បញ្ជាក់ពីតួនាទីរបស់វៀតណាមដើម្បីផ្សព្វផ្សាយរូបភាពនៃប្រទេសជាតិនៅលើឆាកអន្តរជាតិ
កប.អនឡាញ - នាថ្ងៃទី ១០ ខែកក្កដា នៅទីក្រុងហាណូយ កាសែតព័ត៌មាននិងច្បាប់វៀតណាម ទីភ្នាក់ងារសារព័ត៌មានវៀតណាម សហការជាមួយនាយកដ្ឋានព័ត៌មានមូលដ្ឋាន និងព័ត៌មានកិច្ចការបរទេស (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម) បានរៀបចំកិច្ចពិភាក្សាមួយក្រោមប្រធានបទ “បញ្ជាក់ពីតួនាទីរបស់វៀតណាម-ផ្សព្វផ្សាយរូបភាពនៃប្រទេសជាតិក្នុងយុគសម័យថ្មី”។
មានប្រសាសន៍ក្នុងកិច្ចពិភាក្សា លោក Pham Anh Tuan ប្រធាននាយកដ្ឋានព័ត៌មានមូលដ្ឋាន និងព័ត៌មានកិច្ចការបរទេស បានឲ្យដឹងថា ការប្រកួតប្រជែងដើម្បីផ្សព្វផ្សាយរូបភាពនៃប្រទេសជាតិកាន់តែខ្លាំង ខណៈរូបភាពវៀតណាមនៅតែមិនសមស្របនឹងសមិទ្ធិផលដែលសម្រេចបាន។ ហេតុដូច្នេះហើយ រដ្ឋាភិបាលបានប្រគល់ភារកិច្ចរៀបចំផែនការយុទ្ធសាស្ត្ររយៈពេលវែង ដើម្បីបញ្ជាក់ពីតួនាទីសមស្របនៅលើពិភពលោក”។
គោលបំណងនៃយុទ្ធសាស្ត្រគឺផ្សព្វផ្សាយព័ត៌មានវិជ្ជមានអំពីប្រទេសវៀតណាមនៅក្នុង និងក្រៅប្រទេស ដើម្បីបង្កើនការទទួលស្គាល់ជាវិជ្ជមានអំពីរូបភាពនៃប្រទេសវៀតណាមមួយ “ស្ថិរភាព អភិវឌ្ឍន៍ ផ្លាស់ប្តូរថ្មី ច្នៃប្រឌិត និងពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌” តាមរយៈនោះ លើកកំពស់តួនាទីរបស់ប្រទេសលើឆាកអន្តរជាតិ។
នៅក្នុងកិច្ចពិភាក្សានេះ ប្រតិភូទាំងឡាយបានពិភាក្សា ចែករំលែកបទពិសោធន៍ និងផ្ដល់យោបល់លើខ្លឹមសារនៃយុទ្ធសាស្ត្រ។ ប្រធានបទទាំងឡាយផ្តោតលើការផ្សព្វផ្សាយរូបភាពនៃប្រទេសជាតិដល់ពិភពលោក បទពិសោធន៍អន្តរជាតិក្នុងកសាងម៉ាកយីហោជាតិ ក៏ដូចជាតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយឌីជីថល និងកម្លាំង "អ្នកនិទានរឿងឯករាជ្យ" ក្នុងយុគសម័យពហុវេទិកា (Cross Platform)៕
បកប្រែដោយ Thuy Anh