នៅក្នុងកិច្ចប្រជុំនេះ លោកស្រី Stephanie Williams តំណាងស្តីទីពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងជាប្រធាន UNSMIL បានសម្តែងនូវការព្រួយបារម្ភចំពោះការដែលបទឈប់បាញ់ជាបណ្តោះអាសន្ននៅប្រទេសលីប៊ីដែលទើបបានសម្រេចនៅត្រឹមថ្ងៃទី ២១ ខែមីនាប៉ុណ្ណោះ ប៉ុន្តែភ្លាមៗនោះត្រូវបានបំពានទៅវិញ។ លោកស្រីបានថ្កោលទោសចំពោះការវាយប្រហារទៅលើជនស៊ីវិលនៅប្រទេសលីប៊ី ហើយបានអំពាវនាវឱ្យភាគីពាក់ព័ន្ធនានានៅប្រទេសលីប៊ីបញ្ចប់ការប្រយុទ្ធគ្នា និងធានានបាននូវសកម្មភាពមនុស្សធម៌ និងសុខាភិបាលនៅប្រទេសនេះ។ បណ្តាប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានចែករំលែកការព្រួយបារម្ភចំពោះស្ថានភាពនៃការប្រយុទ្ធគ្នាដែលកំពុងកើនឡើងនៅប្រទេសលីប៊ី។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Dang Dinh Quy អញ្ជើញ​ចូលរួម​កិច្ច​ប្រជុំ​តាម​ប្រ​ព័ន្ធ​អនឡាញ​

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានអំពាវនាវដល់ភាគីពាក់ព័ន្ធនៅប្រទេសលីប៊ីអនុវត្តតាមបទឈប់បាញ់ជាបណ្តោះអាសន្ន ហើយឈានទៅរកកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់រយៈពេលវែងក្នុងពេលឆាប់ៗនេះ និងធានាបាននូវការទទួលបានការជួយគាំទ្រមនុស្សធម៌។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់វៀតណាមចំពោះដំណោះស្រាយនយោបាយដែលដឹកនាំដោយលីប៊ី និងបានអំពាវនាវឱ្យបន្តជម្រុញកិច្ចសន្ទនាខាងនយោបាយ សេដ្ឋកិច្ច និងយោធា ដោយស្របតាមសេចក្តីសម្រេចចិត្តលេខ ២៥១០ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីការគាំទ្រចំពោះឯកសារនៃកិច្ចប្រជុំក្រុងប៊ែកឡាំងស្តីពីលីប៊ី និងអំពាវ​នាវឱ្យ UNSMIL និងអង្គការនានាក្នុងតំបន់ពិចារណាលើការជួយគាំទ្រដល់ភាគីពាក់ព័ន្ធនានាក្នុងការធ្វើកិច្ចសន្ទនាតាម​ប្រ័ន្ធ​អន​ឡាញ។

បន្ទាប់ពីកិច្ចប្រជុំ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានចេញសេចក្តីប្រកាសសារព័ត៌មានដោយបង្ហាញការព្រួយបារម្ភចំពោះ​ផលប៉ះពាល់ដែលអាចកើតមានឡើងនៃជំងឺរាតត្បាត Covid-19 នៅប្រទេសលីប៊ី ដោយអំពាវនាវឱ្យភាគីពាក់ព័ន្ធនានានៅប្រទេសលីប៊ីកាត់បន្ថយភាពតានតឹង បញ្ចប់ការប្រយុទ្ធគ្នា និងធានាបាននូវការទទួលបានការជួយគាំទ្រមនុស្សធម៌ ព្រមទាំងអំពាវនាវឱ្យគ្រប់ភាគីទាំងអស់គោរពតាមការដាក់ទណ្ឌកម្មអាវុធផងដែរ៕

បកប្រែដោយ Duy Hoan