leftcenterrightdel
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានថ្លែងក្នុងសម័យប្រជុំរបស់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិស្ដីពី ៧៥ ឆ្នាំបន្ទាប់ពីសង្គ្រាមលោកលើកទី ២ តាមរយៈប្រព័ន្ធវីដេអូ (រូបថត៖Vnanet.vn )

 

នៅក្នុងប្រវត្តិសាស្ត្រទំនើប អាចនិយាយបានថា ពិភពលោកមិនដែលប្រឈមមុខនឹងបញ្ហាសន្ដិសុខមិនមែនប្រពៃណីដែលជះឥទ្ធិពលយ៉ាងខ្លាំង និងពិបាកគ្រប់គ្រងដូចជាជំងឺរាតត្បាត  COVID-19 ឡើយ។ វាមិនត្រឹមតែធ្វើឲ្យអង្គការសហប្រជាជាតិត្រូវបិទជាបណ្តោះអាសន្នទីស្នាក់ការរបស់ខ្លួននៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកក្នុងរយៈពេល ៣ ខែ ប៉ុណ្ណោះទេ ថែមទាំងជំងឺរាតត្បាត COVID-19 ក៏បានក្លាយជាបញ្ហាប្រឈមជាសកលដែលទាមទារឱ្យក្រុមប្រឹក្សាសន្តិសុខបង្ហាញទស្សនៈនិងតួនាទីរបស់ខ្លួនក្នុងការស្វែងរកដំណោះស្រាយឆ្លើយតបនឹងជំងឺរាតត្បាតផងដែរ។  ក៏ប៉ុន្ដែភាពតានតឹង និងការបែងចែកដែលកើតឡើងអស់ជាច្រើនឆ្នាំមកហើយក្នុងចំណោមសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ រួមមាន ( សហរដ្ឋអាមេរិក អង់គ្លេស បារាំង រុស្ស៊ី និងចិន) ដោយពាក់ព័ន្ធនឹងផលប្រយោជន៍នៅប្រទេសរៀងៗខ្លួនដែលធ្វើឲ្យក្រុមប្រឹក្សាសន្តិសុខខ្វែងគំនិតគ្នាដើម្បីដាក់ចេញសេចក្ដីសម្រេចរួម។

ក្នុងបរិបទនេះ  វៀតណាមបានបង្ហាញពីតួនាទីជាសមាជិកចូលរួមយ៉ាងសកម្មក្នុងសកម្មភាពទាំងឡាយរបស់ក្រុមប្រឹក្សាសន្តិសុខ​ក្នុងរយៈពេល ៦ ខែកន្លងមកនេះ ដោយបានចូលរួមកិច្ចប្រជុំសរុបជិត ១៩០ ក្នុងនោះកិច្ចប្រជុំ ១១២ ត្រូវបានរៀបចំឡើងតាមរយៈប្រព័ន្ធវីដេអូចាប់តាំងពីខែមីនារហូតមកដល់បច្ចុប្បន្ននេះ។

ជាលើកទី ២ ហើយ ដែលវៀតណាមទទួលតួនាទីជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ វៀត​ណាមបានចូលរួមក្នុងស្មារតីឯករាជ្យ ស្វ័យភាព ទំនួលខុសត្រូវ និងតុល្យភាព ព្រមទាំងបង្ហាញយ៉ាងច្បាស់នូវគោលជំហរគាំទ្រធម្មនុញ្ញអង្គការសហប្រជាជាតិនិងគោលការណ៍មូលដ្ឋាននៃច្បាប់អន្ដរជាតិ គាំទ្រដល់ការស្វែងរកដំណោះស្រាយចំពោះជម្លោះក្នុងតំបន់និងអន្តរជាតិតាមរយៈការចរចារសន្តិភាព ទន្ទឹមនឹងនោះ ចែករំលែកការខិតខំប្រឹងប្រែងនិងបទពិសោធន៍របស់ខ្លួនក្នុងដំណើរការកសាង ការអភិវឌ្ឍប្រទេសជាតិ និងការធ្វើសមាហរណកម្មទៅក្នុងតំបន់និងអន្តរជាតិ។

ភាពម្ចាស់ការរបស់វៀតណាមត្រូវបានបង្ហាញនៅពេលដែលវៀតណាមរួមជាមួយប្រទេសជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចំនួន ៨ ផ្សេងទៀត បានស្នើសុំឱ្យក្រុមប្រឹក្សាសន្តិសុខរៀបចំកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូដើម្បីពិភាក្សាអំពីការរីករាលដាលនៃជំងឺ COVID-19 នៅដើមខែមេសា កន្លងមក ហើយនេះក៏ជាកិច្ចប្រជុំលើកដំបូងបង្អស់របស់ក្រុមប្រឹក្សាសន្តិសុខសម្រាប់បញ្ហានេះ។  ក្រៅពីនេះវៀតណាមក៏បានចូលរួមពិភាក្សាលើឯកសារទាំងឡាយរបស់ក្រុមប្រឹក្សាសន្ដិសុខ ហើយទទួលបានការវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិដែរ។

ជាពិសេសវៀតណាមមានគំនិតផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍សំខាន់ចំនួន ២ ដែលទាក់ទាញចំណាប់អារម្មណ៍ពីអង្គការសហប្រជាជាតិ  និងសហគមន៍អន្តរជាតិ ដែលក្នុងនោះ សម័យប្រជុំបើកទូលាយរបស់ក្រុមប្រឹក្សាសន្តិសុខ ក្រោមប្រធានបទ “ជំរុញការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិក្នុងការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ” ក្រោមអធិបតីភាពឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh ដោយមានការចូលរួមថ្លែងមតិពីវាគ្មិនចំនួន ១១១ នាក់ មកពីប្រទេសចំនួន១០៦ ប្រទេស ។ នៅក្នុងព្រឹត្តិការណ៍នេះក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តលើសេចក្ដីប្រកាសមួយដែលរៀបរៀងដោយវៀតណាម។ នេះជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តលើសេចក្តីប្រកាសដាច់ដោយឡែកមួយអំពីធម្មនុញ្ញអង្គការសហប្រជាជាតិ។

វៀតណាមក៏បានរៀបចំកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ព្រឹត្តិការណ៍នេះបានបញ្ជាក់យ៉ាងច្បាស់ពីតួនាទីរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ាន ២០២០ និងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ ហើយបង្ហាញពីកិច្ចខិតខំរបស់វៀតណាមក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាពរវាងអង្គការទាំងពីរដោយផ្តោតលើវិស័យអាទិភាពដូចជា ការដកហូតអាវុធ ការដោះស្រាយវិវាទ ការរក្សាសន្តិភាព ការប្រឆាំងភេរវកម្ម ការរក្សាសន្តិសុខសមុទ្រ........។ល។  ក្នុងឆ្នាំ ២០២០ នេះ​ វៀតណាមផ្តល់អាទិភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងអង្គការសហប្រជាជាតិតាមរយៈការលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃការចូលរួមរបស់បណ្តាប្រទេសអាស៊ានក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងលើកកម្ពស់តួនាទីនិងការចូលរួមចំណែករបស់ស្ត្រីអាស៊ានក្នុងវិស័យរក្សាសន្តិភាពនិងសន្តិសុខ ព្រមទាំងអនុវត្តប្រកបដោយប្រសិសទ្ធភាព នូវការតភ្ជាប់រវាងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិនិងចក្ខុវិស័យសហគមន៍អាស៊ាន ២០២៥ ។

លើសពីនេះទៀត វៀតណាមបានមានគំនិតផ្តួចផ្តើមដែលរួមចំណែកលើកកម្ពស់តួនាទី កិច្ចសហប្រតិបត្តិការនិងវត្តមានរបស់អាស៊ាននៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ វៀតណាមក៏បានស្នើឲ្យរៀបចំកិច្ចសន្ទនាជាន់ខ្ពស់អាស៊ាន - អង្គការសហប្រជាជាតិស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន - អង្គការសហប្រជាជាតិដែលនឹងធ្វើឡើងនៅខែតុលាឆ្នាំ ២០២០ ខាងមុខនេះ។

ព្រឹត្តិការណ៍លេចធ្លោមួយរបស់ប្រទេសវៀតណាមក្នុងរយៈពេល ៦ ខែកន្លងមក គឺវៀតណាមបានទទួលតួនាទីជាប្រធានក្រុមប្រឹក្សាសន្តិសុខក្នុងខែមករា ឆ្នាំ ២០២០ ប្រកបដោយជោគជ័យ។

ដូចដែលលោកឯកអគ្គរដ្ឋទូត Dian Triansyah Djani ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍ឥណ្ឌូនេស៊ីប្រចាំនៅអង្គការសហប្រជាជាតិ បានបញ្ជាក់ថា "វៀតណាមបានទទួលតួនាទីជាប្រធានយ៉ាងប្រសិទ្ធភាព ហើយបានបំពេញល្អនូវភារកិច្ចរបស់ខ្លួនដែរ " ។ លោកឯកអគ្គរដ្ឋទូត Marc Pecsteen de Buytswerve ប្រធានស្ថានបេសកម្មអចិន្រ្តៃយ៍បែលហ្ស៊ិកប្រចាំនៅអង្គការសហប្រជាជាតិ (ប៊ែលហ្សិកជាប្រធានក្រុមប្រឹក្សាសន្តិសុខក្នុងខែកុម្ភៈឆ្នាំ ២០២០) បានវាយតម្លៃថា៖“ ពិតជាពិបាកខ្លាំងណាស់នៅពេលទទួលតួនាទីជាប្រធានភ្លាមៗនោះ វានឹងមានបញ្ហាប្រឈមជាច្រើន ក៏ប៉ុន្តែវៀតណាមបានធ្វើយ៉ាងល្អ ហើយពិតជាបានបន្សល់ទុកអារម្មណ៍យ៉ាងខ្លាំង” ។

ក្នុងតួនាទីជាប្រទេសសម្របសម្រួលនៃក្រុមសមាជិកមិនអចិន្ត្រៃយ៍នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅខែឧសភាឆ្នាំ ២០២០ វៀតណាមបានរៀបចំកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូរវាងសមាជិកមិនងអចិន្រ្តៃយ៍ ទាំង ១០ នៃក្រុមប្រឹក្សាសន្តិសុខនិងអគ្គលេខាធិការអង្គការសហប្រជាជាតិដែលពីមុនមកមិនបានរៀបចំដោយសារតែការរីករាលដាលនៃជំងឺ COVID-19 ទេ។

ជាមួយនឹងអ្វីដែលធ្វើបានក្នុងរយៈពេល ៦ ខែកន្លងមក ថ្នាក់ដឹកនាំអង្គការសហប្រជាជាតិ ប្រទេសនានានិងសាធារណៈមតិអន្តរជាតិបានវាយតំលៃវិជ្ជមានលើតួនាទីនិងការចូលរួមរបស់វៀតណាម ដោយបង្ហាញពីតួនាទីជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខតែងតែចូលរួមយ៉ាងសកម្មដល់រាល់សកម្មភាពរបស់អង្គការសហប្រជាជាតិ។ ប្រការនេះរួមចំណែកលើកកម្ពស់តួនាទីនិងកិត្យានុភាពរបស់វៀតណាម ហើយបង្កើតមូលដ្ឋានសម្រាប់វៀតណាមលើកកម្ពស់តួនាទីរបស់ខ្លួនប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត និងបំពេញល្អនូវភារកិច្ចជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខក្នុងរយៈពេលនៅសល់នៃអាណត្ដិ ព្រមទាំងបញ្ជាក់ថាវៀតណាមជាសមាជិកចូលរួមយ៉ាងសកម្មរបស់អង្គការសហប្រជាជាតិ និងជាដៃគូគួរឱ្យទុកចិត្តនិងមានការទទួលខុសត្រូវខ្ពស់របស់សហគមន៍អន្ដរជាតិទៀតផង៕

បកប្រែដោយ Pham Diep