណាម ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំម៉ុងហ្គោលី លោក Doan Khanh Tam បានទទួលជួបអគ្គនាយកនៃអគ្គនាយកដ្ឋានគ្រប់គ្រងអាសន្នម៉ុងហ្គោលី និងជាអនុប្រធានគណៈកម្មាធិការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៃប្រទេសម៉ុងហ្គោលី លោកឧត្តមសេនីយ៍ទោ G.Ariunbuyan ដើម្បីប្រគល់ទឹកប្រាក់ចំនួន ៥ ម៉ឺនដុល្លារអាមេរិកដែលជាអំណោយពីរដ្ឋាភិបាលវៀតណាមជូនរដ្ឋាភិបាលម៉ុងហ្គោលី ដើម្បីទប់ទល់នឹងជំងឺកូវីដ ១៩។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Doan Khanh Tam ប្រគល់ទឹកប្រាក់ចំនួន ៥ ម៉ឺនដុល្លារអាមេរិកពីរដ្ឋាភិបាលវៀតណាមជូនរដ្ឋាភិបាលម៉ុងហ្គោលី ដើម្បីទប់ទល់នឹងជំងឺកូវីដ ១៩ (រូបថត៖ baoquocte.vn)

តាងនាមរដ្ឋាភិបាលម៉ុងហ្គោលី លោកឧត្តមសេនីយ៍ទោ G.Ariunbuyan បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល​និងប្រជាជនវៀតណាមដែលបានជួយគាំទ្ររដ្ឋាភិបាលនិងប្រជាជនម៉ុងហ្គោលីទប់ទល់នឹងជំងឺរាតត្បាតកូវីដ ១៩ ប្រកប​​ដោយប្រសិទ្ធភាពដើម្បីការពារសុខភាពប្រជាជន។

លោកឧត្តមសេនីយ៍ទោ G.Ariunbuyan សម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះការវិវឌ្ឍដ៏ល្អនៃទំនាក់ទំនងមិត្តភាពប្រពៃណី​រវាងម៉ុងហ្គោលីនិងវៀតណាម។ ភាគីទាំងពីរសម្រេចបានលទ្ធផលវិជ្ជមានជាច្រើនក្នុងកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ចពាណិជ្ជកម្ម និងមនុស្សធម៌ក្នុងរយៈពេលកន្លងមក។ លោកឧត្តមសេនីយ៍ទោ G.Ariunbuyan បានអះអាងថា ម៉ុងហ្គោលីនឹងប្រើប្រាស់ជំនួយឧបត្ថម្ភពីរដ្ឋាភិបាលនិងប្រជាជនវៀតណាមប្រកបដោយប្រសិទ្ធភាព ដោយផ្តល់អាទិភាពក្នុងការទិញឧបករណ៍ការពារខ្លួនសម្រាប់យុទ្ធជននៅជួរមុខប្រឆាំងនឹងជំងឺរាតត្បាត។

លោកឯកអគ្គរដ្ឋទូត Doan Khanh Tam បានវាយតម្លៃខ្ពស់ចំពោះការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាពរបស់រដ្ឋាភិបាលម៉ុងហ្គោលី។ វៀតណាមជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់រដ្ឋាភិបាលម៉ុងហ្គោលី ការប្តេជ្ញាចិត្តនិងការស្រុះចិត្តរបស់ប្រជាជនទាំងអស់ ប្រទេសនិងប្រជាជនម៉ុងហ្គោលីនឹងគ្រប់គ្រងបានជំងឺរាត​ត្បាត​កូវីដ ១៩ និងស្តារសេដ្ឋកិច្ចសង្គមឡើងវិញក្នុងពេលឆាប់ៗ៕

បកប្រែដោយ Huyen Trang