ពិព័រណ៍ទេសចរណ៍អន្តរជាតិ WTM ក្រុងឡុងដ៍ គឺជាពិព័រណ៍ពាណិជ្ជកម្មឈានមុខគេនៅក្នុងវិស័យទេសចរណ៍នៅលើពិភពលោក ដោយមានការចូលរួមពីធុរកិច្ចទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ សណ្ឋាគារ និងស្ថាប័នគ្រប់គ្រងទេសចរណ៍ជាតិរាប់ម៉ឺន។

ជាមួយនឹងឱកាស និងសក្តានុពលក្នុងការជម្រុញទំនាក់ទំនងទ្វេភាគីក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍ដ៏មានកិត្យានុភាពនេះ (ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី៩ ខែវិច្ឆិកា) វៀតណាមនឹងផ្សព្វផ្សាយផលិតផលទេសចរណ៍ពិសេស គោលនយោបាយទិដ្ឋាការបើកចំហ ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ និងភាពងាយស្រួលនៃការតភ្ជាប់ផ្លូវអាកាសចរណ៍។

leftcenterrightdel
ភ្ញៀវទេសចរអន្តរជាតិមានអារម្មណ៍រំជួលចិត្តនៅពេលទទួលបានអំណោយពីប្រជាជនវៀតណាម (រូបថតឧទាហរណ៍៖ vietnamplus.vn)

តាមនោះ ស្តង់ទេសចរណ៍វៀតណាមមានទំហំ ២០៤ ម៉ែត្រការ៉េ ដោយបង្ហាញពីគោលដៅទេសចរណ៍ និងផលិតផលទេសចរណ៍ពិសេស និងមានភាពទាក់ទាញអារម្មណ៍របស់វៀតណាមតាមរយៈសកម្មភាពដូចខាងក្រោម៖ ការផ្សព្វផ្សាយនៅស្តង់ទេសចរណ៍វៀតណាម កម្មវិធីទទួលភ្ញៀវ ជំនួបជាមួយធុរកិច្ច និងសកម្មភាពគួរឲ្យរំភើបជាច្រើនទៀត។

យោងតាមស្ថិតិនៅឆ្នាំ២០២៤ ចំនួនភ្ញៀវទេសចរអង់គ្លេសមកកាន់ប្រទេសវៀតណាមបានកើនឡើង ២០.៤%។ ជាពិសេស ក្នុងរយៈពេល ៩ ខែកន្លងមកនេះ ប្រទេសវៀតណាមទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ១៥.៤ លាននាក់ ដែលក្នុងនោះចំនួនភ្ញៀវទេសចរអង់គ្លេសកើនឡើង ២២%។ រួមជាមួយនឹងការងើបឡើងវិញ និងការរីកចម្រើននៃទីផ្សារអឺរ៉ុប ថ្នាក់ដឹកនាំផ្នែកទេសចរណ៍វៀតណាមរំពឹងថា ក្នុងក្របខ័ណ្ឌនៃ WTM ទីក្រុងឡុងដ៍ ២០២៥ វៀតណាមនឹងស្វែងរកបានឱកាសសហប្រតិបត្តិការថ្មីៗជាច្រើនជាមួយដៃគូអន្តរជាតិ ក្រុមហ៊ុនទេសចរណ៍ និងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ។

ការចូលរួមក្នុង WTM ទីក្រុងឡុងដ៍ ឆ្នាំ២០២៥ គឺជាសកម្មភាពផ្សព្វផ្សាយដ៏សំខាន់មួយនៅក្នុងយុទ្ធសាស្ត្រពង្រីកទីផ្សារអន្តរជាតិ ជម្រុញកិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍ ដែលរួមចំណែកដល់ការធ្វើពិពិធកម្មភ្ញៀវទេសចរអន្តរជាតិ និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងនៃផ្នែកទេសចរណ៍វៀតណាម៕

បកប្រែដោយ Thanh Cong