បន្ទាប់ពីចូលជាសមាជិកនៃអង្គការសហប្រជាជាតិ វៀតណាមបានចូលរួមយ៉ាងសកម្ម និងរួមចំណែកកាន់តែមានប្រសិទ្ធភាព​​ក្នុងការរក្សាសន្តិភាព សន្តិសុខ ស្ថិរភាពអន្តរជាតិ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។ នៅសម័យប្រជុំលើកទី ៦២ នៃមហាសន្និបាតអង្គការសហប្រជាជាតិកាលពីខែតុលា ឆ្នាំ ២០០៧ មក វៀតណាមត្រូវបានជ្រើសតាំងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០០៨-២០០៩  ដោយទទួលបានសម្លេងគាំទ្រយ៉ាងខ្ពស់។ ព្រឹត្តិការណ៍នេះបានគូសបញ្ជាក់ជាលើកដំបូងដែលវៀតណាមចូលរួមក្នុងស្ថាប័នដ៏សំខាន់នៃអង្គការសហប្រជាជាតិដើម្បីរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។

leftcenterrightdel
វៀតណាមចូលរួមក្នុងសម័យប្រជុំនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនាឆ្នាំ ២០០៩ (រូបថត៖ Getty)

 

វៀតណាមបានប្រកាន់យកគោលនយោបាយការបរទេសឯករាជ្យ ស្វ័យភាព សន្តិភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍ។ វៀតណាមមានបំណងចង់ធ្វើពហុភាគីនីយកម្ម និងពិពិធកម្មនូវទំនាក់ទំនង និងធ្វើសមាហរណកម្មអន្តរជាតិ ព្រមទាំងវៀតណាមចង់ធ្វើជាមិត្ដ ជាដៃគូគួរឲ្យទំនុកចិត្ដ និងជាសមាជិកមានការទទួលខុសត្រូវនៃសហគមន៍អន្តរជាតិដែរ។  លើសពីនេះទៅទៀត វៀតណាមបំពេញបានល្អនូវតួនាទីរបស់ខ្លួនជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០០៨ - ២០០៩។

ក្នុងអំឡុងពេលនៃអាណត្ដិ ២០០៨- ២០០៩   វៀតណាមបានអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយការបរទេសស្រឡាញ់សន្តិភាព រួមចំណែកយ៉ាងសកម្មក្នុងការដោះស្រាយរាល់ជម្លោះ និងវិបត្តិនៅលើពិភពលោក។ វៀតណាមគាំទ្រដំណោះស្រាយតាមរយៈការចរចាស្វែងរកសន្ដិភាព។ កាត់បន្ថយការដាក់ទណ្ឌកម្មដោយផ្អែកលើច្បាប់អន្តរជាតិ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ វៀតណាមបានចូលរួមយ៉ាងសកម្ម និងបង្ហាញពីជំហរឯករាជ្យ ស្វ័យភាព  ហើយដោះស្រាយដោយប៉ិនប្រសប់នៅពេលមានការខ្វែងគំនិតគ្នារវាងបណ្ដាសមាជិក ជាពិសេសគឺបណ្ដាប្រទេសធំៗ។ ទន្ទឹមនឹងនោះអនុវត្តគោលដៅដែលបក្ស រដ្ឋ និងរដ្ឋាភិបាលបានដាក់ចេញ មានគំនិតផ្ដួចផ្ដើម និងការរួមចំណែកជាច្រើនក្នុងការប្រតិបត្ដិនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយត្រូវបានវាយតំលៃខ្ពស់ពីសំណាក់ប្រទេសជាច្រើនផងដែរ។

វៀតណាមមិនត្រឹមតែចូលរួមក្នុងគ្រប់កិច្ចប្រជុំចំនួន ១,៥០០ នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកយ៉ាងសកម្មលើគ្រប់បញ្ហា។ វៀតណាមបានធ្វើជាប្រធាន និងអនុប្រធាននៃអនុគណៈកម្មការមួយចំនួននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងធ្វើរបាយការណ៍ប្រចាំឆ្នាំស្តីពីការងាររបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏ដូចជាធ្វើជាអធិបតីក្នុងសេចក្តីព្រាង និងចូលរួមកិច្ចចរចាដើម្បីជួយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអនុម័តលើសេចក្ដីសម្រេចចិត្ដអំពីស្ដ្រី និងសន្ដិភាព សន្ដិសុខដែរ។  ក្រៅពីនេះ វៀតណាមក៏យកចិត្ដទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញដោះស្រាយរាល់បញ្ហានៅតំបន់ផ្សេងទៀត ដូចជាអាហ្វ្រិក និងមជ្ឈិមបូព៌ាជាដើម។

វៀតណាមក្លាយជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគឺជាគោលដៅនិងជាឱកាសពិសេសមួយដែលប្រទេសជាសមាជិកភាគច្រើននៃអង្គការសហប្រជាជាតិកោតសរសើរយ៉ាងខ្លាំង។ អាស្រ័យហេតុនេះ ប្រតិបត្ដិការរបស់​វៀត​ណាម​ក្នុងយន្តការសហប្រតិបត្តិការពហុភាគីដ៏សំខាន់នេះរួមចំណែកដល់ការលើកកំពស់តួនាទីនិងកិត្យានុភាពរបស់វៀតណាម បង្កើន​ទំនាក់ទំនងរវាងវៀតណាមនិងបណ្តាប្រទេសក្នុងពិភពលោក។ នេះក៏ជាសក្ខិភាពជាក់ស្តែងមួយដែលបង្ហាញពីការចូលរួមយ៉ាងសកម្ម និងជឿជាក់លើការធ្វើសមាហរណកម្មអន្តរជាតិរបស់វៀតណាម។ អគ្គលេខាធិការអង្គការសហប្រជាជាតិ និងថ្នាក់ដឹកនាំនៃបណ្តាប្រទេស ជាពិសេសបណ្ដាប្រទេសធំៗ ជាដៃគូសំខាន់ក្នុងតំបន់បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់វៀតណាមនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ វៀតណាមមានឱកាសចូលរួមយ៉ាងសកម្មថែមទៀតក្នុងការរក្សាសន្តិភាព និងសន្តិសុខនៅលើពិភពលោក តាមរយៈនោះធានាសន្ដិសុខរបស់ប្រទេសនិងបង្កលក្ខណៈងាយស្រួលសម្រាប់ការការពារនិងអភិវឌ្ឍន៍ប្រទេសជាតិ៕

បកប្រែដោយ Pham Diep