សមិទ្ធិផលគួរឱ្យចាប់អារម្មណ៍

យោងតាមកាសែតអាស៊ានប៉ុស្តិ៍ វៀតណាមជាប្រទេសមួយដែលមានស្ថិរភាពនយោបាយនៅអាស៊ីអាគ្នេយ៍។ នៅក្នុងបរិបទដែលជំងឺរាតត្បាត Covid-19 កំពុងរីករាលដាលនៅទូទាំងពិភពលោកនោះ​ មតិអន្តរជាតិមានចំណាប់អារម្មណ៍ខ្លាំងទៅលើប្រទេសវៀតណាមដែលជាគំរូល្អមួយក្នុងការបង្ការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាតនៅលើពិភពលោក និងជា “ចំណុចភ្លឺ” នៃកំណើនសេដ្ឋកិច្ច។ ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍ថា ប្រទេសវៀតណាមបានបង្កើតនូវអព្ភូតហេតុដោយអនុវត្តប្រកបដោយជោគជ័យនូវភារកិច្ចពីរក្នុងពេលតែមួយគឺប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាតផង និងការស្តារអភិវឌ្ឍសេដ្ឋកិច្ចសង្គមផង។ បើយោងតាមអត្ថបទមួយ​នៅលើគេហទំព័រ aseantoday.com ឲ្យ​ដឹង​ថា ប្រទេសវៀតណាមទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ក្នុងការប្រយុទ្ធប្រឆាំងនឹង Covid-19  ហើយកំណើនសេដ្ឋកិច្ចរបស់ខ្លួនភាគច្រើនមក​ពី​ឆន្ទៈខ្លាំងក្លា និងវិធានការយ៉ាងម៉ឺងម៉ាត់របស់រដ្ឋាភិបាលវៀតណាម រួមទាំងការគាំទ្រពីប្រជាជន ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម។ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានសន្និដានថា ជោគជ័យរបស់វៀតណាមក្នុងការតស៊ូដ៏លំបាកដែលប្រយុទ្ធប្រឆាំងនឹង Covid-19 គឺជាការឆ្លុះបញ្ជាំងយ៉ាងច្បាស់អំពីរបៀបដែលប្រទេសកំពុងអភិវឌ្ឍន៍មួយអាចប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត ដោយនាំមកនូវមេរៀនដ៏មានអត្ថន័យចំពោះប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងៗទៀត។

leftcenterrightdel

ប្រទេសវៀតណាមដែលជាចំណុចភ្លឺស្វាងមួយនៅលើពិភពលោកនៅពេលដែលទទួលបានជោគជ័យនូវភារកិច្ចពីរគឺការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតផង និងការអភិវឌ្ឍសេដ្ឋកិច្ចផង។ នៅក្នុងរូបថត៖ ជ្រុងមួយនៃរដ្ឋធានីហាណូយ (រូបថត៖ Getty Images)

បើនិយាយពីសេដ្ឋកិច្ចវិញ នៅឆ្នាំ ២០២០ សេដ្ឋកិច្ចរបស់វៀតណាមបានកើនឡើង ២.៩១% ដែលជាកំណើនខ្ពស់ជាងគេនៅលើពិភពលោក។ ចែករំលែកជាមួយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Sputnik លោកបណ្ឌិត Vladimir Mazyrin ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវអំពីវៀតណាម និងអាស៊ាន នៃវិទ្យាស្ថានចុងបូព៌ា នៃបណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ី បានសង្កត់ធ្ងន់ថា៖ ជោគជ័យដ៏អស្ចារ្យរបស់វៀតណាមក្នុងបរិបទនៃជំងឺរាតត្បាតប្រកដជានឹងជួយវៀតណាមឱ្យឡើងលំដាប់ថ្នាក់ខ្ពស់ជាងនេះនៅក្នុងចំណាត់ថ្នាក់ពិភពលោកទាំងអស់នាពេលខាងមុខនេះ។ ទន្ទឹមនឹងនោះ អត្ថបទនៅលើគេហទំព័រ parlamentnilisty.cz របស់ឆែក បាន​សង្កត់ធ្ងន់ថា ក្រៅពីកំណើនសេដ្ឋកិច្ច  វៀតណាមក៏ទទួលបានសមិទ្ធិផលសំខាន់ៗជាច្រើនក្នុងការកែលំអជីវភាពរស់នៅរបស់ប្រជាជន និងធានាសន្តិសុខសង្គមផងដែរ។ យោងតាមអង្គការសហប្រជាជាតិ វៀតណាមគឺជាប្រទេសឈានមុខគេមួយនៅលើពិភព​លោក​ដែលបានទទួលជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ។

ក្រៅពីនេះ ជោគជ័យរបស់វៀតណាមក្នុងកិច្ចការបរទេសក៏ទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយជាច្រើនជុំវិញពិភពលោកផងដែរ។ កាសែតខ្មែរថាមស៍របស់កម្ពុជាបានសន្និដានថា៖ ក្នុងនាមជាសមាជិកសកម្ម និងមានការទទួលខុសត្រូវ វៀតណាមបានចូលរួមវិភាគទានយ៉ាងធំធេងសម្រាប់អាស៊ាន។ ក្នុងឆ្នាំ ២០២០ ក្នុងនាមជាប្រធានអាស៊ាន ២០២០ ប្រទេសវៀតណាមបានពង្រឹងសមត្ថភាពដឹកនាំរបស់ខ្លួន និងបានអះអាងតួនាទីរបស់អាស៊ានក្នុងតំបន់ និងលើឆាកអន្តរជាតិ។ ប្រទេសវៀតណាមបានជ្រើសរើសប្រធានបទ “ភាពស្អិតរមួត និងការឆ្លើយតប” សម្រាប់ឆ្នាំប្រធានអាស៊ាន ២០២០ ក្នុងគោលបំណងចង់ឲ្យអាស៊ានរួបរួមគ្នាឈរយ៉ាងរឹងមាំចំពោះមុខផលប៉ះពាល់នៃស្ថានភាពអន្តរជាតិ និងក្នុងតំបន់។ ទីភ្នាក់ងារសារព័ត៌មាន Sputnik បានសង្កត់ធ្ងន់ថា៖ វៀតណាមមានភាពសកម្ម បត់បែន និងរហ័សរហួនក្នុងការអនុវត្តបច្ចេកវិទ្យាដើម្បីរៀបចំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ តាមផែនការនៃឆ្នាំអាស៊ាន ២០២០ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីបណ្តាប្រទេសអាស៊ានទាំងអស់ ក៏ដូចជាដៃគូទាំងឡាយ។

កិត្យានុភាពកំពុងកើនឡើង

យោងតាមគេហទំព័ររបស់ប្រទេសឆែក Halonoviny.cz បានឲ្យដឹងថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម វៀតណាមមានតួនាទី និងកិត្យានុភាពកាន់តែកើនឡើងនៅក្នុងតំបន់ ក៏ដូចជានៅលើពិភពលោក។ នៅក្នុងអត្ថបទមួយ ដែលបានចុះផ្សាយនៅក្នុងកាសែតឯករាជ្យរបស់រុស្ស៊ី អ្នកស្រាវជ្រាវ Grigory Mikhailovich Lokshin នៃវិទ្យាស្ថានចុងបូព៌ា នៃបណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ី បានអះអាងថា៖ ការដែលវៀតណាមជាប់ឆ្នោត​ជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាណត្តិ ២០២០-២០២១ ដោយទទួលបានសម្លេងគាំទ្រខ្ពស់ (១៩២/១៩៣) បានបង្ហាញថា វៀតណាមកេរ្តិ៍ឈ្មោះល្បីលើឆាកអន្តរជាតិ​។ លោក Lokshin បានលើកឡើងថា ការជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលជាស្ថាប័នទទួលបន្ទុកសន្តិភាព និងសន្តិសុខអន្តរជាតិក៏ជាជោគជ័យនយោបាយដ៏ធំធេងរបស់វៀតណាមដែរ។ យោងតាមអត្ថបទមួយដែលចុះផ្សាយនៅក្នុងកាសែត The Times of India លោក Pradhan អតីតប្រធានគណៈកម្មាធិការស៊ើបការណ៍សម្ងាត់ឥណ្ឌាបានសន្និដ្ឋានថា៖ ការដែលវៀតណាមបំពេញល្អតួនាទីពីរដែលជាប្រធានអាស៊ាន ២០២០ ផង និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផង បានជួយលើកកំពស់កិត្យានុភាពរបស់វៀតណាមនៅលើឆាកអន្តរជាតិ។

មិនត្រឹមតែយកចិត្តទុកដាក់ចំពោះការបង្ការប្រយុទ្ធប្រឆាំងនឹង Covid-19 នៅក្នុងប្រទេសខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងវៀតណាមបានបង្ហាញស្មារតីសាមគ្គីភាព និងការជួយគ្នាទៅវិញខណៈដែលបានចែករំលែកបទពិសោធន៍ និងជួយគាំទ្រដល់បណ្តាប្រទេសក្នុងតំបន់ និងជុំវិញពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាត។ គេហទំព័រ Aseantoday.com ដកស្រង់សំដីរបស់លោកសាស្រ្តាចារ្យ Carl Thayer នៃសកលវិទ្យាល័យ New South Wales (អូស្ត្រាលី) បានសង្កត់ធ្ងន់ថា ការឆ្លើយតបរបស់វៀតណាមចំពោះការរីករាលដាល Covid-19 បានជួយបង្កើនតួនាទី និងកិត្យានុភាពរបស់វៀតណាមក្នុងតំបន់ និងលើសកលលោក ដោយអះអាងជាថ្មីថាវៀតណាមជាសមាជិកដ៏សកម្ម និងមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ៕

បកប្រែដោយ Duy Hoan