នៅក្នុងជំនួបសន្ទនា​ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានចែករំលែកនូវស្ថានភាពនិងលទ្ធផលនៃការទប់ស្កាត់ការរីករាលដាល Covid-19 របស់វៀតណាម។ លោកនាយករដ្ឋមន្រ្តីវៀតណាមបានសង្កត់ធ្ងន់លើសារសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងបរិបទបច្ចុប្បន្ននេះ ព្រមទាំងលោកថ្លែងអំណរគុណចំពោះការគាំទ្រ និងការរួមចំណែកយ៉ាងសកម្មពីសំណាក់ប្រធានាធិបតី Rodrigo Duterte ក្នុងភាពជោគជ័យនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាននិងអាស៊ានបូក ៣ ស្តីពីការប្រយុទ្ធប្រឆាំងនឹង Covid-19 កាលពីថ្ងៃទី ១៤ ខែមេសា កន្លងមក។

leftcenterrightdel
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte

 

លោកប្រធានាធិបតី Rodrigo Duterte បានអបអរសាទរចំពោះភាពជោគជ័យដែលប្រទេសវៀតណាមសម្រេចបានក្នុងការអភិវឌ្ឍប្រទេសជាតិនាពេលកន្លងមក ហើយចាត់ទុកថា វៀតណាមជាគំរូមួយនៃការប្រយុទ្ធប្រឆាំងនឹង Covid-19។ លោកប្រធានាធិបតី Rodrigo Duterte បានវាយតម្លៃខ្ពស់ចំពោះតួនាទីសម្របសម្រួលរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ាន ២០២០ ក្រោមប្រធានបទ “ការរួបរួមគ្នា និងការបន្ស៊ាំដោយម្ចាស់ការ” និងអបអរសាទរលើរាល់កិច្ចខិតខំប្រឹងប្រែង និងគំនិតផ្តួចផ្តើមដែលបានលើកឡើងដោយវៀតណាមក្នុងបំណងជំរុញកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសអាស៊ាននិងរវាងអាស៊ានជាមួយដៃគូសន្ទនាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ។

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពជំរុញទំនាក់ទំនងទ្វេភាគី និងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យតាម​រយៈការសហការគ្នាអនុវត្តប្រកបដោយប្រសិទ្ធភាពនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដំណាក់កាល ២០១៩- ២០២៤ និងរក្សាយន្ដការសហប្រតិបត្តិការជាប្រចាំ ជាពិសេសគឺគណៈកម្មាធិការចម្រុះសហប្រតិបត្តិការទ្វេភាគីថ្នាក់រដ្ឋមន្ត្រីការបរទេស។

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបន្តបង្កើនកិច្ចសហប្រតិបត្ដិការ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី។ លោកប្រធានាធិបតី Rodrigo Duterte បានបញ្ជាក់ថា នឹងបន្តសហការការយ៉ាងជិតស្និទ្ធនិងគាំទ្រវៀតណាមទទួលតួនាទីជាប្រធានអាស៊ាន ២០២០ និងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-​២០២១ ប្រកបដោយជោគជ័យ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ហ្វីលីពីននិងការរួមចំណែករបស់ហ្វីលីពីនក្នុងតួនាទីសម្របសម្រួលទំនាក់ទំនងអាស៊ាន - ចិន។

ថ្នាក់ដឹកនាំទាំងពីរក៏បានសង្កត់ធ្ងន់លើសារសំខាន់នៃការបន្តពង្រឹងសាមគ្គីភាពនិងរក្សាជំហររួមរបស់អាស៊ានលើបញ្ហាសមុទ្រខាងកើត ព្រមទាំងបន្ដជំរុញការចរចាដើម្បីឈានដល់ក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC ) ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ រួមចំណែករក្សាសន្តិភាព ស្ថិរភាពនិងសន្តិសុខក្នុងតំបន់៕

បកប្រែដោយ Pham Diep