ការបង្កើនកិច្ចសហប្រតិបត្តិការរវាងសម្ព័ន្ធយុវជននៃប្រទេសទាំងពីរវៀតណាម-គុយបា
កប.អនឡាញ - នារសៀលថ្ងៃទី២៣ ខែមីនា នៅទីក្រុងហាណូយ ក្រុមបេសកកម្មរបស់មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញដឹកនាំដោយលោក Nguyen Anh Tuan លេខាអចិន្ត្រៃយ៍មជ្ឈិមសម្ព័ន្ធយុវជនបានបំពេញទស្សនកិច្ចការងារនៅស្ថានទូតគុយបាប្រចាំនៅវៀតណាម។
លោក Nguyen Anh Tuan បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ដល់សកម្មភាពសហការរវាងសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញនិងសម្ព័ន្ធយុវជនកុម្មុយនិស្តគុយបា និងការជួបជុំប្រាស្រ័យរវាងយុវជននៃប្រទេសទាំងពីររបស់លោកស្រី Lianys Torres Rivera។
    |
 |
លោក Nguyen Anh Tuan (រូបថត៖ doanthanhnien.vn) |
លោក Nguyen Anh Tuan បានឲ្យដឹងថា ក្នុងឱកាសរំលឹកខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-គុយបា សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបានម្ចាស់ការរៀបចំផែនការសកម្មភាពនានាកាលពីដើមឆ្នាំ ២០២០ មកម៉្លេះ។ ទន្ទឹមនឹងការជម្រុញការឃោសនាស្ដីពីទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងបក្សទាំងពីរ រដ្ឋទាំងពីរ ប្រជាជន និងយុវជននៃប្រទេសទាំងពីរក្នុងរយៈពេល ៦០ ឆ្នាំកន្លងមក សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញនឹងរៀបចំសកម្មភាពសំខាន់ៗដូចជា៖ ការផ្លាស់ប្ដូរគណៈប្រតិភូ ការរៀបចំការប្រកួតប្រជែងគំនូររវាងកុមារនៃប្រទេសទាំងពីរ និងការជួបជុំប្រាស្រ័យវប្បធម៌ ព្រមទាំងរៀបចំកម្មវិធីជួយជ្រោមជ្រែងនៅតំបន់មូលដ្ឋាននានា។ គណៈប្រតិភូសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញនឹងបំពេញទស្សនកិច្ចការងារនៅគុយបាដើម្បីពិភាក្សាស្ដីពីកិច្ចសហប្រតិបត្តិការ និងជម្រុញឲ្យស៊ីជម្រៅនូវទំនាក់ទំនងរវាងសម្ព័ន្ធយុវជន និងយុវជននៃប្រទេសទាំងពីរនៅពេលខាងមុខ។
លោកស្រី Lianys Torres Rivera បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពទាំងឡាយក្នុងឱកាសរំលឹកខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម-គុយបា របស់សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ។ លោកស្រី Lianys Torres Rivera ជឿជាក់ថា វិធានការដែលបក្ស រដ្ឋ និងរដ្ឋាភិបាលវៀតណាមអនុវត្តក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺ COVID-19 នឹងបន្តទទួលបានប្រសិទ្ធភាព។
លោកស្រី Lianys Torres Rivera បញ្ជាក់ថា ស្ថានទូតគុយបាប្រចាំនៅវៀតណាមតែងតែគាំទ្រ និងបញ្ជូនតំណាងចូលរួមសកម្មភាពរំលឹកខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ លោកស្រីរំពឹងថា សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ និងសម្ព័ន្ធយុវជនកុម្មុយនិស្តគុយបានឹងបន្តរក្សាទំនាក់ទំនងជិតស្និទ្ធ និងរៀបចំសកម្មភាពទាំងឡាយយ៉ាងល្អនៅពេលជម្ងឺ COVID-19 ត្រូវបានគ្រប់គ្រង៕
បកប្រែដោយ Thuy Anh