ស្ថិតនៅក្នុងតំបន់ភ្នំ សាលាបឋមសិក្សា Cao Tan នៅតែជួបការលំបាកខ្លាំងដែលទាក់ទងនឹងសម្ភារៈបរិក្ខារសម្រាប់សកម្មភាពបង្រៀន និងការសិក្សា ជាពិសេសសម្ភារៈបរិក្ខារសម្រាប់បំពេញតម្រូវការអានរបស់សិស្សានុសិស្ស។ នៅពេលដែលមិនមានលទ្ធភាពរៀបចំការអានសៀវភៅ និងអានកាសែតអេឡិចត្រូនិក សាលាបានសាងសង់បណ្ណាល័យបៃតង ដើម្បីបង្កើតលំហរបើកឲ្យសិស្សានុសិស្សអានសៀវភៅ និងកាសែត។

បណ្ណាល័យត្រូវបានសាងសង់នៅខាងក្រៅ ហើយសៀវភៅត្រូវបានប្រមូលពីប្រភពជាច្រើន។ មកទល់បច្ចុប្បន្ននេះ បណ្ណាល័យមានសៀវភៅរាប់ពាន់ក្បាល ដែលបំពេញតម្រូវការអាន និងការស្វែងយល់របស់សិស្សានុសិស្ស។

leftcenterrightdel
សិស្សានុសិស្សនៃសាលាបឋមសិក្សា Cao Tan ទៅបណ្ណាល័យបៃតងដើម្បីអានសៀវភៅដោយសប្បាយរីករាយ

បណ្ណាល័យបៃតងត្រូវបានសាងសង់ឡើងស្របនឹងទេសភាពធម្មជាតិ។ បណ្ណាល័យមានដំបូល កៅអីថ្ម លំហរអាកាសពណ៌បៃតង ដើម្បីបង្កើតអារម្មណ៍រីករាយ សម្រាប់សិស្សានុសិស្សក្នុងការអាន និងកម្សាន្ត។

អ្នកស្រី Pham Thi Hien បុគ្គលិកនៃបណ្ណាល័យសាលាបឋមសិក្សា Cao Tan បានឲ្យដឹងថា៖ “សៀវភៅនៅទីនេះត្រូវបានរៀបចំតាមថ្នាក់ និងមុខវិជ្ជាសម្រាប់សិស្សជ្រើសរើស។ នៅពេលសិស្សមកបណ្ណាល័យ យើងនឹងជួយជ្រើសរើសសៀវភៅដើម្បីបំពេញតម្រូវការ និងចំណូលចិត្តរបស់ប្អូនម្នាក់ៗ”។

ដើម្បីពង្រីកចលនាអំណាន សាលាបានរៀបចំការណែនាំ និងដាក់តាំងសៀវភៅជាប្រចាំ ដើម្បីទាក់ទាញសិស្សានុសិស្សឱ្យចូលរួម។ លើសពីនេះ បណ្ណាល័យក៏សហការជាមួយគ្រូបង្រៀន ណែនាំសៀវភៅយោង សៀវភៅកម្រិតខ្ពស់នៃមុខវិជ្ជានីមួយៗ និងរៀបចំការសិក្សាក្រៅម៉ោងសម្រាប់សិស្សអាន។ បណ្ណាល័យមិនត្រឹមតែបម្រើក្នុងអំឡុងពេលថ្ងៃសិក្សាធម្មតាប៉ុណ្ណោះទេ ថែមទាំងបំពេញតម្រូវការអានរបស់សិស្សានុសិស្សជាង ១០០ នាក់នៅសាលាទៀតផង។

យោងតាមលោកគ្រូ Ma Van An នាយកសាលាបឋមសិក្សា Cao Tan បានឲ្យដឹងថា អាស្រ័យដោយមានការរៀបចំយ៉ាងហ្មត់ចត់ បណ្ណាល័យបៃតងបានទាក់ទាញសិស្សានុសិស្សយ៉ាងច្រើនមកខ្ចីសៀវភៅ និងកាសែត។ អាស្រ័យហេតុនេះ ពួកគេមានចំណេះដឹងដ៏មានប្រយោជន៍បន្ថែមទៀត ដើម្បីយកទៅអនុវត្តក្នុងដំណើរការសិក្សា ក៏ដូចជាក្នុងជីវភាពប្រចាំថ្ងៃ។

គំរូបណ្ណាល័យបៃតងបានជំរុញឱ្យមានការស្រឡាញ់អានសៀវភៅ និងកាសែត រួមចំណែកធ្វើឱ្យប្រសើរឡើងនូវជីវភាពវប្បធម៌ និងស្មារតីរបស់សិស្សានុសិស្សនៅតំបន់ភ្នំ៕

បកប្រែដោយ Huyen Trang