leftcenterrightdel
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គលើកទី ១ នៃមហាសន្និបាត AIPA ៤០ (រូបថត៖ vnanet.vn)

ប្រជាជនពិភពលោក និងប្រជាជននៃបណ្តាប្រទេសអាស៊ានរបស់យើងកំពុងប្រឈមមុខនឹងគ្រោះមហន្តរាយមួយដែលមិនធ្លាប់មានពីរាប់សិបឆ្នាំមុនមកទេ ជាជំងឺរាតត្បាតសកល Covid-19។ ក្នុងគ្រាដ៏លំបាកនេះ ក្នុងនាមជាប្រធាន AIPA និងជាប្រធានរដ្ឋសភាវៀតណាម ខ្ញុំសូមចែករំលែកចំពោះការខាតបង់ទាំងឡាយដែលបណ្តាលមកពីជំងឺ Covid-19 សម្រាប់ប្រជាជននៃបណ្តាប្រទេសអាស៊ាន និងសម្រាប់មនុស្សជាតិទាំងមូល។

ជាងពេលណាៗទាំងអស់ សហគមន៍អាស៊ានត្រូវការលើកស្ទួយស្មារតីសាមគ្គីភាព ការចែករំលែក និងការជួយគាំទ្រគ្នាទៅវិញទៅមកក្នុងគ្រាកើតមានឡើងជំងឺរាតត្បាត Covid-19 នេះ។ ខ្ញុំវាយតំលៃខ្ពស់ចំពោះការប្រកាស និងសកម្មភាពទាន់ពេលវេលារបស់ថ្នាក់ដឹកនាំពិភពលោក និងអង្គការសុខភាពពិភពលោក។ នាថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២០ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានចេញសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានស្តីពីការទប់ទល់របស់អាស៊ានចំពោះការផ្ទុះឡើងនៃ Covid-19។ បណ្តាសកម្មភាពទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពរបស់រដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ាន រួមទាំងការចូលរួមវិភាគទានដោយមិនចេះនឿយហត់ និងការលះបង់ដោយមិនគិតពីខ្លួនឯងរបស់កងកម្លាំងទាំងអស់នៅក្នុងសង្គម ជាពិសេសក្រុមវេជ្ជបណ្ឌិត បាននិងកំពុងចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្តាត់ជំងឺរាតត្បាតសកលនេះនៅ ក្នុងបណ្តាប្រទេសអាស៊ានរបស់យើង។

សមាជិកសភា AIPA នីមួយៗ រួមដំណើរជាមួយរដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ានដើម្បីទប់ទល់នឹងជំងឺរាតត្បាតសកល ដោយលើកកម្ពស់តួនាទីរបស់ខ្លួនតាមរយៈការផ្តល់អនុម័តលើវិធានការនិងគោលនយោបាយនានាដែលបានដាក់ចេញដោយរដ្ឋាភិបាលដើម្បីទប់ទល់នឹងជំងឺរាតត្បាតនេះ ហើយជួយសម្រួលដល់ការបែងចែកធនធាន និងបង្កើនការតភ្ជាប់ជាមួយប្រជាជន។ ក្នុងនាមជាសមាជិកសភា យើងចាំបាច់ត្រូវបន្តផ្សព្វផ្សាយសារនៃសាមគ្គីភាព ក្តីស្រឡាញ់ និងការលើកទឹកចិត្តដល់ប្រជាជនទាំងអស់ ជាពិសេសគឺកងកម្លាំងដែលដើរតួនាទីឈានមុខគេក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។

ដោយទទួលតួនាទីជាប្រធាន AIPA នៅឆ្នាំ ២០២០ រដ្ឋសភាវៀតណាមបានត្រៀមរៀបចំយ៉ាងសកម្ម និងត្រៀមខ្លួនរួចជាស្រេចដើម្បីរៀបចំកិច្ចប្រជុំនានាក្នុងក្របខ័ណ្ឌនៃឆ្នាំប្រធាន AIPA។ ក៏ប៉ន្តែ ជាការគួរឲ្យស្តាយណាស់ ព្រឹត្តិការណ៍ទាំងនេះត្រូវតែពន្យាពេលមួយរយៈសិន ដើម្បីយើងអាចចំណាយពេលសម្រាប់ថែរក្សាអាយុជីវិត និងសុខភាពឲ្យប្រជាជន និងធានាបាននូវការបង្ការទប់ស្តាត់ការរីករាលដាលនៃជំងឺរាតត្បាត។ ខ្ញុំសង្ឃឹមថា យើងនឹងរួមគ្នារកបានវិធីដែលសមស្របដើម្បីរៀបចំសកម្មភាពទាំងនេះនាពេលខាងមុខ។

នាឱកាសនេះ ក្នុងនាមជាប្រធាន AIPA ដោយឈរលើស្មារតីនៃ “ការរួបរួមគ្នា និងការបន្ស៊ាំខ្លួន​ដោយសកម្ម” ខ្ញុំស្នើឱ្យសភា AIPA ទាំងអស់ពួតដៃគ្នាដើម្បីការពារដំបូលអាស៊ានក្នុងគ្រាកើតឡើងជំងឺរាតត្បាត Covid-19។ នេះក៏ជាការបង្ហាញការប្តេជ្ញាចិត្តចំពោះការលើកកម្ពស់ការយល់ដឹងអំពីតួនាទីរបស់ AIPA ក្នុងការបង្ការនិងប្រុយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល និងគ្រោះមហន្តរាយនានាដែលអាចបន្តកើតមានឡើងផងដែរ។ ខ្ញុំសូមបញ្ជាក់ថា រដ្ឋសភា​វៀត​ណាម​នឹ​ងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដោយរួមមានការគាំទ្រនិងការស្រុះចិត្តគំនិតពីសភាសមាជិក AIPA ដើម្បីសម្រេចបានជោគជ័យនូវឆ្នាំប្រធាន ដើម្បីសុខសន្តិភាព សុវត្ថិភាព សុភមង្គលរបស់ប្រជាជន និងការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពនៃបណ្តាប្រទេសអាស៊ានទាំងអស់ និងជុំវិញពិភពលោក។

ខ្ញុំជឿជាក់ថា ដោយមានការប្តេជ្ញាចិត្តខ្ពស់ ការខិតខំប្រឹងប្រែង ការរួបរួម និងការចែករំលែករបស់ថ្នាក់ដឹកនាំ និងប្រជាជន​នៃបណ្តាប្រទេសអាស៊ាននោះ យើងពិតជានឹងជំនះរាល់ការលំបាក ហើយ​នាំមកនូវសុខសន្តិភាពដល់ប្រជាជន​ទាំងអស់។

សូមប្រធានសភាទាំងឡាយមេត្តាទទួលនូវគារវកិច្ចដ៍ខ្ពង់ខ្ពស់ពីខ្ញុំ។

Nguyen Thi Kim Ngan

ប្រធាន AIPA

ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម

បកប្រែដោយ Duy Hoan