អង្គភាពអាជីវកម្មវៀតណាមចាប់យកនិន្នាការនៃការធ្វើដំណើរទេសចរណ៍តាមនាវា
កប.អនឡាញ - ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក តម្រូវការសម្រាប់ការឆ្លងកាត់បទពិសោធន៍នៅសមុទ្រ និងនៅតាមដងទន្លេនៃភ្ញៀវទេសចរបានកើនឡើង។ ដូច្នេះការសាងសង់នាវាទេសចរណ៍បានក្លាយជាទីផ្សារដ៏មានសក្តានុពលសម្រាប់អង្គភាពអាជីវកម្មវៀតណាម។ នៅការតាំងពិព័រណ៍អន្តរជាតិស្តីពីបច្ចេកវិទ្យាសាងសង់នាវា និងសំណង់នៅលំហសមុទ្រ - Vietship ២០២៥ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែមីនា នៅទីក្រុងហាណូយ យើងអាចមើលឃើញនិន្នាការនេះកាន់តែច្បាស់។
នាវា "ផលិតនៅវៀតណាម"
វៀតណាមជាប្រទេសមួយដែលមានឆ្នេរសមុទ្រប្រវែងជាង ៣,២០០ គីឡូម៉ែត្រ ប្រព័ន្ធទន្លេជាច្រើន ដូច្នេះហើយសក្ដានុពលសម្រាប់ការអភិវឌ្ឍ ទេសចរណ៍តាមផ្លូវទឹក និងសមុទ្រមានច្រើនណាស់។ ទន្ទឹមនឹងការអភិវឌ្ឍទូទៅនៃវិស័យ តម្រូវការរបស់អតិថិជនកំពុងកើនឡើង ផលិតផលទេសចរណ៍តាមផ្លូវទឹក និងផ្លូវសមុទ្រក៏មានភាពចម្រុះ និងស្មុគស្មាញកាន់តែខ្លាំងឡើង។ ប្រសិនបើកាលពីមុន នាវាទេសចរណ៍របស់វៀតណាមភាគច្រើន ធ្វើដំណើរតាមដងទន្លេ ឬខ្សែផ្លូវខ្លីៗមិនសូវមានភាពទាក់ទាញទេ ឥឡូវនេះនៅតាមតំបន់ទេសចរណ៍ជាច្រើនក្នុងប្រទេសវៀតណាមមាននាវាដ៏ស្រស់ស្អាត ទំនើប និងប្រណិត។ លោក Nguyen Tien Dat អគ្គនាយករងនៃអគ្គក្រុមហ៊ុនឧស្សាហកម្មសាងសង់នាវា (SBIC) បានឲ្យដឹងថា៖ «ស្ទើរតែគ្រប់នាវាដែលប្រើប្រាស់សម្រាប់វិស័យទេសចរណ៍ក្នុងស្រុកត្រូវបានសាងសង់នៅក្នុងប្រទេសវៀតណាម។ ប្រសិនបើកាលពីមុន យើងមានតែនាវាធ្វើពីឈើទេ ឥឡូវនេះយើងបានសាងសង់នាវាដែកសម្រាប់បម្រើទេសចរណ៍ពេលយប់នៅលើផ្លូវសមុទ្រ និងទន្លេដ៏វែង។ នាវានេះមានទំហំធំទូលាយជាងមុន បំពាក់ដោយគ្រឿងបរិក្ខារជាច្រើន ដើម្បីបំពេញតម្រូវការធ្វើដំណើរទេសចរណ៍ និងការកម្សាន្តរបស់ប្រជាជន។ ការសាងសង់នាវាទេសចរណ៍មិនត្រឹមតែទាមទារជំនាញបច្ចេកទេសប៉ុណ្ណោះទេ ថែមទាំងតម្រូវការសោភ័ណភាព និងការរចនាទៀតផង។ នាវាទេសចរណ៍ត្រូវតែបំពេញតាមចំណូលចិត្តរបស់ភ្ញៀវទេសចរ។ ដូច្នេះ ខ្ញុំគិតថា ការសាងសង់នាវាទេសចរណ៍ជាជំហានមួយដើម្បីលើកកម្ពស់គុណភាពនៃកន្លែងផលិតនាវារបស់វៀតណាម»។
    |
 |
ក្រុមហ៊ុនសាងសង់នាវា Ha Long បានសាងសង់ និងប្រគល់នាវា Emerald Azzurra (អូស្ត្រាលី) ប្រកបដោយជោគជ័យ |
ពីមុន គ្រាន់តែជាកាណូតតូច បន្ទាប់មកនាវាដឹកអ្នកដំណើរធំៗ ឥឡូវនេះនៅប្រទេសវៀតណាម ភ្ញៀវទេសចរអាចគេងមួយយប់នៅលើនាវាធំៗ បំពាក់ដូចជាផ្ទះចល័តប្រកបដោយផាសុកភាពល្អ។ ឈូងសមុទ្រ Ha Long ប្រហែលជាកន្លែងមួយដែលមាននាវាទេសចរណ៍ធំជាងគេ និងទំនើបបំផុតនៅក្នុងប្រទេសវៀតណាមមកចូលចតនាសព្វថ្ងៃនេះ។ មាននាវាគ្រប់រាង និងទំហំនៅលើឈូងសមុទ្រ។ ក្នុងចំណោមនាវាដែលធ្វើដំណើរលើឈូងសមុទ្រ Ha Long នោះ Grand Pioneers គឺជានាវាដែលមានអាជ្ញាប័ណ្ណធ្វើដំណើរវែងជាងគេ និងឆ្ងាយបំផុតដោយមានរយៈពេល ៣ ថ្ងៃ ២ យប់ យូរជាងដំណើរកម្សាន្តតាមឆ្នេរសមុទ្រធម្មតា ៤ ដង។
ឈានដល់មហាសមុទ្រ
នាវាទេសចរណ៍មានច្រើនប្រភេទ៖ នាវាទន្លេ នាវាសមុទ្រ នាវាពេលថ្ងៃ នាវាពេលយប់។ល។ នាវាកាន់តែទំនើប ស្តង់ដារកាន់តែតឹងរ៉ឹង។ ក្នុងពិព័រណ៍ Vietship ២០២៥ លោក Le Thanh Lanh អនុប្រធានផ្នែកលក់នៃក្រុមហ៊ុនសេវាកម្ម និងបច្ចេកទេស Bien Xanh បានណែនាំត្រួសអំពីទីផ្សារនោះ។ ក្រៅពីបញ្ហាសុវត្ថិភាព នាពេលបច្ចុប្បន្ននេះ ដើម្បីការពារបរិស្ថានអេកូឡូស៊ី តម្រូវការពណ៌បៃតងក៏ត្រូវបានលើកកម្ពស់កាន់តែខ្លាំងឡើងផងដែរ។
លោក Nguyen Tien Dat បានចែករំលែកថា៖ “យើងត្រូវយល់ថា ជាមួយនឹងនាវានានា គោលគំនិតនៃពណ៌បៃតងរួមមានពណ៌បៃតងក្នុងដំណើរការប្រតិបត្តិការនាវា និងពណ៌បៃតងក្នុងដំណើរការសាងសង់នាវា។ ពណ៌បៃតងនៅក្នុងការប្រតិបត្តិការនាវាមានន័យថាការសន្សំថាមពល ប្រតិបត្តិការដោយអេឡិចត្រិច សំបកប្រើថ្នាំលាបដែលមិនពុលដល់បរិស្ថានសមុទ្រ។ល។ ពណ៌បៃតងក្នុងការសាងសង់នាវាមានន័យថាសន្សំសំចៃថាមពលកំឡុងពេលដំណើរការសាងសង់នាវា កាត់បន្ថយពេលវេលា កាត់បន្ថយការចំណាយ និងសម្រួលដំណើរការដើម្បីជៀសវាងការបង្កើតកាកសំណល់”។
ទោះបីជាមានតម្រូវការតឹងរ៉ឹងកាន់តែខ្លាំងឡើងក៏ដោយ ក៏វៀតណាមបានបង្ហាញពីសមត្ថភាពរបស់ខ្លួន ខណៈដែលអង្គភាពអាជីវកម្មកាន់តែច្រើនឡើងចូលក្នុងទីផ្សារនេះ។ តាមលោក Nguyen Tien Dat វៀតណាមមានសមត្ថភាពសាងសង់នាវាដែលអាចរត់ខ្សែផ្លូវអន្តរជាតិជាច្រើនថ្ងៃនៅសមុទ្រ។ នាវាទាំងនេះមានតម្រូវការបច្ចេកទេសខ្ពស់ជាងមុន ដោយសារនាវាទាំងនេះអាចដំណើរការក្នុងស្ថានភាពមានរលកធំៗ និងខ្យល់បក់ខ្លាំង ធ្វើដំណើរឆ្ងាយបានពីច្រាំងសមុទ្រ ប្រកបដោយសុវត្ថិភាព ខ្ពស់ និងផាសុកភាពល្អជាងមុន។ ការបញ្ជាទិញទាំងក្នុង និងក្រៅប្រទេសបានចូលមកដល់ក្នុងរយៈពេល ៣ ទៅ ៤ ឆ្នាំខាងមុខ ដែលបង្ហាញថាតម្រូវការមានច្រើន ហើយគុណភាពនៃការផលិតនាវារបស់វៀតណាមបានបំពេញតាមស្តង់ដារអន្តរជាតិ។ លើសពីនេះទៅទៀត វៀតណាមក៏បានចូលរួមក្នុងការសាងសង់ "នាវាទំនើប" របស់ពិភពលោកផងដែរ។
ពីការពិតរបស់ក្រុមហ៊ុន លោកស្រី Do Yen Lan អ្នកឯកទេសផ្នែកលក់នៅក្រុមហ៊ុនសាងសង់នាវា Ha Long ដែលជាអង្គភាពសាងសង់នាវា Grand Pioneers បានឲ្យដឹងថា “មកទល់បច្ចុប្បន្ននេះ ក្រុមហ៊ុនបានសាងសង់នាវាជិតដប់គ្រឿងដូចជា Grand Pioneers រួមទាំងនាវាដែលបញ្ជាដោយអតិថិជនបរទេស។ នាវាត្រូវបានសាងសង់រួចរាល់បានចាកចេញពីវៀតណាមតាមរយៈច្រកសមុទ្រមេឌីទែរ៉ាណេ ដែលបំពេញតាមតម្រូវការនាវាចរណ៍ដ៏តឹងរឹងរបស់អតិថិជន។ បច្ចុប្បន្ន ក្រុមហ៊ុនក៏ទទួលបានការបញ្ជាទិញរហូតដល់ឆ្នាំ ២០២៨”៕
បកប្រែដោយ Huyen Trang