Van Quan ជាស្រុកភ្នំមួយនៃខេត្ត Lang Son ហើយជីវភាពរស់នៅរបស់ប្រជាជននៅជួបការលំបាកយ៉ាងខ្លាំង ជាពិសេសនៅតំបន់ជនជាតិភាគតិច។  ជារៀងរាល់ថ្ងៃ សិស្សានុសិស្សជាច្រើនត្រូវឆ្លងកាត់ទន្លេ អូរ ផ្លូវលំដើម្បីទៅរៀន។ ក្នុងបំណងចូលរួមចំណែកជួយនិងបង្កើតលក្ខខណ្ឌអំណោយផលដល់សិស្សានុសិស្ស បន្តការសិក្សានៅកម្រិតខ្ពស់ជាងនេះទៅទៀត មុនសម័យប្រឡងជម្រើសសិស្សចូលរៀនថ្នាក់ទី១០ មន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្ត Lang Son ដឹកនាំសាលារៀនឱ្យជួយឧបត្ថម្ភយ៉ាងសកម្ម និងរៀបចំកន្លែងស្នាក់នៅសម្រាប់សិស្សានុសិស្សក្នុងអំឡុងពេលប្រឡង។

ក្នុងនាមជាសិស្សម្នាក់ក្នុងចំណោមសិស្សពីរនាក់នៅអនុវិទ្យាល័យអន្តេវាសិកដ្ឋានជនជាតិ Tri Le (ឃុំ Tri Le) បានចុះឈ្មោះប្រឡងចូលរៀនថ្នាក់ទី ១០ វិទ្យាល័យអន្តេវាសិកដ្ឋានជនជាតិស្រុក Van Quan ប្អូន Truong Quoc Tuan ជនជាតិ Nung នៅឃុំ Tri Le ជួបការលំបាកយ៉ាងខ្លាំង។ ឪពុករបស់ Tuan ធ្វើការនៅឆ្ងាយពីផ្ទះ ម្តាយរបស់គាត់មិនចេះអក្សរ ហើយរស់នៅក្នុងភូមិដ៏ជ្រៅ ក្តីស្រមៃដ៏ធំបំផុតរបស់ Tuan គឺប្រឡងជាប់ចូលសាលាអន្តេវាសិកដ្ឋានរបស់ស្រុក។ ប្អូន Truong Quoc Tuan បានចែករំលែកថា “គ្រួសាររបស់ខ្ញុំជាគ្រួសារក្រីក្រមួយនៅក្នុងមូលដ្ឋាន ដូច្នេះតាំងពីថ្នាក់ទី ៨ មក ខ្ញុំបានតាំងចិត្តប្រឡងចូលរៀននៅសាលាអន្តេវាសិកដ្ឋាន ដើម្បីជៀសវាងការលំបាកក្នុងការធ្វើដំណើរ និងកាត់បន្ថយការចំណាយថវិកាសម្រាប់ឪពុកម្តាយរបស់ខ្ញុំ។ ក្នុងអំឡុងប៉ុន្មានថ្ងៃប្រឡងកន្លងមក ខ្ញុំមានសំណាងណាស់ដែលទទួលបានការថែទាំ និងការជួយឧបត្ថម្ភនៅពេលលោកគ្រូ អ្នកគ្រូមកផ្ទះខ្ញុំ ដើម្បីទទួលខ្ញុំ ហើយនាំខ្ញុំទៅកន្លែងប្រឡង អាស្រ័យហេតុនេះខ្ញុំធ្វើបានល្អណាស់”។

leftcenterrightdel
អ្នកគ្រូ Hoang Thi Thu Huong គ្រូបង្រៀននៅសាលាវិទ្យាល័យអន្តេវាសិកដ្ឋានជនជាតិ Hoa Binh ទទួលបន្ទុកអាហារពេលព្រឹកដល់សិស្សានុសិស្ស

គ្រួសាររបស់ប្អូន Duong Thi Thuy Trang ជាសិស្សនៅវិទ្យាល័យអន្តេវាសិកដ្ឋានជនជាតិ Hoa Binh (ឃុំ Hoa Binh) ក៏ជួបការលំបាកយ៉ាងខ្លាំងដែរ។ ស្តីអំពីជំនួយរបស់លោកគ្រូ អ្នកគ្រូ Thuy Trang បានរៀបរាប់ថា៖ “មុនពេលបញ្ចប់ឆ្នាំសិក្សា លោកគ្រូអ្នកគ្រូចង់ជួយពួកយើងក្នុងការស្នាក់នៅក្នុងថ្ងៃប្រឡងចូលថ្នាក់ទី១០។ ហើយនៅថ្ងៃប្រឡងខិតជិតមកដល់លោកគ្រូ អ្នកគ្រូបានមកផ្ទះពួកយើងដើម្បីដឹកពួកយើងទៅកន្លែងប្រឡង។ នោះគឺជាការយកចិត្តទុកដាក់ និងក្តីស្រលាញ់របស់លោកគ្រូអ្នកគ្រូ ដែលលទ្ធផលរបស់ពួកយើងក្នុងការប្រឡងនេះគឺជំនួសឲ្យពាក្យពេចន៍ដឹងគុណ”។

រីឯប្អូន Luan Thi Ngoc Linh ជាសិស្សនៅសាលាវិទ្យាល័យអន្តេវាសិកដ្ឋានជនជាតិ Lien Hoi (ឃុំ Lien Hoi) ត្រូវបានលោកគ្រូ Trieu Quoc Hung នាយកសាលា នាំមកផ្ទះគ្រូដើម្បីស្នាក់នៅ។ លោកគ្រូ Hung បានចែករំលែកថា៖ “ដោយយល់ដឹងពីស្ថានភាពដ៏លំបាករបស់សិស្សជាច្រើនដែលត្រូវឆ្លងកាត់អូរ ផ្លូវលំ និងផ្លូវដ៏ចោតៗ ដើម្បីទៅសាលារៀន។ ដូច្នេះអស់រយៈពេលជាច្រើនឆ្នាំកន្លងមក សាលានិងលោកគ្រូអ្នកគ្រូបានជួយសិស្សយ៉ាងសកម្មក្នុងការប្រឡងចូលថ្នាក់ទី១០។ នេះបានក្លាយជាសកម្មភាពជាប្រចាំរបស់សាលា។ ទន្ទឹមនឹងនោះ ក្នុងអំឡុងពេលដំណើរការបង្រៀន លោកគ្រូអ្នកគ្រូក៏បានលើកទឹកចិត្ត និងតម្រង់ទិសសិស្សឱ្យខិតខំបន្តការសិក្សា និងចុះឈ្មោះចូលរៀននៅសាលាអន្តេវាសិកដ្ឋានដើម្បីឱ្យមានអនាគតភ្លឺស្វាង។ ឪពុកម្តាយភាគច្រើនសប្បាយចិត្តណាស់នៅពេលដែលកូនៗរបស់ពួកគេត្រូវបានគ្រូបង្រៀនមកទទួល និងថែទាំកន្លែងហូបចុក និងស្នាក់នៅ”។

ដោយវាយតម្លៃអំពីសកម្មភាពជួយសិស្សានុសិស្សករបស់លោកគ្រូ អ្នកគ្រូ លោក  Ngo Van Hien ប្រធានការិយាល័យអប់រំ និងបណ្តុះបណ្តាលស្រុក Van Quan បានមានប្រសាសន៍ថា៖ “មកទល់បច្ចុប្បន្ននេះ ការថែទាំសិស្សានុសិស្សដែលជួបការលំបាកក្នុងការប្រឡងជម្រើសសិស្សចូលថ្នាក់ទី១០ ពិតជារីកសាយភាយ និងក្លាយជាចលនានៅក្នុងអនុវិទ្យាល័យទាំងអស់នៅក្នុងស្រុក Van Quan។ ការជួយឧបត្ថម្ភរបស់គ្រូបង្រៀនចេញពីការស្រលាញ់ និងការចែករំលែកជាមួយសិស្សក្រីក្រ ដើម្បីឱ្យពួកគេមានកម្លាំងចិត្តក្នុងការជម្នះការលំបាក និងបន្តដំណើរស្វែងរកអក្ខរកម្ម”៕

បកប្រែដោយ Huyen Trang