បើកយុទ្ធនាការផ្សព្វផ្សាយ "ខ្ញុំស្រឡាញ់មាតុភូមិរបស់ខ្ញុំ"
កប.អនឡាញ - នាព្រឹកថ្ងៃទី ៨ ខែសីហា នៅទីក្រុងហាណូយ មជ្ឈិមសម្ព័ន្ធយុវជនវៀតណាម បានប្រារព្ធពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយ TikTok វៀតណាមដំណាក់កាល ២០២៥ - ២០២៩ ហើយទន្ទឹមនឹងនោះ ក៏បានបើកយុទ្ធនាការផ្សព្វផ្សាយ “ខ្ញុំស្រឡាញ់មាតុភូមិរបស់ខ្ញុំ” នៅទូទាំងប្រទេស។
យុទ្ធនាការនេះនឹងដំណើរការចាប់ពីថ្ងៃទី ៤ ខែសីហា ដល់ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៥។
សម្ព័ន្ធយុវជនវៀតណាមបច្ចុប្បន្នមានសមាជិកប្រហែល ១០ លាននាក់ ដែលភាគច្រើនប្រើប្រាស់បណ្តាញសង្គម។ កិច្ចសហប្រតិបត្តិការជាមួយ TikTok ដែលជាវេទិកាដែលមានឥទ្ធិពលខ្លាំង និងមានលទ្ធភាពកំណត់និន្នាការ នឹងបើក "ក្លោងទ្វារ" ផ្សព្វផ្សាយរូបភាពយុវជនវៀតណាមក្លាហាន និងច្នៃប្រឌិត ផ្សព្វផ្សាយយ៉ាងទូលំទូលាយក្នុងប្រទេស និងក្រៅប្រទេស។
    |
 |
លោក Nguyen Tuong Lam លេខាមជ្ឈិមសម្ព័ន្ធយុវជន ប្រធានសហភាពសហព័ន្ធយុវជនវៀតណាម និងលោក Nguyen Lam Thanh តំណាង TikTok វៀតណាម ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដំណាក់កាល ២០២៥ - ២០២៩ (រូបថត៖ vnanet.vn) |
អ្នកចូលរួមគឺជាពលរដ្ឋវៀតណាមក្នុង និងក្រៅប្រទេស ហើយអាចជ្រើសរើសទម្រង់មួយក្នុងចំណោមទម្រង់ពីរ៖ វីដេអូឃ្លីប "ខ្ញុំស្រឡាញ់មាតុភូមិរបស់ខ្ញុំ" (៣០ វិនាទី ទៅ ៣ នាទី) បង្ហោះនៅលើ TikTok ផ្ទាល់ខ្លួន។ ខ្លឹមសារច្នៃប្រឌិតវិលជុំវិញ ៤ ដំណាក់កាល៖ ពណ៌ទង់ជាតិដែលខ្ញុំស្រលាញ់ (ចាប់ពីថ្ងៃទី ៤ ខែសីហា ដល់ថ្ងៃទី ១០ ខែសីហា) Flex គុណភាពវៀតណាម (ចាប់ពីថ្ងៃទី ១១ ខែសីហា ដល់ថ្ងៃទី ១៧ ខែសីហា) វៀតណាមនៅក្នុងដួងចិត្តខ្ញុំ (ចាប់ពីថ្ងៃទី ១៨ ខែសីហា ដល់ថ្ងៃទី ២៤ ខែសីហា) មោទនភាពវៀតណាម (ចាប់ពីថ្ងៃទី ២៥ ខែសីហា ដល់ថ្ងៃទី ២ ខែកញ្ញា)។ រូបថត Check-in "ខ្ញុំស្រឡាញ់មាតុភូមិរបស់ខ្ញុំ" បង្ហោះនៅលើ Facebook ផ្ទាល់ខ្លួន ឬ Instagram ជាសាធារណៈជាមួយ hashtag ផ្លូវការ បង្ហាញពីក្តីស្រឡាញ់ចំពោះមាតុភូមិ តាមរយៈរូបភាពដែលមានទង់ជាតិវៀតណាមនៅទីតាំងសំខាន់ៗ ដោយមានចំណងជើងមិនលើសពី ១០០ ពាក្យ។ នៅចុងបញ្ចប់នៃដំណាក់កាលនីមួយៗ និងយុទ្ធនាការទាំងមូល គណៈកម្មាធិការរៀបចំនឹងផ្តល់រង្វាន់ដល់ស្នាដៃដែលមានឥទ្ធិពលផ្សព្វផ្សាយខ្លាំងបំផុត៕
បកប្រែដោយ Thanh Cong