leftcenterrightdel
តំណាងទាំងឡាយទៅទស្សនាពិព័រណ៌

ពិព័រណ៌បានតាំងបង្ហាញឯកសារ រូបថត និងវត្ថុតាងមានអត្ថន័យជាប្រវត្តិសាស្រ្តក្រោមប្រធានបទដូចជា៖ ដំណើរការបង្កើត កសាង ប្រយុទ្ធនិងអភិវឌ្ឍន៍របស់កងទ័ពប្រជាជនវៀតណាមនិយាយរួម និងកងកម្លាំងប្រដាប់អាវុធយោធភូមិភាគទី៥ និយាយដោយឡែក; កងកម្លាំងប្រដាប់អាវុធយោធភូមិភាគទី៥ ប្រយុទ្ធការពារព្រំដែនភាគនិរតីវៀតណាម និងបំពេញភារកិច្ចអន្តរជាតិ ជួយប្រជាជនរួចផុតពីរបបប្រល័យពូជសាសន៍; ពង្រីកចំណងសាមគ្គីភាពជិតស្និទ្ធរវាងកងកម្លាំងប្រដាប់អាវុធយោធភូមិភាគទី៥ នៃកងទ័ពប្រជាជនវៀតណាម និងយោធភូមិភាគទី១ នៃកងយោធពលខេមរភូមិន្ទ។ ពិព័រណ៌នឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩។

ពីថ្ងៃទី២ ដល់ថ្ងៃទី២៤ ខែមករា សាលានាយទាហានផ្នែកនយោបាយវៀតណាមបានរៀបចំពិធីតាំងពិព័រណ៌សៀវភៅ និងឯកសារសម្រាប់រំលឹកខួបលើកទី៤០ ទិវាជ័យជំនះសង្គ្រាមការពារព្រំដែនភាគនិរតីវៀតណាម រួមជាមួយកងទ័ព និងប្រជាជនកម្ពុជាផ្តួលរំលំរបបប្រល័យពូជសាសន៍ និងលើកទី៤៣ ថ្ងៃបង្កើតសាលា។ ពិព័រណ៌បានបើកឲ្យមានការចូលរួមយ៉ាងទូលំទូលាយពីសំណាក់កម្មាភិបាល គ្រូបង្រៀន សិក្ខាកាម បុគ្គលិក និងយុទ្ធជននៃសាលាដែលមានបំណងស្វែងយល់ លើកខ្ពស់ការយល់ដឹង សេចក្តីស្នេហារជាតិ និងមោទនភាពអំពីប្រពៃណីនៃប្រទេសជាតិ និងសាលា។

នាថ្ងៃទី៤ ខែមករា នៅខេត្តសៀមរាប ក្រុមបេសកកម្មនៃបញ្ជាការដ្ឋានយោធាខេត្ត Tay Ninh វៀតណាមបានសហការជាមួយតំបន់ប្រតិបត្តិការសឹករងនៃខេត្តសៀមរាប ខេត្តឧត្តរមានជ័យ ខេត្តស្វាយរៀង និងខេត្តព្រៃវែង រៀបចំជំនួបសំណេះសំណាលក្នុងឱកាសរំលឹកខួបលើកទី៤០ ទិវាជ័យជំនះសង្គ្រាមការពារព្រំដែនភាគនិរតីវៀតណាម រួមជាមួយកងទ័ពនិងប្រជាជនកម្ពុជាផ្តួលរំលំរបបប្រល័យពូជសាសន៍ (៧ មករា ១៩៧៩ ដល់៧ មករា ២០១៩)។ ក្នុងជំនួប អ្នកចូលរួមទាំងឡាយបានរំលឹកឡើងវិញពីស្មារតីយុទ្ធសាមគ្គីភាពដ៏ក្លាហានរបស់កងទ័ពស្ម័គ្រចិត្តវៀតតណាមនិយាយរួម និងកងកម្លាំងប្រដាប់អាវុធខេត្ត Tay Ninh និយាយដោយឡែក ក្នុងការរួមជាមួយរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជារំដោះប្រជាជនកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ និងកសាងប្រទេសកម្ពុជាប្រកបដោយវិបុលភាព។ ប៉ុន្មានឆ្នាំថ្មីៗនេះ បញ្ជាការដ្ឋានយោធាខេត្ត Tay Ninh និងតំបន់ប្រតិបត្តិការសឹករងនៃខេត្តសៀមរាប ខេត្តឧត្តរមានជ័យ ខេត្តស្វាយរៀង និងខេត្តព្រៃវែងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការក្នុងសកម្មភាពជាក់ស្ដែងជាច្រើន បន្តជួយគ្នាទៅវិញទៅមកក្នុងការកសាងអង្គភាពរឹងមាំលើគ្រប់វិស័យ ពង្រីកប្រពៃណីសាមគ្គីភាពរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ កសាងព្រំដែនសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។ ក្នុងឱកាសនេះដែរ ក្រុមបេសកកម្មនៃបញ្ជាការដ្ឋានយោធាខេត្ត Tay Ninh ក៏បានពិនិត្យជម្ងឺ ចែកថ្នាំឥតគិតថ្លៃឲ្យកម្មាភិបាល ទាហាន និងប្រជាជនកម្ពុជា និងរៀបចំពិធីបូកសរុបជាបឋមកិច្ចសហប្រតិបត្តិការឆ្នាំ២០១៨ រវាងខេត្ត Tay Ninh ជាមួយតំបន់ប្រតិបត្តិការសឹករងនៃខេត្តទាំងបួននេះ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការឆ្នាំ២០១៩ ផងដែរ។

នាថ្ងៃទី៤ ខែមករា នាយកដ្ឋាននយោបាយយោធភូមិភាគទី៩ កងទ័ពប្រជាជនវៀតណាម បានបើកពិព័រណ៌ក្រោមប្រធានបទ “ជ័យជំនះសង្គ្រាមការពារព្រំដែនភាគនិរតីវៀតណាម និងរបបប្រល័យពូជសាសន៍”។ ពិព័រណ៌បានតាំងបង្ហាញរូបថត ឯកសារ វត្ថុតាងជាង៣០០ ក្រោមប្រធានបទចំនួន៥៖ ចំណងយុទ្ធសាមគ្គីភាពវៀតណាម - កម្ពុជាក្នុងសង្រ្គាមរំដោះប្រទេសជាតិ; ប៉ុល ពត អៀង សារី ឈ្លានពានអធិបតេយ្យភាពរបស់វៀតណាម; កងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី៩ ការពារព្រំដែន; បំពេញភារកិច្ចអន្តរជាតិ រួមជាមួយប្រជាជនកម្ពុជាផ្តួលរំលំរបបប្រល័យពូជសាសន៍; ចំណងសាមគ្គីភាព និងមិត្តភាពវៀតណាម - កម្ពុជាក្នុងសម័យថ្មី។ ពិព័រណ៌នឹងបើកដល់ចុងខែមករា ឆ្នាំ២០១៩ នៅសារមន្ទីរនៃយោធភូមិភាគទី៩៕

បកប្រែដោយ Thanh Cong