តំបន់ដីសណ្ដទន្លេ Cuu Long ទទួលភ្ញៀវទេសចរជាង ៣៥ លាននាក់ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៥
កប.អនឡាញ - នាថ្ងៃទី៩ ខែកក្កដា នៅទីក្រុង Can Tho វៀតណាម សមាគមទេសចរណ៍តំបន់ដីសណ្តទន្លេ Cuu Long បានរៀបចំជំនួបសំណេះសំណាលក្នុងឱកាសអបអរសាទរខួបលើកទី ៦៥ នៃទិវាទេសចរណ៍វៀតណាម (ថ្ងៃទី៩ ខែកក្កដា ឆ្នាំ១៩៦០ / ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥) និងជំនួបសំណេះសំណាល “គោលដៅទេសចរណ៍គំរូរបស់តំបន់ដីសណ្ដទន្លេ Cuu Long” លើកទី ៣ ឆ្នាំ២០២៥។
ព្រឹត្តិការណ៍នេះមិនត្រឹមតែជាឱកាសរំលឹកឡើងវិញនូវដំណើរការអភិវឌ្ឍនៃវិស័យទេសចរណ៍វៀតណាមប៉ុណ្ណោះទេ ថែមទាំងលើកតម្កើងបុគ្គល សមូហភាព និងគោលដៅទេសចរណ៍គំរូដែលបានរួមចំណែកយ៉ាងសកម្មក្នុងការផ្សព្វផ្សាយរូបភាព លើកកម្ពស់គុណភាព និងសមត្ថភាពប្រកួតប្រជែងនៃវិស័យទេសចរណ៍របស់តំបន់ដីសណ្ដទន្លេ Cuu Long ទៀតផង។
ក្នុងជំនួបនេះ ប្រតិភូបានទទួលស្គាល់លទ្ធផលលេចធ្លោជាច្រើនដែលផ្នែកទេសចរណ៍នៃតំបន់ដីសណ្ដទន្លេ Cuu Long សម្រេចបានក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះ។ តំបន់ទាំងមូលទទួលភ្ញៀវបានប្រហែល ៣៥.២ លាននាក់ កើនឡើង ១៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ រួមទាំងភ្ញៀវអន្តរជាតិជាង ២ លាននាក់ កើនឡើង ៥៤%។ ប្រាក់ចំណូលសរុបពីសកម្មភាពទេសចរណ៍សម្រេចបានជិត ៥៣,៨៨១ ពាន់លានដុង កើនឡើង ៥៤% បង្ហាញពីការងើបឡើងវិញ និងការអភិវឌ្ឍជាវិជ្ជមាននៃវិស័យទេសចរណ៍ក្នុងតំបន់ក្រោយជំងឺរាតត្បាត។
    |
 |
លោកស្រី Cao Thi Ngoc Lan ថ្លែងប្រសាសន៍ក្នុងជំនួប |
គួរកត់សម្គាល់ថា បណ្តាញគោលដៅទេសចរណ៍គំរូនៅតំបន់ដីសណ្ដទន្លេ Cuu Long ត្រូវបានពង្រីកជាបន្តបន្ទាប់ កើនពីគោលដៅចំនួន៩ (ដំណាក់កាល ២០០៩-២០១១) ដល់ខែមិថុនា ឆ្នាំ២០២៥ ឡើងរហូតដល់គោលដៅទេសចរណ៍ចំនួន ៦៣ តាមមូលដ្ឋានដូចខាងក្រោម៖ ខេត្ត Bac Lieu មានគោលដៅទេសចរណ៍ចំនួន៨ ខេត្ត Kien Giang មានគោលដៅចំនួន៥ ខេត្ត Can Tho មានគោលដៅចំនួន៤ ខេត្ត An Giang និងខេត្ត Vinh Long មានកោលដៅចំនួន៦។ល។
មានប្រសាសន៍ក្នុងជំនួបនេះ លោកស្រី Cao Thi Ngoc Lan អនុប្រធានអចិន្ត្រៃយ៍នៃសមាគមទេសចរណ៍វៀតណាមបានសង្កត់ធ្ងន់ថា ក្នុងគោលដៅជម្រុញឲ្យវិស័យទេសចរណ៍ក្លាយទៅជាវិស័យសេដ្ឋកិច្ចសំខាន់ បង្កើតកម្លាំងចលករសម្រាប់វិស័យផ្សេងៗ នាពេលខាងមុខ ផ្នែកទេសចរណ៍នៃតំបន់គប្បីស្រាវជ្រាវ និងជ្រើសរើសទីផ្សារសំខាន់ៗ ធ្វើពិពិធកម្មសកម្មភាពផ្សព្វផ្សាយ និងធ្វើបរិវត្តកម្មឌីជីថល។ ព្រមទាំង ផ្តោតលើការកសាងផលិតផលទេសចរណ៍ថ្មី ផ្លាស់ប្ដូរថ្មីនូវផលិតផលដែលមានស្រាប់ អភិវឌ្ឍគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព និងមានគុណភាព រួមចំណែកក្នុងការបញ្ជាក់ពីតួនាទីនៃម៉ាកសញ្ញាទេសចរណ៍នៃតំបន់ដីសណ្ដទន្លេ Cuu Long៕
បកប្រែដោយ Thanh Cong