បង្ហាញមុខបណ្តាញសកលសម្រាប់ការបង្រៀនភាសា និងវប្បធម៌វៀតណាម
កប.អនឡាញ - នាថ្ងៃទី ២៩ ខែកញ្ញា នៅទីក្រុង Fukuoka (ជប៉ុន) ពិធីបង្ហាញមុខបណ្តាញសកលសម្រាប់ការបង្រៀនភាសា និងវប្បធម៌វៀតណាម និងការណែនាំសៀវភៅ “រៀនភាសាវៀតណាមដោយរីករាយ” បានប្រព្រឹត្តទៅដោយមានការចូលរួមពីថ្នាក់ដឹកនាំស្ថាប័នក្នុងប្រទេស ស្ថាប័នតំណាងវៀតណាមនៅប្រទេសជាច្រើន អ្នកប្រាជ្ញ និងសហគមន៍ជនវៀតណាមនៅបរទេសយ៉ាងច្រើនកុះករ។
ក្នុងបរិបទដែលមានប្រជាជនវៀតណាមជាង ៦ លាននាក់រស់នៅក្នុងប្រទេស និងដែនដីជាង ១៣០ នៅលើជុំវិញពិភពលោក ការរក្សាភាសាវៀតណាមកាន់តែមានភាពចាំបាច់។ ដូច្នេះ ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Fukuoka បានមានផ្តួចផ្តើមគំនិតបង្កើតបណ្តាញសកលសម្រាប់ការបង្រៀនភាសា និងវប្បធម៌វៀតណាម ដោយមានបំណងចង់បង្កើត “ផ្ទះរួម” សម្រាប់គ្រូបង្រៀន សិស្សានុសិស្ស មាតាបិតា និងអ្នកដែលមានចំណាប់អារម្មណ៍ក្នុងការបង្រៀន និងរៀនភាសាវៀតណាមជុំវិញពិភពលោក។
    |
 |
ការប្រគល់សៀវភៅភាសាវៀតណាម “រៀនភាសាវៀតណាមដោយរីករាយ” |
ក្នុងពិធី លោកស្រី Vu Chi Mai អគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Fukuoka បានអះអាងថា គំនិតផ្តួចផ្តើមបង្កើតបណ្ដាញកើតចេញពីបំណងចង់បង្កើតផ្ទះរួម ដែលជាកន្លែងសម្រាប់គ្រូបង្រៀន និងសហគមន៍នៅគ្រប់ទីកន្លែងអាចចែករំលែក ជួយគាំទ្រ និងរួមគ្នារក្សាភាសាវៀតណាម។ លោកស្រី Vu Chi Mai បានសង្កត់ធ្ងន់ថា ស្ថានអគ្គកុងស៊ុលនឹងបន្តធ្វើជាស្ពានមួយ និងរួមដំណើរក្នុងការតភ្ជាប់ស្ថាប័នមានសមត្ថកិច្ចជាមួយសហគមន៍ នានាដើម្បីជម្រុញការបណ្តុះបណ្តាលជូនគ្រូបង្រៀន ការអនុវត្តបច្ចេកវិទ្យាឌីជីថលក្នុងការបង្រៀន។
ចំណុចសំខាន់មួយនៃព្រឹត្តិការណ៍គឺការបង្ហាញមុខសៀវភៅ “រៀនភាសាវៀតណាមដោយរីករាយ” របស់លោកសាស្រ្តាចារ្យ បណ្ឌិត Nguyen Minh Thuyet និងក្រុមអ្នកនិពន្ធ។ សៀវភៅត្រូវបានវាយតម្លៃថាជាឧបករណ៍សិក្សាដ៏មានតម្លៃ ជួយធ្វើឲ្យការរៀនភាសាវៀតណាមកាន់តែទាក់ទាញ និងរស់រវើកសម្រាប់កុមារវៀតណាមនៅឯបរទេស។
ក្នុងក្របខ័ណ្ឌនៃពិធី បណ្តាញសកលសម្រាប់ការបង្រៀនភាសា និងវប្បធម៌វៀតណាមបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយវិទ្យាស្ថានបច្ចេកវិទ្យាប្រៃសណីយ៍ និងទូរគមនាគមន៍ (PTIT) ស្ដីពីកិច្ចសហប្រតិបត្តិការស្រាវជ្រាវ បណ្តុះបណ្តាលសម្រាប់គ្រូបង្រៀន និងការផ្ទេរបច្ចេកវិទ្យាបង្រៀន និងរៀនតាមអ៊ីនធឺណិត៕
បកប្រែដោយ Thuy Anh