អភិរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណី
កប.អនឡាញ - ដោយអនុវត្តគម្រោងលេខ៦ (អភិរក្ស និង ពង្រីកតម្លៃវប្បធម៌ប្រពៃណីដ៏ល្អរបស់ជនជាតិភាគតិចដែលផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍទេសចរណ៍) ក្រោមកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាលឆ្នាំ ២០២១-២០៣០ ដំណាក់កាលទី ១ ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ ក្នុងប៉ុន្មានឆ្នាំកន្លងមក ឃុំ Ky Thuong ទីក្រុង Ha Long (ខេត្ត Quang Ninh) បានអនុវត្តដំណោះស្រាយជាច្រើនដើម្បីលើកកម្ពស់តួនាទី និងទំនួលខុសត្រូវរបស់សហគមន៍ចំពោះការថែរក្សា និងពង្រីកអត្តសញ្ញាណវប្បធម៌ជាតិ។
ឃុំ Ky Thuong បច្ចុប្បន្នមានប្រជាជនជិត ៩០០ នាក់ ជាង ៩៨% ជាជនជាតិ Dao Thanh Phan។ ដើម្បីអនុវត្តខ្លឹមសារការងារឆ្នាំ ២០២៤ របស់ខេត្ត Quang Ninh គឺ “លើកកំពស់គុណភាពកំណើនសេដ្ឋកិច្ច; អភិវឌ្ឍន៍វប្បធម៌ និងប្រជាជនសម្បូរទៅដោយអត្តសញ្ញាណ Quang Ninh” គណៈកម្មាធិការបក្សឃុំ Ky Thuong បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការដឹកនាំការងារអភិរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ Dao Thanh Phan។ អាស្រ័យហេតុនេះ ចំណុចពិសេសមួយគឺចាប់ពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៤ តទៅ ឃុំ Ky Thuong បានអនុវត្តការដែលកម្មាភិបាលនិងមន្ត្រីរាជការឃុំ ស្លៀកពាក់សំលៀកបំពាក់ជនជាតិទៅធ្វើការនៅថ្ងៃច័ន្ទ ថ្ងៃពុធ និងថ្ងៃសុក្រជារៀងរាល់សប្តាហ៍។
|
|
រូបថតឧទាហរណ៍៖ dangcongsan.vn |
ស្លៀកពាក់សំលៀកបំពាក់ប្រពៃណី កម្មាភិបាល និងមន្ត្រីរាជការឃុំ តែងតែមានមោទនភាពចំពោះអត្តសញ្ញាណជនជាតិ និងមានបំណងចង់រួមចំណែកដល់ការអភិវឌ្ឍរបស់មូលដ្ឋានបន្ថែមទៀត។ ការស្លៀកពាក់សំលៀកបំពាក់ប្រពៃណីជនជាតិក៏ជួយឱ្យកម្មាភិបាល និងប្រជាជនកាន់តែជិតស្និទ្ធ និងបង្កើតការឯកភាពគ្នាខ្ពស់ក្នុងសកម្មភាពនានា។ លោកស្រី Ban Thi Phuong លេខាគណៈកម្មាធិការបក្សឃុំ Ky Thuong បានមានប្រសាសន៍ថា៖ “បន្ទាប់ពីអនុវត្តបទប្បញ្ញត្តិស្តីពីការស្លៀកពាក់សំលៀកបំពាក់ប្រពៃណីជនជាតិទៅធ្វើការ កម្មាភិបាល និងមន្ត្រីរាជការឃុំមានការរំភើបចិត្តជាខ្លាំង ព្រោះតាមរយៈសកម្មភាពនេះនឹងរួមចំណែកថែរក្សា និងអភិរក្សវប្បធម៌ប្រពៃណីរបស់ជនជាតិ Dao Thanh Phan”។
មិនត្រឹមតែកម្មាភិបាល និងមន្ត្រីរាជការឃុំស្លៀកពាក់សំលៀកបំពាក់ប្រពៃណីទៅធ្វើការនោះទេ បច្ចុប្បន្ននៅតាមសាលាមួយចំនួនក្នុងឃុំ Ky Thuong គ្រូបង្រៀន និងសិស្សក៏ស្លៀកពាក់សំលៀកបំពាក់ជនជាតិទៀតផង។
សាលាបឋមសិក្សា និងអនុវិទ្យាល័យ Ky Thuong មានសិស្សចំនួន ១៤៧ នាក់ ដែលក្នុងនោះ ១០០% ជាជនជាតិ Dao Thanh Phan។ ដើម្បីចូលរួមចំណែកក្នុងការអប់រំសិស្សានុសិស្សក្នុងការថែរក្សាវប្បធម៌ប្រពៃណី សាលាបានចេញបទប្បញ្ញត្តិដែលសិស្សានុសិស្សត្រូវស្លៀកពាក់សំលៀកបំពាក់ជនជាតិរៀងរាល់ថ្ងៃច័ន្ទ។ ក្រោយពីអនុវត្តបានមួយរយៈពេល មកទល់បច្ចុប្បន្ននេះ ការស្លៀកពាក់សម្លៀកបំពាក់ជនជាតិបានក្លាយជាក្តីស្រលាញ់ និងមោទនភាពរបស់សិស្សានុសិស្ស។ ប្អូន Ly Thi Dung សិស្សថ្នាក់លេខ ៧A បានចែករំលែកថា៖ “ខ្ញុំមានអារម្មណ៍សប្បាយរីករាយ និងមានមោទនភាពណាស់នៅពេលស្លៀកពាក់សំលៀកបំពាក់ប្រពៃណី ព្រោះវាជួយឱ្យយើងខ្ញុំមានការយល់ដឹងកាន់តែច្បាស់អំពីអត្តសញ្ញាណវប្បធម៌របស់ជនជាតិយើង”។
ក្រៅពីថែរក្សាសំលៀកបំពាក់ប្រពៃណី បងប្អូនជនជាតិ Dao Thanh Phan នៅឃុំ Ky Thuong ក៏ស្តារ និងអភិរក្សសៀវភៅបុរាណរបស់ជនជាតិ Dao យ៉ាងសកម្មផងដែរ។ លោក Ban Sinh Choi នៅភូមិ Khe Phuong តាំងពីអាយុ ៩ ឆ្នាំមក គាត់ដើរតាមឪពុករបស់គាត់ ដើម្បីរៀនធ្វើជាគ្រូសែន និងធ្វើពិធីដល់ប្រជាជនក្នុងភូមិ។ សៀវភៅដែលលោក Choi កំពុងរក្សាកំណត់ត្រាភាគច្រើននៃពិធីប្រពៃណី និងបទចម្រៀងប្រជាប្រិយរបស់ជនជាតិ Dao។ យោងតាមលោក Choi ការថែរក្សាសៀវភៅបុរាណ ការស្លៀកពាក់សំលៀកបំពាក់ជនជាតិ ឬស្ដារឡើងវិញនូវពិធីប្រពៃណី គឺជាវិធីអប់រំដ៏មានប្រសិទ្ធភាពដើម្បីជួយឱ្យជំនាន់ក្រោយមានការយល់ដឹងអំពីតម្លៃវប្បធម៌របស់ជនជាតិរបស់ពួកគេ៕
បកប្រែដោយ Huyen Trang