បាយដំណើបប្រាំពណ៌នៅខេត្ត Bac Kan
កប.អនឡាញ - អញ្ជើញមកដល់ខេត្ត Bac Kan ភាគខាងជើងវៀតណាម ភ្ញៀវទេសចរមិនត្រឹមតែបានទៅទស្សនាតំបន់ទេសចរណ៍ដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបានទទួលទាននូវមុខម្ហូបដ៏ល្អឯកៗជាច្រើនរបស់ជនជាតិភាគតិចនៅទីនេះ ជាពិសេស បាយដំណើបប្រាំពណ៌របស់ជនជាតិ Tay ដែលជាមុខម្ហូបមិនអាចខ្វះបានក្នុងបុណ្យចូលឆ្នាំថ្មី និងពិធីបុណ្យសំខាន់ៗនានានោះឡើយ។
បាយដំណើបប្រាំពណ៌តំណាងឲ្យភាពត្រជាក់ត្រជុំបរិបូរដ៏ស្តុកស្តម្ភនិងសុភមង្គលរបស់ប្រជាជននៅទីនេះ។ វាមិនងាយស្រួលទេក្នុងការធ្វើបាយដំណើបប្រាំពណ៌ដែលឆ្ងាញ់ និងជក់ភ្នែកនោះទេ។ ជនជាតិ Tay តែងតែជ្រើសរើសអង្ករដំណើបនៅតំបន់ភ្នំ ដែលទើបនឹងប្រមូលផលថ្មីៗ គ្រាប់ធំមូលក្រអូបដ៏ពិសេស។ ជាពិសេស ពណ៌របស់បាយដំណើបត្រូវបានធ្វើពីគ្រឿងផ្សំគឺរុក្ខជាតិធម្មជាតិ។ បាយដំណើបតែងមានប្រាំពណ៌ គឺ ស ក្រហម ស្វាយ លឿង និងខៀវ។
|
|
បាយដំណើបប្រាំពណ៌ក្នុងស្ពកម្ហូបអាហារនៃជនជាតិ Tay នៅខេត្ត Bac Kan |
ជាធម្មតា ពណ៌សគឺជាពណ៌អង្ករធម្មជាតិ ហើយពណ៌ដែលនៅសល់ត្រូវបានធ្វើពីស្លឹក និងមើមដើមឈើព្រៃ។ ពណ៌លឿងបង្ហាញពីការប្រាថ្នាចង់បានភាពសម្បូរសប្បាយជានិច្ច; ពណ៌ក្រហមតំណាងឲ្យក្តីសុបិន និងសេចក្តីប្រាថ្នានៃទឹកដី និងប្រជាជននៅទីនេះ; ពណ៌ខៀវគឺជាពណ៌នៃភ្នំ ព្រៃឈើ និងមេឃជាមួយនឹងភាពរឹងមាំវេទមន្ត; ពណ៌ស្វាយតំណាងឲ្យភាពស្មោះត្រង់ ហើយពណ៌សបង្ហាញពីសេចក្តីស្រឡាញ់ និងភាពបរិសុទ្ធ។
មិនត្រឹមតែប៉ុណ្ណោះ សម្រាប់ជនជាតិ Tay ពណ៌នៃបាយដំណើបប្រាំពណ៌ក៏តំណាងឱ្យធាតុទាំងប្រាំគឺ លោហៈ ឈើ ទឹក ភ្លើង និងផែនដី ហើយការរួមរស់ជាមួយគ្នានៃធាតុទាំងប្រាំនេះ បង្កើតឱ្យមានភាពសុខដុមរមនា និងការរីកចម្រើននៃផែនដី និងមេឃ។ ដូច្នេះហើយ ជនជាតិ Tay មានទស្សនៈទានថា ការទទួលទានបាយដំណើបប្រាំពណ៌ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និងបុណ្យទាននានា នឹងនាំមកនូវលាភសំណាង។
បាយដំណើបប្រាំពណ៌មិនត្រឹមតែជាលក្ខណៈដ៏វិសេសវិសាលនៃវប្បធម៌ម្ហូបអាហារប៉ុណ្ណោះទេ ថែមទាំងវាបង្ហាញពីជីវភាពខាងវិញ្ញាណដ៏សម្បូរបែបរបស់ជនជាតិភាគតិចនៅតំបន់ភ្នំនៃខេត្ត Bac Kan ទៀតផង៕
បកប្រែដោយ Huyen Trang