ស្ថាបត្យកម្មលំនៅឋានបែបប្រពៃណីរសស់បាត់ទៅជាបណ្តើរៗ

ពីមុន នៅតាមជ្រលងភ្នំ A Roang ឃុំ A Roang ស្រុក A Luoi (ខេត្ត Thua Thien Hue ភាគកណ្តាលប្រទេសវៀតណាម) មានផ្ទះឈើបែបបុរាណជាច្រើនដែលបង្ហាញពីអត្តសញ្ញាណវប្បធម៌របស់ជនជាតិ Ta Oi។ ទោះជាយ៉ាងណាក៏ដោយឥឡូវនេះវាពិបាកក្នុងការស្វែងរកឃើញផ្ទះបុរាណបែបនេះណាស់ដោយសារតែ ផ្ទះឈើប្រពៃណីបានរលស់បាត់បន្តិចម្តងៗហើយ។ ដើម្បីរកឃើញបានផ្ទះឈើជនជាតិដែលនៅសល់នៅក្នុងតំបន់នេះ យើងខ្ញុំត្រូវតែពឹងលើអ្នកស្រុកជួយទើបឃើញ។

leftcenterrightdel
ស្ថាបត្យកម្មផ្ទះរបស់ជនជាតិ Dao នៅភូមិ Nam Dam ឃុំ Quan Ba ​​ស្រុក Quan Ba ​​(Ha Giang)

មកលេងផ្ទះសំណាក់ (homestay) Huong Danh របស់គ្រួសារលោក Vien Dang Phu នៅឃុំ A Roang យើងខ្ញុំបានគយគន់ឃើញផ្ទះឈើដ៏កម្រមួយនេះដែលត្រូវបានសាងសង់តាមរចនាបថរបស់ជនជាតិ Ta Oi។ វាជាផ្ទះដែលដំបូលត្រូវបានប្រក់ឈើមានរាងមូល ផ្ទះត្រូវបានសាងសង់ខ្ពស់ផុតពីដីជាមធ្យមប្រហែល ០.៨-១ម៉ែត្រ មានជណ្តើរពីរនៅកៀនពីរ ជណ្តើរធំនៅជិតកន្លែងសម្រាប់ទទួលភ្ញៀវ និងកន្លែងរស់ជុំគ្នានៅខាងស្តាំផ្ទះ។ ជណ្តើរជំនួយនៅខាងឆ្វេងដៃជិតចង្ក្រានភ្លើង...។

នៅខេត្ត Dien Bien នាពេលនេះ គ្រួសារជនជាតិភាគតិចថៃភាគច្រើននៅតែសង់ផ្ទះតាមបែបប្រពៃណីប៉ុន្តែបែរទៅប្រើប្រាស់សម្ភារៈជាបេតុងឆ្អឹងដែកទៅវិញ។ កាលពីមុន ដើម្បីសង់ផ្ទះមួយខ្នង ប្រជាពលរដ្ឋតែងតែប្រមូលឈើល្អៗ ហើយត្រាំក្នុងទឹកក្នុងរយៈពេល ២-៣ឆ្នាំ ដើម្បីកុំឱ្យដង្កូវស៊ី។ ជាពិសេសនៅពេលសាងសង់ មិនចាំបាច់ប្រើដែកគោល និងដែកទេ ផ្ទុយទៅវិញ ប្រជាជនប្រើប្រព័ន្ធសរសៃចងធ្វើពីផ្តៅ។ ហើយដំបូលប្រក់ដោយស្បូវ។ ទោះជាយ៉ាងនេះក្តី នាពេលបច្ចុប្បន្ន ផ្ទះឈើបូរាណរបស់ជនជាតិភាគតិចថៃកំពុងមានការផ្លាស់ប្តូរ ដើម្បីសម្របខ្លួនទៅនឹងបរិយាកាស និងជីវភាពរស់នៅ។ ដោយសារប្រភពឈើកាន់តែខ្វះខាត ផ្ទះឈើរបស់ជនរួមជាតិថៃត្រូវបានជំនួសសសរឈើដោយសសរបេតុង ដំបូលប្រក់ស្បូវត្រូវបានជំនួសដោយដំបូលប្រក់ក្បឿងជាដើម។

ក្នុងនាមជាអ្នកស្រាវជ្រាវដែលមានចំណេះដឹងអំពីវប្បធម៌ជនជាតិថៃ សិប្បករ Tong Van Han មកពីភូមិ Lieng ឃុំ Noong Luong ស្រុក Dien Bien (ខេត្ដ Dien Bien) បានមានប្រសាសន៍ថា៖ “នៅតំបន់ទីប្រជុំជន តំបន់កណ្តាលក្នុងខេត្ត Dien Bien សព្វថ្ងៃនេះ មានគ្រួសារជាច្រើនដោយសារខ្វះដី មិនអាចសង់ផ្ទះបែបបុរាណបាន ដូច្នេះគេសង់ផ្ទះល្វែងតាមបែបទំនើបបច្ចុប្បន្ន។ រីឯផ្ទះបុរាណខ្លះត្រូវបានសាងសង់តាមបែបទំនើបដែលបានផ្លាស់ប្តូររចនាសម្ព័នខាងក្នុងផ្ទះដូចជា ផ្ទះបាយ កន្លែងរស់នៅ កាត់បន្ថយជណ្តើរចេញ ហើយចំនួនបន្ទប់ក៏ជាលេខសេសដែរ។

ការអភិរក្សនិងការអភិវឌ្ឍ

ទន្ទឹមនឹងការអភិវឌ្ឍសង្គម ស្ថាបត្យកម្មលំនៅដ្ឋានមិនមែនជាកេរ្ដិ៍ដំណែលដែលមិនមានការកែប្រែទេ ប៉ុន្តែវាតែងតែមានការផ្លាស់ប្តូរ និងសម្របខ្លួនទៅនឹងការផ្លាស់ប្តូរនៃបរិយាកាសរស់នៅ ដូច្នេះហើយចាំបាច់ត្រូវស្វែងរកដំណោះស្រាយសមស្របមួយសម្រាប់រួមចំណែករក្សាអត្តសញ្ញាណវប្បធម៌ ទន្ទឹមនឹងនោះ មានលក្ខណៈសមស្របនិងជីវិតសម័យទំនើប។ តាមពិតទៅ ជម្រើសនៃរបៀបសាងសង់ផ្ទះអាស្រ័យទៅលើកត្តាជាច្រើន រួមទាំងស្ថានភាពជាក់លាក់ និងលក្ខខណ្ឌរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។ តាមប្រពៃណីជនជាតិភាគតិចដែលរស់នៅក្នុងផ្ទះឈើ គឺជារឿងធម្មតាពេញនិយម។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅកន្លែងជាច្រើន សហគមន៍ជនរួមជាតិភាគតិចមានទំនោរផ្លាស់ប្តូរពីផ្ទះខ្ពស់ផុតពីដីទៅផ្ទះជាន់ផ្ទាល់ដី ហើយ​សាងសង់ដោយសម្ភារៈថ្មីទៅវិញ។

និយាយជាមួយយើងខ្ញុំ លោកសាស្ត្រាចារ្យបណ្ឌិត Lam Ba Nam ប្រធានសមាគមជនជាតិសាស្រ្ត និងមនុស្សសាស្រ្តវៀត​ណាមបានមានប្រសាសន៍ថា៖ “ដើម្បីថែរក្សាផ្ទះប្រពៃណី អ្វីដែលសំខាន់បំផុតគឺមកពីជនជាតិភាគតិចខ្លួនឯងតែម្តង។ ដើម្បីអភិរក្សចាំបាច់ត្រូវកៀងគរផ្សព្វផ្សាយឲ្យប្រជាជនយល់អំពីអត្តសញ្ញាណវប្បធម៌តាមរយៈផ្ទះប្រពៃណីរបស់ជាតិសាសន៍ខ្លួន។ ការអភិរក្សក៏ត្រូវតែផ្សារភ្ជាប់ជាមួយនឹងតម្រូវការបច្ចុប្បន្ន និងជីវិតផងដែរ នៅពេលដែលសាងសង់ ប្រជាជនអាចជំនួសដោយសម្ភារៈថ្មី ប៉ុន្តែនៅតែត្រូវរក្សាឱ្យបាននូវព្រលឹងវប្បធម៌នៅខាងក្នុងផ្ទះ។ លើសពីនេះ ពេលថែរក្សាផ្ទះប្រពៃណីរបស់ជនជាតិភាគតិចឱ្យនៅដដែល ត្រូវសាងសង់នៅតំបន់ទេសចរណ៍ និងភូមិវប្បធម៌ ដោយហេតុនេះជួយប្រជាជនក្នុងការអភិរក្ស និងបង្កើតប្រាក់ចំណូលតាមរយៈការទាក់ទាញភ្ញៀវទេសចរណ៍”។

បកប្រែដោយ Minh Trung